ជាការកត់សម្គាល់ឃើញថា អ្នកគាំទ្រ និងតារាសិល្បៈចេញមតិប្រិតកម្មអន្ដរាគមន៍រកយុត្តិធម៌ឱ្យតារាចម្រៀង ទេព បូព្រឹក្ស ក្រោយកើតហេតុការណ៍ត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀនៅចំពោះមុខភ្ញៀវជាច្រើនក្នុងហាង «សមុទ្រ» ខណៈពេលនាងកំពុងច្រៀងលើឆាក ដោយមិនដឹងមូលហេតុច្បាស់លាស់។ ស្របជាមួយគ្នានោះដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានគេដឹងថា កញ្ញា បូព្រឹក្ស បានកើតទុក្ខមិនសុខចិត្ត ដោយបាន Live វីដេអូយំសស្រាក់ សុំអន្តរាគមន៍ពីមជ្ឈដ្ឋាននានា ដើម្បីរកយុតិ្តធម៌ និងលុបលាងការអាម៉ាស់របស់នាងវិញ។
ថ្មីៗនេះដែរ យាយខ្លា ដែលគេស្គាល់ថា ជាអ្នកលេងបណ្ដាញសង្គម និងនិយមសម្ដែងរឿងកំប្លែងខ្លីៗឱ្យមហាជនបានផ្ទុះសំណើចកម្សាន្ដនោះ ស្រាប់តែចេញបទចម្រៀងដោយខ្លួនឯង ដោយដាក់ចំណងជើងថា « សម្រួលឬមិនសម្រួល? បើមិនសម្រួលចេញ » ដើម្បីជាការលើកទឹកចិត្តដល់ កញ្ញា ទេព បូព្រឹក្ស ។ តារាលើបណ្ដាញសង្គមរូបនេះ រៀបរាប់ថា «ក្នុងនាមយាយខ្លាជាអ្នកសិល្បៈចម្រៀងមួយរូបនិងជាពលរដ្ឋខ្មែរម្នាក់ យាយមានការឈឺចាប់ និងអាណិតអាសូរចំពោះការប្រមាថមើលងាយមកលើតារាចម្រៀងខ្មែរអ្នកនាង ទេព បូព្រឹក្ស ដែលជាស្ត្រីខ្មែរមួយរូប កាលពីថ្មីៗពេលកន្លងទៅនេះ ។ ទង្វើនេះជាអំពើហឹង្សាប្រមាថដល់ស្ត្រី មិនស្គាល់ច្បាប់ទម្លាប់ និងមើលងាយអ្នកសិល្បៈខ្មែរយ៉ាងខ្លាំង ។ ដើម្បីរកយុត្តិធម៌ និងកុំឲ្យថ្ងៃក្រោយកើតមានបញ្ហាអសីលធម៌បែបនេះបន្តទៀត យាយខ្លាបានសរសេរបទចម្រៀងមួយបទថតភ្លាមៗតែម្តង»។
សូមជម្រាបផងដែរថា កញ្ញា ទេព បូព្រឹក្ស បានដាក់បណ្ដឹងប្ដឹងទារជំងឹចិត្តចំនួន10ម៉ឺនដុល្លារ ដោយកញ្ញាប្រកាសថាថវិកាដែលទទួលបាននឹងយកទៅជួយកុមារកំព្រា និងមណ្ឌលចាស់ជរាទាំងអស់។ ប៉ុន្តែគេមិនដឹងថាលទ្ធផលបណ្ដឹងរបស់នាងនឹងយ៉ាងណាទេ ដោយសារវីដេអូ និងរូបភាពក្នុងកាមេរ៉ានៅក្នុងហាងត្រូវបានបំផ្លាញដែលហាក់ដូចជាមានចេតនាបិទរឿង ហើយភាគីម្ចាស់ហាង និងអ្នកពាក់ព័ន្ធនៅមិនទាន់មានការទទួលខុសត្រូវកម្រិតណានៅឡើយ៕