ទន្ទឹមនឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យការងារក្នុងសេដ្ឋកិច្ចកម្ពុជា ការគាំពារលើបុគ្គលគ្រប់រូប ជាពិសេសការប្រយុទ្ធប្រឆាំងលើការជួញដូរមនុស្សបានក្លាយជាប្រធានបទចម្បងមួយទៀតដែលគ្រប់ស្ថាប័នសំខាន់ៗ រួមទាំងគ្រឹះស្ថានអប់រំសំខាន់ៗនៅកម្ពុជាកំពុងចាប់អារម្មណ៍។
ការជួញដូរមនុស្សត្រូវបានគេមើលឃើញថា អាចប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរនៃការអភិវឌ្ឍសង្គមព្រោះជនរងគ្រោះនៃអំពើជួញ-ដូរមនុស្សអាចនឹងទទួលរងនូវសម្ពាធទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលទាំងអស់នេះជាកត្តារាំងស្ទះដល់ការអភិវឌ្ឍសមត្ថភាពដើម្បីចូលរួមចំណែកក្នុងដំណើរការជាវិជ្ជមាននានាក្នុងសង្គម។ ក្នុងច្បាប់កម្ពុជា បានកំណត់យ៉ាងច្បាស់ដើម្បីផ្តន្ទាទោស និងធ្វើគ្រប់បែបយ៉ាងដើម្បីអប់រំឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈបានយល់ដឹង ក្នុងគោលបំណងកាត់បន្ថយ ឬអាចឈានដល់ការបញ្ចប់ទាំងស្រុងនូវបទល្មើសជួញដូរមនុស្ស។
ថ្លែងនៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា ការជួញដូរមនុស្សជាបទឧក្រិដ្ឋដែលជនល្មើសប្រើប្រាស់គ្រប់ល្បិចកលដើម្បីកេងប្រវ័ញ្ច រំលោភបំពាន ដោយមិនខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់ជនរងគ្រោះឡើយ។ រាជរដ្ឋាភិបាលនៅតែចាត់ទុកការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សជាអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើនទៀតសម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ទន្ទឹមនឹងនេះ លោក អុីន វីរជ័យ សាកលវិទ្យាធិការរងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសាធារណៈនៃសាកលវិទ្យាល័យបៀលប្រាយបានលើកឡើងថាច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានកំណត់ថា “អំពើលក់ដូរមនុស្សជាការប្រគល់ឱ្យដោយខុសច្បាប់នូវការគ្រប់គ្រងលើជនណាម្នាក់ទៅជនដទៃ ឬទទួលយកដោយខុសច្បាប់នូវការប្រគល់ការគ្រប់គ្រងលើជនណាម្នាក់ពីជនដទៃដោយដេាះដូរទៅនឹងរបស់មានតម្លៃអ្វីមួយដោយរាប់បញ្ចូលទាំងសេវា និងមនុស្សផង” ។ “ទាសភាពសម័យទំនើប” បានធ្វើឱ្យស្ត្រី និងកុមារ និងបុរសជាច្រើនធ្លាក់ទៅក្នុងការជួញដូរ និងក្លាយជាជនរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការកេងប្រវ័ញ្ច។
បន្ថែមពីលើនេះ លោកសាស្ត្រាចារ្យ អុីន វីរជ័យ បានបញ្ជាក់ផងដែរថា “ការស៊ីឈ្នួលពពោះជំនួស”ក៏ជាអំពើជួញដូរមនុស្សមួយដែលបានធ្វើឱ្យស្ត្រីមួយចំនួនធ្លាក់ក្នុងឧបាយកល និងចាញ់បោកជនខិលខូច ឬមេខ្យល់ក្នុងការជួញដូរសរីរាង្គ ឬជួញដូរមនុស្ស។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ពិភពលោកទាំងមូលបានដាក់ចេញនូវសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារអនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ អនុសញ្ញាស្តីពីសិទ្ធិកុមារពាក់ព័ន្ធនឹងការលក់កុមារ ពេស្យាកម្មកុមារ និងរូបភាព ឬសម្ភារអាសអាភាសកុមារជាដើម។
លោក អុីន វីរជ័យ បានមានប្រសាសន៍ទៀតថា៖“គ្រឹះស្ថានឧត្តមសិក្សាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាប្រធានក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំទប់ស្កាត់ និងឈានទៅដល់ការលុបបំបាត់ការជួញដូរមនុស្សផងដែរនៅកម្ពុជា”។
លោក អុីន វីរជ័យ បានបន្ថែមទៀតថា ក្នុងការចូលរួម “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស 12 ធ្នូ”នាឆ្នាំ2018នេះ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថានសិក្សាសាធារណៈ និងវិទ្យាល័យនានាក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមប្រារព្ធពិធីនេះ។ ជាក់ស្តែងនៅពេលនេះសាកលវិទ្យាល័យ បៀលប្រាយយើងក៏បានចូលរួមប្រារព្ធទិវានេះដែរ។ ការចូលរួមរបស់យើងទាំងអស់គ្នានៅពេលនោះ គឺជាការបង្ហាញឱ្យឃើញពីការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់លុបបំបាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងសង្គមកម្ពុជា និងការបំផុសការយល់ដឹង ការប្រុងស្មារតី និងការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព៕