Skip to content

អ្នកជំនាញ​ចង់ឱ្យ​រដ្ឋា​ភិ​បាល​ពង្រឹង​ការយក​វត្ថុធាតុដើម​ក្នុងស្រុក​មក​កែច្នៃ ជាជាង​នាំចេញ

ដើម្បី​រក្សាបាន​កំណើនសេដ្ឋកិច្ច​រយៈពេល​យូរជួយ​ឱ្យ​កម្រិតជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អ្នកជំនាញ​សេដ្ឋកិច្ច​ចង់ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើកកម្ពស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យ​ពួកគេ​មានលទ្ធភាព​កែច្នៃ​ផលិតផល​ក្នុងស្រុក ជាពិសេស​ផលិតផល​កសិកម្ម ជាជាង​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស។

លោក ង៉ែត ជូ ដែលជា​គេ​ស្គាល់​ថា​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថាបើ​យើង​នៅតែ​បន្ត​ពឹង​ផ្អែកលើ​ការនាំចេញ​វត្ថុធាតុដើម​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​នោះ នឹងមិន​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​យើង​មាន​កំណើន និង​រក្សាបាន​ស្ថិរភាព​យូរអង្វែង​នោះទេ ជាពិសេស​ចំណូល​ប្រជាពលរដ្ឋ​នៅតែមាន​កម្រិត​ទាប​ដដែល។ លោ​កថា​ប្រសិនបើ​ចង់ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​កំណើន មាន​ស្ថិរភាព​យូរអង្វែង និង​ចំណូល​ប្រជាពលរដ្ឋ​រឹតតែ​ប្រសើរឡើង​ពី​ទាប ទៅ​មធ្យម​នោះ រដ្ឋាភិបាល​គួរផ្តោត​ការយកចិត្តទុកដាក់​ដោយ​គួរ​ងាក​មក​ពង្រឹង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យ​កាន់តែខ្លាំង​ឡើងជាពិសេស​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស និង​ថវិកា​ឱ្យ​ពួកគេ​មានលទ្ធភាព​កែច្នៃ​ផលិតផល​ក្នុងស្រុក​ឱ្យបាន​កាន់តែច្រើន​សម្រាប់​ដាក់លក់​ជា​ផលិតផល​សម្រេច​នៅលើ​ទីផ្សា​របស់ខ្លួន​ផង និង​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស​ផង ដែល​អាច​រកចំណូលបាន​ខ្ពស់​ត្រឡប់មកវិញ ហើយ​នៅពេលដែលផលិតផល​សម្រេច​មានតម្លៃ​ខ្ពស់ នោះ​វា​នឹង​ជួយ​ឱ្យ​វត្ថុធាតុដើម​របស់​កសិក​រ​រឹតតែ​មានតម្លៃ ហើយក៏​មិនចាំបាច់​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ក្រៅប្រទេស​ដែរ។

លោក​បន្តថា កន្លងមក​មាន​ភាពរ​ង្គោះ​រង្គើ​ចំពោះ​ការអនុគ្រោះ​ពន្ធ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុបប៉ុន្តែ​ដោយសារ​មាន​ទំនាក់ទំនង​ការទូត ការផ្សះផ្សា​ផ្នែក​នយោបាយ​ការបរទេស ទើប​កម្ពុជា​នៅតែ​ឱកាស​នាំចេញ​ផលិតផលផ្សេងៗ ជាពិសេស​ផលិតផល​កាត់ដេរ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បន្តទៀត ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្ដី តែ​វា​ក៏​ជាស​ញ្ញា​មួយ​បង្ហាញថា ការអនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នឹងត្រូវ​កាត់ផ្តាច់​នៅពេល​អនាគត​ខាងមុខ ដែល​យើង​ត្រូវតែ​ត្រៀមខ្លួន​ទុកជាមុន មុននឹង​ការអនុគ្រោះ​ពន្ធ​នាំចេញ​ត្រូវបាន​កាត់ផ្តាច់។ ដើម្បីឱ្យ​យើង​អាច​រក្សាកំណើនសេដ្ឋកិច្ច​ល្អ ចំណូល​ប្រជាពលរដ្ឋ​កាន់តែ​ខ្ពស់​ឡើង រដ្ឋាភិបាល​គួរ​ពង្រឹង និង​យកចិត្តទុកដាក់​ចំពោះ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យបាន​កាន់តែច្រើន ដើម្បីឱ្យ​ពួកគេ​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការកែច្នៃ​ផលិតផល​ក្នុងស្រុក​ឱ្យបាន​កាន់តែច្រើន។

សម្រាប់​ចង្វាក់​ផលិតកម្ម​ក្រុមហ៊ុន ឬ​សហគ្រាស​មួយ​ដំណើការ​ទៅបាន​ដោយ​រលូន គេ​តែងមាន​តម្រូវការ​ថវិកា ឬ​ទុនបម្រុង និង​អ្នកជំនាញ​ជាដើមព្រោះ​កន្លងមក​មាន​សហគ្រាស​ក្នុងស្រុក​មួយចំនួន​បាន​ផ្អាក​ដំណើរ ឬ​ប្រឈម​នឹង​ការផ្អាក​ដំណើរការ​ចង្វាក់​ផលិតកម្ម​ដោយសារ​កង្វះ​ថវិកា ធនធានមនុស្ស និង​បច្ចេកទេស​ជាដើម ដែល​បញ្ហា​នេះ​មានតម្រូវការ​ជា​ចាំបាច់​ពី​រដ្ឋាភិបាល​ក្នុង​ការជួយជ្រោមជ្រែង​តាមរយៈ​ក្រសួង​ជំនាញ​ក្នុងការ​ជួយឧបត្ថម្ភ​ទុនបម្រុង ជំនាញ​បច្ចេកទេស និង​ធនធានមនុស្ស​ដែលពូកែៗសម្រាប់​ជួយ​ពួកគេ​ឱ្យមាន​ដំណើការ​ល្អប្រសើរ​ទៅមុខ។

លោក​បន្តទៀតថា ក្នុង​គោលនយោបាយ​កាត់បន្ថយ​ថ្លៃ​ចំណាយ សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​ចង់ឱ្យ​រដ្ឋាភិបាល​ធ្វើការ​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី​ឱ្យបាន​ដូច​ប្រទេសជិតខាង រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន-ផ្លូវថ្នល់ ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ឬ​កសិផលផ្សេងៗ ជាពិសេស​ការអនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល​ផងដែរ ទើប​ពួកគេ​អាច​រកប្រាក់​ចំណេញ​សម្រាប់​ពង្រីក​ចង្វាក់​ផលិតកម្ម​ឱ្យ​កាន់តែ​ធំឡើងៗបាន ដែល​នេះ​ជា​ចំណែក​សំខាន់​មួយ​ក្នុងចំណោម​ជំនួយ​សំខាន់ផ្សេងៗទៀត​ដែល​ជួយឱ្យ​ពួកគេ​អាច​ដំណើរការ​ទៅមុខ​បាន​កាន់​តែមានប្រសើរឡើង។

ទោះជា​យ៉ាងណា ក្នុង​គោលនយោបាយ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ក៏ដូចជា​ការលើកកម្ពស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យ​កាន់តែ​មានលទ្ធភាព​ប្រសើ​រ​ឡើង រដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​ថ្មី​មួយ គឺ​អនុគ្រោះ​ពន្ធ100% រយៈពេល​ចាប់ពី3 ទៅ 5ឆ្នាំ​សម្រាប់​សហគ្រាស​ដែល​ទើបនឹង​បង្កើត​ថ្មី។ យោងតាម​ខ្លឹមសារ​ជំពូក​ទី3 នៃ​អនុក្រឹត្យ​លេខ២៤អនក្រ.បក របស់​រាជរដ្ឋាភិបាល​ស្តីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព រាជរដ្ឋាភិបាល​បាន​លើកឡើងថា សម្រាប់​សហ​គ្រា​សខ្នាតតូច និង​មធ្យម​ត្រូវ​ទទួលបាន​ការលើកលែង​ពន្ធដារផ្សេងៗគ្នា​ដូចជា 1.លើកលែង​ពន្ធចំពោះ​ប្រាក់ចំណូល​រយៈពេល 3ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ដែល​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួច​នៅពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។ 2.លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល 5ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​ដែល​បំពេញ​លក្ខខណ្ឌ​ដូចជា ក.ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ចាប់ពី 60ភាគរយ​ឡើងទៅ។ ខ.បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច2%។ គ. មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMECluster)។ 3.លើកលែង​ការបង់ប្រាក់​រំលស់​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា​ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល។ 4.លើកលែង​ការចំណាយ​ដែល​អាច​កាត់កង​បាន មានដូចជា​ ក.អនុញ្ញាត​កាត់​ចំណាយ 200%ចំពោះ​ចំណាយ​លើ​ការ​ការបណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន។ ខ. អនុញ្ញាត​កាត់កង​ចំណាយ 200%ចំណាយ​លើ​ការបណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ ឬ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត។ គ.អនុញ្ញាតឱ្យ​កាត់កង​ចំណាយ 150% ចំពោះ​ការចំណាយ​លើ​ការវិនិយោគ​ម៉ាស៊ីន ឬ​ឧបករណ៍​បច្ចេកវិទ្យា​ដែលមាន​លក្ខណៈ​នវានុវត្តន៍​សម្រាប់​បម្រើ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម។

ផ្អែក​តាម​របកគំហើញថ្មីៗដែល​ស្រាវជ្រាវ និងចេញផ្សាយ​ដោយ​ធនាគារពិភពលោក​បាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​យ៉ាងល្អប្រសើរ ដែល​គេ​រំពឹងថា កំណើន​នេះ​នឹង​កើនឡើង​បន្តិចបន្តួច​ទៀត​នៅ​ឆ្នាំនេះ ដោយ​នឹង​កើនឡើង​ដល់ 7.1ភាគរយ​នៅក្នុង​ឆ្នាំ2018 ដែល​កំណើន​នេះ​នាំមុខ​ដោយសារ​តម្រូវការ​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក និង​ការនាំចេញ។

ទស្សនវិស័យ​រយៈពេល​វែង​ដែលមាន​លក្ខណៈ​វិជ្ជមាន​មានការ​កើនឡើង​មួយផ្នែកធំ​ដោយសារ​លំហូរ​ចូល​នៃ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​កាន់តែ​ច្រើនឡើង​ទៅលើ​ផ្នែក​ផលិតកម្ម​ និង​កសិកម្ម និង​ភាព​កាន់តែ​ល្អប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​ខ្សែចង្វាក់​ផ្គត់ផ្គង់​រវាង​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស និង​ក្រុមហ៊ុន​ជាច្រើន​របស់​កម្ពុជា។

បរិមាណ​តម្រូវការ​ក្នុងស្រុក​បាន​កើនឡើង​ដោយសារតែ​កំណើន​ប្រាក់បៀវត្សរ៍​កើនឡើង​កាន់តែ​ខ្ពស់ជាង​មុន និង​វិនិយោគទុន​សាធារណៈ​ច្រើនជាង​មុន ជាមួយនិង​ការកើនឡើង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ដើរតួ​ជាការ​លើកទឹកចិត្ត។ បរិមាណ​តម្រូវការ​ដ៏​ច្រើន​ពី​ក្រៅប្រទេស​បាន​ជំរុញ​ដល់​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​បង្កើន​ចំណូល​បាន 16.1 ក្នុងអំឡុង​ឆមាស​ទី1 ឆ្នាំ2018៕

Leave a Reply

Your email address will not be published. Required fields are marked *