ផ្លែប៉េងប៉ោះ(Tomato)ត្រូវបានគេស្គាល់ថាជាបន្លែមួយដែលមានតម្រូវការទីផ្សារបរិភោគច្រើនគួរសមនាពេលបច្ចុប្បន្ន ជាពិសេសប្រភេទផ្លែប៉េង-ប៉ោះថ្មី គឺប៉េងប៉ោះឈើរីត្រូវបានគេស្គាល់កាន់តែច្រើនឡើងបន្ទាប់ពីមានការដាំដុះច្រើន និងបានបង្ហាញវត្តមាននៅតាមផ្សារទំនើបជាបន្តបន្ទាប់ ធ្វើឱ្យបន្លែប៉េងប៉ោះឈើរីទទួលបានតម្រូវការខ្ពស់នៅក្នុងផ្សារទំនើបទាំងនោះ ហើយតម្លៃក៏បានខ្ពស់គួរសមដែរ ទើបធ្វើឱ្យកសិករមួយចំនួនងាកមកសង្វាតដាំបន្លែប្រភេទថ្មីនេះដើម្បីផ្គត់ផ្គង់ទីផ្សារ។
ប៉េងប៉ោះឈើរី ត្រូវបានកសិករកម្ពុជាយើងមួយចំនួននាំគ្នាដាំជាលក្ខណៈអាជីវកម្មជាបន្តបន្ទាប់ដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក។ ផ្លែប៉េងប៉ោះឈើរីត្រូវបានគេយកមកដាក់តាំងលក់នៅក្នុង “ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជាលើកទី13” នៅកោះពេជ្រដោយ“សមាគមត្រសក់-ផ្អែមសៀមរាបមានជ័យ”។
លោក វ៉ាន់ អៀន ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យបានមានប្រសាសន៍ថា សមាគមយើងមិនមែនមានដាំតែដំណាំត្រសក់ផ្អែមតែមួយមុខទេ យើងនៅមានដាំបន្លែបន្ទាប់បន្សំទៀតជាច្រើន ដែលក្រៅពីដំណាំត្រសក់ផ្អែម(3ប្រភេទ)ហើយ យើងនៅមានដំណាំប៉េងប៉ោះឈើរី ម្ទេសធម្មតា ម្ទេសប្លោក ត្រប់ស្រួយ ត្រសក់ ននោង ម្រះ ផ្កាខាត់ណា ខ្ទឹមបារាំង ក្រូចឆ្មារ និងប៉េងប៉ោះខ្មែរផងដែរ ដែលដំណាំប៉េងប៉ោះឈើរីនេះជាប្រភេទដំណាំចម្បងទី2 របស់សមាគមយើងបន្ទាប់ពីដំណាំត្រសក់ផ្អែម ព្រោះដំណាំប៉េងប៉ោះឈើរីនេះ យើងបានដាំឆ្លាស់គ្នាជាមួយនឹងដំណាំត្រសក់ផ្អែមនៅលើផ្ទៃដីប្រមាណជា 265ហិកតា។
លោកបានឱ្យដឹងថា ដើម្បីឱ្យដើមប៉េងប៉ោះផ្តល់ទិន្នផលខ្ពស់ យើងត្រូវយល់ច្បាស់ពីបច្ចេកទេសដាំដុះ និងថែទាំមួយចំនួន ដូចជា ការភ្ជួររាស់ដីទុកចោល មុនពេលលើកជារងយ៉ាងហោចណាស់មួយសប្តាហ៍។ រងនីមួយៗមានទំហំទទឹងពី110 ទៅ120សង់ទីម៉ែត្រ មានកម្ពស់ 30សង់ទីម៉ែត្រ និងទុកចង្អូរកណ្ដាលទំហំពី 20- 25សង់ទីម៉ែត្រ។ រងនីមួយៗត្រូវលើកតាមបណ្ដោយថ្ងៃពីកើត ទៅលិច ដើម្បីឱ្យដើមប៉េងប៉ោះទទួលបានកម្ដៅថ្ងៃច្រើន។ ចំពោះរបៀបដាំដុះវិញ គេតែងដាំតាមខ្នាតក្នុងគម្លាតគ្នាពីជួរមួយទៅជួរមួយចម្ងាយ 80សង់ទីម៉ែត្រ គម្លាតពីដើមមួយទៅដើមមួយចម្ងាយ 40 ទៅ 60សង់ទីម៉ែត្រ ចំណែកឯទិន្នផលវិញ អាស្រ័យទៅលើពូជរបស់វា និងកម្រិតជីជាតិរបស់ដី។
លោក វ៉ាន់ អៀន បានបញ្ជាក់ថា ដោយសារតែប៉េងប៉ោះឈើរីនេះជាដំណាំមួយប្រភេទដែលដែលដាំឡើងដោយការបណ្ដុះកូនជាមុន ដូច្នេះវិធីសាស្ដ្របណ្ដុះកូនដំបូង គឺគេត្រូវយកគ្រាប់ពូជប៉េងប៉ោះប្រភេទនេះទៅដាក់ហាលថ្ងៃរយៈ 1-2ម៉ោងជាមុនសិន បន្ទាប់មកទើបយកគ្រាប់ពូជទាំងនោះទៅត្រាំក្នុងទឹកក្ដៅឧណ្ហ(30-40អង្សា)បន្ទាប់មកទៀតត្រូវលាងនឹងទឹកឱ្យស្អាតចំនួន 2-3លើក ទើបយកទៅកប់ក្នុងដីសើមៗរយៈពេលមួយយប់ រួចទើបយកទៅដាក់បណ្ដុះក្នុងកន្ទោងស្លឹកចេក ឬសាបលើថ្នាល ដែលបានរៀបចំរួចជាស្រេច ។
នៅក្នុងកន្ទោងបណ្ដុះនីមួយៗមានដាក់ដីដែលលាយជាមួយស្រកីដូង 2ភាគ ដីរែងម៉ដ្ឋ 1ភាគ ផេះអង្កាម 1ភាគ និងអង្កាម1ភាគ បន្ទាប់មកគេដាក់គ្រាប់ពូជប៉េងប៉ោះនោះចូលទៅ 2-3គ្រាប់ ហើយរោយដីលុបពីលើ បន្ទាប់មកយកចំបើងស្ងួតមកគ្របពីលើកន្ទោងបណ្ដុះទាំងនោះ ហើយស្រោចទឹកព្រឹក-ល្ងាច។ 2-3ថ្ងៃក្រោយមកកូនប៉េងប៉ោះនឹងដុះឡើងពីដីពេលនោះទើបគេយកទៅដាក់ដាំនៅលើរង និងក្រោយពេលដាំរួច គេត្រូវស្រោចទឹកមួយថ្ងៃម្តងនៅពេលព្រឹក និងត្រូវស្រោចជាបន្តបន្ទាប់ 1សប្តាហ៍។ បន្ទាប់ពីដាំបានរយៈពេល 3ខែ យើងអាចប្រមូលផលបានជាបណ្ដើរៗ ដោយបេះយកផ្លែណាដែលទុំស្រគាលល្អ។
បើតាមប្រសាសន៍របស់លោក វ៉ាន់ អៀន បានឱ្យដឹងថា នៅលើផ្ទៃដីដែលសមាគមបានដាំដុះសព្វថ្ងៃនេះលោកអាចប្រមូលផលក្នុង 1អាទិត្យបានប្រមាណជាង 300គីឡូក្រាម ទៅ 1តោន ឬក្នុង1ខែអាចប្រមូលបានជាង 3តោន ដែលទទួលបានចំណូលសរុបប្រមាណជា 7,000,000រៀល និងក្នុងមួយរដូវដាំដុះលោកអាចប្រមូលផលបានពី 2 ទៅ 3ដងដែរ។
ដោយឡែករឿងតម្លៃនៅលើទីផ្សារ លោក វ៉ាន់ អៀន បានឱ្យដឹងថា ប៉េងប៉ោះឈើរី គឺជាបន្លែដែលមានតម្លៃមិនសូវជាថ្លៃប៉ុន្មានទេ ដោយនៅឆ្នាំនេះយើងអាចលក់ស្រស់ៗ(មិនបាច់វេចខ្ចប់)បានតម្លៃ7,000រៀលដែរក្នុង 1គីឡូក្រាម តែបើយើងវេចខ្ចប់ល្អ អាចលក់បានថ្លៃដល់ទៅ 8,000រៀលក្នុង1គីឡូក្រាម(វេចខ្ចប់សម្រាប់តែបញ្ជូនទៅផ្សារទំនើបប៉ុណ្ណោះ) តែដោយសារសមាជិកសមាគមរបស់យើងមិនសូវមានចំណេះដឹងខាងការវេចខ្ចប់បានល្អ ទើបអាចលក់បានត្រឹមតម្លៃ 7,000រៀលប៉ុណ្ណោះ។
បច្ចុប្បន្នផ្លែប៉េងប៉ោះឈើរីរបស់សមាគមត្រសក់ផ្អែមសៀមរាបមានជ័យត្រូវបានយកទៅផ្គត់ផ្គង់នៅក្នុងផ្សារទំនើបឡាក់គី និងផ្សារម៉ាក្រូនៅភ្នំពេញ ផ្សារអង្គរ និងផ្សារកសិករនៅខេត្តសៀមរាប។ លោកបានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា នាថ្ងៃខាងមុខនឹងមានការសាងសង់ផ្សារទំនើបថ្មីៗបន្ថែមទៀតច្រើននៅក្នុងខេត្តសៀមរាប រួមទាំងផ្សារម៉ាក្រូសាខាខេត្តសៀមរាបទៀតផង ដូច្នេះសមាគមនឹងបង្កើនការដាំដុះដំណាំបន្លែធម្មជាតិ ឬសរីរាង្គឱ្យបានសម្បូរបែប និងច្រើនឡើង ដើម្បីបំពេញតម្រូវការរបស់ផ្សារទំនើបទាំងនោះក៏ដូចជាតម្រូវការហូបចុករបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ លោកបានបន្ថែមថាលោកក៏មានមហិច្ឆតាក្នុងការពង្រីកផលិតកម្មផ្លែប៉េងប៉ោះឈើរីដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ៕