នៅលើពិភពលោកមានមនុស្សជាច្រើនប្រភេទ តែក្នុងនោះអ្នកចិត្តសាស្ត្របានរកឃើញថា ប្រភពនៃអារម្មណ៍ និងការកសាងគុណភាពនៃការគិតមានរបៀបស្រដៀងគ្នា។ ថ្វីដ្បិតតែមានមនុស្សខ្លះជាមនុស្សប្រភេទសិក្សាដោយការអាន អ្នកខ្លះជាប្រភេទមនុស្សដែលចូលចិត្តរៀនដោយការសរសេរ ហើយអ្នកខ្លះទៀតជាប្រភេទមនុស្សដែលទាមទារឱ្យមានការអនុវត្តផ្ទាល់ៗទើបអាចទទួលយកចំណេះដឹងក៏ដោយ ក៏ចុងក្រោយអ្វីដែលធ្វើឱ្យពួកគេធ្វើការងារ ឬចងចាំបានល្អអាស្រ័យលើចំណុចរួមសំខាន់ៗ 2 គឺភាពតានតឹង (stress) និងថាមពល (tension)។ អ្នកចិត្តសាស្ត្រអាមេរិកបានរកឃើញថា គុណភាពនៃការគិត និងសកម្មភាពរបស់មនុស្ស ទាំងការសិក្សាក្តី ការធ្វើការងារ ឬការប្រាស្រ័យទាក់ទងក្តីអាស្រ័យលើចំណុចសំខាន់ទាំង 2 ខាងលើ។ កាលណាមនុស្សមានភាពតានតឹងខ្ពស់ ហើយមានថាមពលតិច នោះពួកគេនឹងមិនអាចមានអារម្មណ៍ល្អដើម្បីបង្កើតការចងចាំ ឬគិតឃើញដំណោះស្រាយល្អៗសម្រាប់ការរស់នៅបានទេ។ ប្រសិនបើមនុស្សមានភាពតានតឹងខ្ពស់ ហើយមានថាមពលខ្ពស់ ពួកគេអាចនឹងមានភាពប្រសើរឡើងជាងស្ថានភាពទី1 បន្តិច ប៉ុន្តែវានៅតែធ្វើឱ្យពួកគេមិនទទួលបានការចងចាំល្អ ឬបង្កើតសកម្មភាពដែលមានកំហុសច្រើនដដែល។ ជាឧទាហរណ៍ ប្រសិនបើនិស្សិតម្នាក់កំពុងសិក្សាស្រាវ-ជ្រាវ ស្របពេលដែលគេមានភាពតានតឹងខ្ពស់ និងថាមពលខ្ពស់ គាត់អាចធ្វើការងារបានបញ្ចប់ដោយជោគជ័យ តែកិច្ចការស្រាវជ្រាវនោះអាចមានកំហុសច្រើនផ្នែកអក្ខរាវិរុទ្ធ ឬអាចមានបញ្ហាច្រើនដែលអាចកើតឡើងដោយការច្រឡំព្រោះអារម្មណ៍មិនស្ងប់។
ចំពោះស្ថានភាពផ្លូវចិត្តដែលកើតឡើងនៅពេលមនុស្សម្នាក់មានភាពតានតឹងតិច ហើយថាមពលខ្ពស់វិញ គេនឹងអាចគ្រប់គ្រងអារម្មណ៍បានល្អ ដែលវាជាមូលដ្ឋានសំខាន់ក្នុងការបង្កើតឱ្យមានថាមពលវិជ្ជមានក្នុងការចងចាំ ហើយការចរចា ឬការធ្វើការងារក៏រលូន និងបានលទ្ធផលល្អថែមទៀតផង។ នៅពេលមនុស្សម្នាក់ៗមិនសូវមានភាពតានតឹង ខួរក្បាលនឹងដើរដោយរលក alpha ដែលអនុញ្ញាតឱ្យថាមពលនៃភាពវិជ្ជមានកើតមានឡើងក្នុងគំនិត ហើយគំនិតស្ងប់ស្ងាត់ទាំងនេះហើយដែលបង្កើតឱ្យមាននវានុវត្តន៍ ឬគំនិតច្នៃប្រឌិតនានា។
សម្រាប់ពេលវេលាក្នុងមួយថ្ងៃៗ មនុស្សម្នាក់ៗភាគច្រើនមានភាពតានតឹងខ្ពស់ ហើយថាមពលថយចុះនៅពេលរសៀល។ ហេតុនេះនៅក្នុងរយៈពេលនេះទាមទារឱ្យមានការប្រមូលស្មារតីឱ្យបានស្ងប់ស្ងាត់ ដោយការសម្រាករយៈពេលខ្លី (napping) ដើម្បីគ្រប់គ្រងភាពតានតឹងឱ្យចុះទាប។ ចំណែកឯពេលល្ងាច ឬពេលយប់ ជាពេលដែលភាពតានតឹងអាចថយចុះបន្តិចវិញ តែថាមពលអាចនឹងថយចុះដូចគ្នាប្រសិនបើមនុស្សមិនបានគ្រប់គ្រងសកម្មភាពបានល្អក្នុងមួយថ្ងៃៗ ហេតុនេះសម្រាប់អ្នកសិក្សា អាចជាពេលវេលាល្អមួយក្នុងការបង្កើនការចងចាំ តែវាមិនមែនជាពេលល្អបំផុតនោះទេ។ ពេលល្អបំផុតសម្រាប់ការសិក្សា ត្រូវបានអ្នកចិត្តសាស្ត្ររកឃើញថា ជាពេលព្រឹកព្រលឹម។ ជារៀងរាល់ព្រឹក មនុស្សម្នាក់ៗបានទទួលថាមពលពីដំណេកគ្រប់គ្រាន់ (យ៉ាងហោចណាស់ 6ម៉ោងសម្រាប់មនុស្សពេញវ័យ) ដែលធ្វើឱ្យថាមពលក្នុងរាងកាយមានការកើនឡើង ស្របពេលដែលភាពតានតឹងថយចុះខ្លាំង ដែលធ្វើឱ្យមនុស្សអាចចងចាំបានល្អ មានគំនិតច្នៃប្រឌិតខ្ពស់ និងអាចស្វែងរកដំណោះស្រាយល្អៗបានសម្រាប់ការសិក្សា និងការងារថែមទៀតផង៕