រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់ឥណទានជិត 64លានដុល្លារអាមេរិកសម្រាប់សាងសង់ស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីចុះហត្ថលេខាទទួល និងផ្តល់ឥណទាននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 ម្សិលមិញ រវាងលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co.,Ltd។
ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខុមាលភាព និងអនាម័យប្រជាពលរដ្ឋ តាមរយៈការសាងសង់ស្ថានីយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការច្រោះសម្អាតទឹកកខ្វក់។
ពិសេសទៅទៀតនោះ គឺការលើកកម្ពស់បរិស្ថានដោយការសាងសង់ និងបង្កើននូវប្រព័ន្ធបណ្ដាញលូ និងការតភ្ជាប់បណ្ដាញលូពីផ្ទះប្រជាពលរដ្ឋមកកាន់ស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់ និងការពារទឹកជំនន់ផងដែរ។ គម្រោងនេះប្រើរយៈពេលប្រមាណ 48ខែ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់នេះមានសមត្ថភាពចម្រោះ ទឹកបាន 7,600ម៉ែត្រគូបក្នុង 1ថ្ងៃ។
នៅក្នុងគម្រាងនេះ ស្ថានីយបូមទឹកនឹងសាងសង់ចំនួន 10ទីតាំងដែលមានសមត្ថភាពបូមសរុបចំនួន 29,952ម៉ែត្រគូបក្នុងមួយថ្ងៃ។
គម្រោងថវិកានេះក៏នឹងសាងសង់បណ្ដាញលូមុខកាត់ពី 0.3 ទៅ1.2ម៉ែត្រ ប្រវែង 43.33គីឡូម៉ែត្រ និងលូមុខកាត់ពី 0.1 ទៅ0.4ម៉ែត្រ ប្រវែង 6គីឡូម៉ែត្រ។
ជាមួយគ្នានេះផងដែរ គម្រោងនឹងជួញការងារស្ដារស្ទឹងប្រវែង 16.3គីឡូម៉ែត្រ រួមទាំងការស្ដារស្ថានីយបូមដែលមានស្រាប់នៅក្នុងក្រុងតាខ្មៅផងដែរ៕