ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូដ៏សំខាន់មួយសម្រាប់កម្ពុជាដែលបានចូលរួមចំណែកក្នុងការផ្តល់កញ្ចប់ថវិកាអភិវឌ្ឍន៍លើសកម្មភាពសេដ្ឋកិច្ច និងការអប់រំរបស់កម្ពុជា។
គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិមួយនេះបានផ្តល់គម្រោងជាច្រើនសម្រាប់កម្ពុជា ដូចជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតភ្ជាប់តំបន់សេដ្ឋកិច្ច និងការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកស្ទួយវិស័យធនធានមនុស្សសម្រាប់បំពេញតម្រូវការក្នុងតំបន់។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏ធ្លាប់បានផ្តល់ជំនួយជាច្រើនសម្រាប់កម្ពុជាក្នុងការជំរុញការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តាមរយៈគ្រឹះស្ថានសិក្សាបច្ចេកទេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្មីៗនេះលោកស្រី Sunniya Durani -Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាបានលើកឡើងពីសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា តាមរយះការពង្រឹងការអនុវត្តគោលនយោបាយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការពង្រឹងយន្តការនានាដើម្បីបង្កើតប្រសិទ្ធភាពការងារបស់គណៈកម្មការជាតិបណ្តុះបណ្តាល (NTB) ដែលស្របនឹងចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រឆ្នាំ2030 របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្សឱ្យស្របនឹងការរីកចម្រើននៃឧស្សាហកម្មសកល។
ស្របពេលជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្យាបន្តផ្តល់គម្រោងថ្មីមួយទៀតក្នុងរយៈពេល 5ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំក្រោយនេះ រហូតដល់ឆ្នាំ2024 ដើម្បីអភិវឌ្ឍលើធនធានមនុស្សនៅកម្ពុជា។បើយោងតាមការលើកឡើងរបស់ ADB គម្រោងនេះនឹងផ្តោតសំខាន់លើយុវជនដែលទើបនឹងបញ្ចប់ការ-សិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេឱ្យបានកាន់តែខ្លាំងលើជំនាញបច្ចេកទេស វិទ្យាសាស្ត្រពិត និងជំនាញវិជ្ជាជីវៈដើម្បីឱ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលទៅកាន់បច្ចេកវិទ្យាឌីជីថលនៃបដិវត្តន៍ឧស្សាហកម្មនាពេលខាងមុខនេះ។
ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងថាបន្ទាប់ពីសិក្សាលើតម្រូវការទីផ្សារការងារ ដែលមានជំនាញច្បាស់លាស់នៅកម្ពុជាសម្រាប់ពេលបច្ចុប្បន្ន និងអនាគតហើយនោះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ជំនួយបន្ថែមមកកម្ពុជាលើការបណ្តុះបណ្តាលលើជំនាញសំខាន់ៗចំនួន4 គឺមុខវិជ្ជាអគ្គិសនី អេឡិចត្រូនិក សំណង់ និងកម្មន្តសាល ដែលជំនាញទាំងអស់នេះជាជំនាញដែលមានតម្រូវការខ្ពស់ក្នុងពិភពលោក ដែលកំពុងជំរុញឱ្យប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាត្រូវតែជំរុញឱ្យមានការខិតខំប្រឹងប្រែងបណ្តុះបណ្តាលឱ្យកាន់តែខ្លាំង និងច្រើនឡើង។
ឯកឧត្តម ឡៅ ហ៊ីម បានមានប្រសាសន៍ថា៖ “គ្រឹះស្ថានបណ្តុះបណ្តាលដែលនឹងត្រូវអនុវត្តសម្រាប់គម្រោងនេះ គឺសាលាអប់រំជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាលាជាច្រើនផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការអនុវត្តគម្រោងនេះនឹងត្រូវត្រួតពិនិត្យដោយក្រសួងការងារ និង ADB ដោយផ្ទាល់”។
បើតាមឯកឧត្តម ឡៅ ហ៊ីម កម្ពុជាបច្ចុប្បន្ននៅមានឧបសគ្គប្រឈមមួយចំនួននៅឡើយក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសលើបញ្ហាអគារ សម្ភារបរិក្ខារ គ្រឿងម៉ាស៊ីន និងសមត្ថភាពគ្រូបង្រៀនដែលទាមទារឱ្យមានការបណ្តុះបណ្តាលបន្ថែមទៀត។ ចំពោះសមត្ថភាពអ្នកបណ្តុះបណ្តាលចាំបាច់បំផុតត្រូវតែពង្រឹងសមត្ថភាពឱ្យបានខ្លាំង និងបន្តអភិវឌ្ឍរហូតជាប់ជានិច្ច ព្រោះបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ មានការវិវឌ្ឍលឿន ហេតុនេះវាទាមទារឱ្យមានការបណ្តុះបណ្តាលឱ្យទាន់តម្រូវការជាក់ស្តែងចៀសសវាងបណ្តុះបណ្តាលដោយប្រើបច្ចេកវិទ្យាចាស់ៗហើយពេលនិស្សិតចេញមកមិនអាចប្រើប្រាស់បាន៕