អត្តពលិកលើកទម្ងន់ 5នាក់ ក្នុងនោះរាប់បញ្ចូលទាំងម្ចាស់ជើងឯកអូឡាំពិក 2នាក់ផង បានរងពិន័យព្យួរជាបណ្តោះអាសន្ន ក្រោយពីការធ្វើវិភាគឡើងវិញទៅលើគំរូទឹកនោមដែលត្រូវបានផ្តល់ឱ្យ អំឡុងពេលនៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ2012។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) កាលពីថ្ងៃចន្ទ។
កីឡាករអ៊ុយក្រែន Oleksiy Torokhtiy ម្ចាស់មេដាយមាសអូឡាំពិកក្នុងទម្ងន់ 105គីឡូក្រាមកាលពី 6ឆ្នាំមុន និងកីឡាករអ៊ូសបេគីស្ថាន RuslanNurudinov ដែលបានឈ្នះមេដាយមាសក្នុងវិញ្ញាសាដូចគ្នានេះ ក្នុងអូឡាំពិកទីក្រុង Rio ឆ្នាំ2016 សុទ្ធសឹងត្រូវបានពិនិត្យឃើញថា មានភាពវិជ្ជមានទៅលើសារធាតុហាមឃាត់។
មានតែ Torokhtiy ម្នាក់គត់ដែលប្រឈមនឹងការបាត់បង់មេដាយរបស់ខ្លួន ខណៈដែលគំរូផ្សេងៗដែលត្រូវបានពិនិត្យឡើងវិញ ត្រូវបានផ្តល់ឱ្យរយៈពេល 4ឆ្នាំ នៅមុនពេលការឈ្នះមេដាយមាសរបស់ Nurudinov នៅប្រេស៊ីល។
កីឡាករអាស៊ែបៃហ្សង់ Valentin Hristov ដែលបច្ចុប្បន្នកំពុងតែជាប់ពិន័យព្យួរ 8ឆ្នាំ ក្រោយពីការពិនិត្យឃើញជាវិជ្ជមានលើសារធាតុហាមឃាត់ក្នុងឆ្នាំ2013 និង2015 អាចនឹងបាត់បង់មេដាយសំរឹទ្ធកាលពីឆ្នាំ2012របស់គេពីការប្រកួតលើវិញ្ញាសាទម្ងន់ 56គីឡូក្រាម ក្រោយពីបានពិនិត្យឃើញជាវិជ្ជមានទៅលើសារធាតុជំនួយកម្លាំងផងដែរ។
អត្តពលិក 2នាក់ទៀត ដែលពិនិត្យឃើញជាវិជ្ជមានរួមមាន កីឡាករអាមេនី MelineDaluzyan និងកីឡាករបេឡារុស MikalaiNovikau ដែលមិនបានឈ្នះមេដាយឡើយក្នុងទីក្រុងឡុងដ៍។ កាលពីខែមុន គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសថា ការវិភាគជាថ្មីទៅលើគំរូទឹកនោមផ្សេងៗពីអូឡាំពិកឆ្នាំ2012 ដែលប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្រទំនើបបំផុតនោះ នឹងត្រូវផ្តល់ទៅឱ្យភ្នាក់ងារធ្វើតេស្តអន្តរជាតិ៕
ប្រភពពី៖ Channel News Asia