យោងតាមទិន្នន័យរបស់ស្ថាប័ន Moms Team បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំកុមារដែលមានអាយុចាប់ពី1ឆ្នាំ ដល់ក្រោម 4ឆ្នាំ បានបាត់បង់ជីវិតរាប់រយនាក់ដោយសារការលង់ទឹក។បញ្ហាទាំងអស់នេះអាចបណ្តាលមកពីកុមារទាំងអស់នោះមិនបានឆ្លងកាត់វគ្គរៀនហែលទឹក ដើម្បីការពារខ្លួនពីការលង់ទឹក។
នៅប្រទេសក្នុងអាស៊ី ក៏ដូចជានៅកម្ពុជា ជាពិសេសនៅតំបន់ជនបទត្រូវបានគេរកឃើញថាកុមារជាច្រើននាក់ក៏បានស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយសារតែការលង់ទឹក។ កុមារជាវ័យដែលចូលចិត្តចង់ដឹង ចង់សាកល្បង ហើយចូលចិត្តទឹក។ មានកុមារតូចៗចូលចិត្តទៅក្បែរតំបន់មានទឹក ហើយចុះលេង បើទោះបីជាពួកគេមិនចេះហែលទឹកក៏ដោយ ដែលជាហេតុធ្វើឱ្យអាណាព្យាបាលជាច្រើននាក់លើពិពភលោកត្រូវជួបរឿងសោកស្តាយដ៏ធំបំផុតក្រោយពេលភ្លេចខ្លួនតែមួយភ្លែតហើយបណ្តោយឱ្យបាត់បង់កូនជាទីស្រឡាញ់។ នៅប្រទេសអភិវឌ្ឍន៍នានា កុមារត្រូវបានគេចាប់ផ្តើមឱ្យរៀនហែលទឹកតាំងពីអាយុ 6ខែមកម៉្លេះខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ខ្លះមិនសូវមានការយកចិត្តទុកដាក់នៅឡើយលើបញ្ហានេះ។ នៅក្នុងតំបន់ខ្លះអាណាព្យាបាលតែងគិតថា ក្មេងតូចជាវ័យដែលឆាប់ឆ្លងជំងឺ ងាយក្តៅខ្លួនដោយសារការត្រាំទឹក ឬមិនចង់ឱ្យកូនតូចៗស្ថិតក្នុងវ័យជាទារកចុះទឹកច្រើននោះទេ។ ការគិតបែបនេះ គឺជាកំហុសឆ្គងមួយដែលអាចធ្វើឱ្យពួកគេស្តាយក្រោយបាន នៅពេលដែលកូនតូចៗរងគ្រោះដោយសារទឹក។
តាមពិតទៅកុមារតូចៗអាចស៊ាំបានជាមួយការបង្រៀនហែលទឹកពីអ្នកជំនាញ ដែលគេមានបច្ចេកទេស និងពេលវេលាត្រឹមត្រូវសម្រាប់ការបង្រៀនដោយមិនគ្រោះថ្នាក់ដល់សុខភាព។ ក្នុងដំណាក់កាលនៃការបង្រៀនទារកហែលទឹក អ្នកជំនាញភាគច្រើនអាចធ្វើឱ្យឪពុកម្តាយ ក្មេងតូចទុកចិត្តតាមរយៈការបង្ហាញឱ្យឃើញថា ក្មេងតូចៗមិនខ្លាចទឹកដូចដែលយើងគ្រប់គ្នាគិតនោះទេ។
អាណាព្យាបាលអាចគិតថា កូនតូចៗនឹងយំ ហើយប៉ះពាល់ដល់ផ្លូវចិត្ត ឬមមើយំនៅពេលយប់ បន្ទាប់ពីត្រូវបានគេដាក់ចូលទៅក្នុងទឹកដើម្បីឱ្យប្រឹងហែលដោយខ្លួនឯង តែស្ថានភាពជាក់ស្តែងខុសគ្នាស្រឡះពីការស្មានរបស់គាត់។ នៅក្នុងវគ្គបង្រៀនកុមារហែលទឹក អ្នកជំនាញមានវិធីសាស្ត្រក្នុងការអូសទាញកុមារតូចឱ្យចុះទឹកដោយខ្លួនឯង ហើយក្រោយពេលចុះទឹក កុមារភាគច្រើនអណ្តែត ហើយប្រឹងប្រែងផ្ងារខ្លួនឡើងលើដើម្បីឱ្យពួកគេអាចដកដង្ហើមបាន។ ក្រោយពេលបន្សាំុពួកគេជាមួយទឹកបានហើយ ទើបអ្នកជំនាញជំរុញពួកគេឱ្យកាន់តែក្លាហានឡើងដើម្បីហែលដោយប្រើសកម្មភាពត្រឹមត្រូវ រហូតទារកខ្លះចេះហែលទឹកមុនចេះនិយាយទៀតផង។
ហេតុនេះហើយទើបយើងឃើញថា ក្មេងតូចៗនៅក្នុងប្រទេសអភិវឌ្ឍន៍ភាគច្រើន ជាពិសេសនៅអឺរ៉ុប អាចមានសមត្ថភាពក្នុងការហែលទឹកបានដោយខ្លួនឯង បើទោះបីជាកុមារខ្លះទើបតែមានវ័យ2-3ឆ្នាំក៏ដោយ។ ថ្វីដ្បិតតែថ្នាក់បង្រៀនហែលទឹកមិនអាចជួយកុមារឱ្យរួចផុតពីគ្រោះថ្នាក់ដោយសារទឹកទាំងស្រុងក៏ដោយ តែក៏វាអាចកាត់បន្ថយការបារម្ភមួយផ្នែកធំរបស់អាណាព្យាបាលបានដែរ៕