នៅបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី ការចាប់ផ្តើមអាជីវកម្ម (start up) ជាចំណុចសំខាន់មួយដែលគ្រប់ភាគីពាក់ព័ន្ធជំរុញ និងលើកទឹកចិត្តឱ្យប្រជាជនយកចិត្តទុកដាក់ និងហ៊ានអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនប្រកបដោយសមត្ថភាពដើម្បីចួលរួមចំណែកអភិវឌ្ឍសង្គម។ ប្រទេសណាដែលមានសហគ្រាសធុនតូច និងមធ្យមច្រើននោះនឹងអាចអភិវឌ្ឍបានលឿនបំផុត តែកន្លងមកក្នុងសកម្មភាពលើកស្ទួយការបង្កើតអាជីវកម្ម មានចំណុចវិជ្ជមាន និងឧបសគ្គជាច្រើនបានកើតឡើង។ ឧបសគ្គសំខាន់ក្នុងវិស័យអាជីវកម្មគឺ ទន្ទឹមនឹងទទួលបានផលចំណេញពីអាជីវកម្មជោគជ័យ មានសហគ្រិនជាច្រើនបានបិទអាជិវកម្មរបស់ខ្លួនទៅវិញ បន្ទាប់ពីបើកបានរយៈពេលមិនយូរប៉ុន្មាន ដែលរឿងនេះបានក្លាយជាបន្ទុកសម្រាប់សង្គម។
លោក ហាវ គង់ងី សហស្ថាបនិកសហគ្រាសសង្គមផ្ទះតាមក្តីប្រាថ្នា បានលើកឡើងថា គេថា ការរកស៊ីត្រូវតែហ៊ានប្រថុយ តែមុននឹងធ្វើការប្រថុយចាំបាច់ត្រូវសិក្សាឱ្យបានហ្មត់ចត់សិនដែរមុននឹងចាប់ផ្តើម។ សម្រាប់លោក គឺបានចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាឱ្យបានច្បាស់លាស់ពីអាជីវកម្មដែលលោកបង្កើត ព្រោះថា ការបង្កើតអាជីវកម្មមិនមែនចេះតែបង្កើតឱ្យតែបានៗនោះទេ គឺចាំបាច់ត្រូវមានហេតុផលច្បាស់លាស់ដើម្បីបង្កើតឡើងហើយអាចដោះស្រាយបញ្ហារបស់មនុស្សបាន។ ក្រោយពេលសិក្សាពីតម្រូវការជាក់ស្តែងនៅក្នុងសង្គមរួចហើយ លោកមើលឃើញថា លំនៅដ្ឋានជាតម្រូវការចាំបាច់បំផុតសម្រាប់ប្រជាជនខ្មែរ ក៏ដូចជាប្រជាជននៅក្នុងតំបន់ ហេតុនេះលោកបានបន្តទៅមួយជំហានទៀតដើម្បី ដោះស្រាយថា តើត្រូវធ្វើបែបណាដើម្បីឱ្យប្រជាជនមានផ្ទះស្នាក់នៅសមរម្យ។
លោក ហាវ គង់ងី បាននិយាយថា៖ “បើគិតពីកម្រិតប្រាក់ខែរបស់កម្មករ កម្មការិនី និងប្រជាជនខ្មែរយើងមួយចំនួន គាត់មិនអាចមានលទ្ធភាពសន្សំលុយទិញផ្ទះថ្លៃៗបាននោះទេ។ ហេតុនេះប្រសិនបើយើងអាចច្នៃផ្ទះដែលមានគុណភាពល្អ ហើយមានតម្លៃសមរម្យសម្រាប់គាត់បាន នោះមានន័យថា យើងនឹងអាចដោះស្រាយបញ្ហាធំមួយរបស់គាត់បានមិនខាន”។
សហគ្រិនខាងលើបានលើកឡើងផងដែរថាក្រោយពេលដឹងច្បាស់ពីបញ្ហា និងតម្រូវការហើយលោកបានបន្តគិតពីជំនាញ ឬការបង្កើតផលិតផលដែលអាចជួយធ្វើឱ្យបញ្ហាទាំងអស់នោះអាចដោះស្រាយបាន។ បន្ទាប់ពីគិតឃើញបញ្ហានេះហើយ លោកបានដើរមើលសហគ្រាសធំៗមួយចំនួននៅបរទេស និងដើរមើលពីចង្វាក់ផលិតកម្មដែលគេដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសគេ។ ចុងក្រោយលោកបានរកឃើញដំណោះស្រាយយ៉ាងសំខាន់មួយ គឺបង្កើតឥដ្ឋបរិស្ថានដែលអាចកាត់បន្ថយតម្លៃដើមនៃការសងសង់ផ្ទះដល់ទៅ 30% ពីតម្លៃនៃឥដ្ឋធម្មតា ហើយថែមទាំងអាចជួយដល់បរិស្ថានបានទៀតផង។ ចាប់ផ្តើមពីផលិតផលនេះលោកបានព្យាយាមគ្រប់លទ្ធភាពដើម្បីអភិវឌ្ឍគម្រោងនេះរហូតសម្រេចបានលទ្ធផលល្អ គឺបានសាងសង់គម្រោងលំនៅដ្ឋានក្នុងតម្លៃសមរម្យសម្រាប់កម្មករ-កម្មការិនី។
លោក គង់ងី បានលើកឡើងថា ដំណើរនៃការធ្វើអាជីវកម្ម ពេលខ្លះជួបនឹងបញ្ហា និងឧសគ្គលំបាកៗជាច្រើន ប្រសិនបើយើងធ្វើអាជីវកម្មដោយផ្តោតសំខាន់តែលើប្រាក់ចំណេញ ឬផលប្រយោជន៍ផ្ទាល់ខ្លួនយើងអាចនឹងបោះបង់នៅថ្ងៃណាមួយ តែប្រសិនបើយើងមានហេតុផលសំខាន់មួយក្នុងការដោះស្រាយបញ្ហារបស់មនុស្សជាទូទៅ យើងនឹងអាចមើលឃើញភាពទទួលខុសត្រូវ និងហេតុផលដ៏ធំដើម្បីបន្តសកម្មភាព។
សហគ្រិនម្នាក់ទៀតដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា លោក សុខ សុភមង្គល ស្ថាបនិកក្រុមហ៊ុន Codingate បានលើកឡើងថា ការធ្វើអាជីវកម្មចាំបាច់ត្រូវតែមានហេតុផលច្បាស់លាស់បំផុតព្រោះប្រសិនបើយើងធ្វើអាជីវកម្មដើម្បីតែប្រាក់ចំណេញ យើងនឹងអាចអស់ចិត្តនៅពេលយើងមានចំណូលគ្រប់គ្រាន់ ឬជួបឧបសគ្គដែលធ្វើឱ្យយើងលំបាករហូតលែងចង់បានវា តែប្រសិនបើយើងដឹងខ្លួនឯងច្បាស់ថា យើងកំពុងក្លាយជាចំណែកមួយក្នុងការជួយជ្រោមជ្រែងមនុស្សជុំវិញខ្លួនឱ្យរីកចម្រើននោះយើងនឹងមិនអាចបោះបង់វាចោលបានឡើយ។ការរកឃើញគោលដៅច្បាស់លាស់បែបនេះអាចធ្វើឱ្យយើងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាកាន់តែច្រើនជាមួយក្រុមការងារដើម្បីឱ្យមនុស្សក្នុងសង្គមកាន់តែប្រសើរឡើង មិនថាអ្នករកស៊ី ឬមនុស្សទូទៅនោះទេ។
លោក សុខ សុភមង្គល បាននិយាយថា៖ “គ្មានអ្វីដែលបានដោយងាយៗនោះទេ តែក៏គ្មានអ្វីលំបាកខ្លាំងពេកនោះដែរ ប្រសិនបើយើងចេះលើកទឹកចិត្តចំពោះដំណើរឆ្ពោះទៅកាន់គោលដៅរបស់យើងនោះ។ ពេលខ្លះការធ្វើអាជីវកម្មជួបរឿងជាច្រើន តែនៅពេលដែលផលិតផលរបស់យើងបានជួយឱ្យអតិថិជន និងអ្នកគ្រប់គ្នាមានភាពងាយស្រួលក្នុងការរស់នៅ យើងនឹងកាន់តែមានថាមពលក្នុងការតស៊ូបង្កើនសកម្មភាពកាន់តែខ្លាំងឡើង”។
សហគ្រិនខាងលើបានបន្ថែមថា មុននឹងចាប់ផ្តើមអាជីវកម្មត្រូវតែច្បាស់ក្នុងចិត្តថាយើងស្រឡាញ់វា ហើយការធ្វើនោះចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដូចពាក្យខ្មែរថា “មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ”។ បើយើងមិនច្បាស់លាស់ មិនដាក់ចិត្តដាក់កាយធ្វើឱ្យបានពិតប្រាកដទេនោះ អាជីវកម្មរបស់យើងនឹងមិនអាចរីកចម្រើនបានឡើយ ព្រោះយើងគ្រប់គ្នាអាចនឹងរួញរាគ្រប់កាលៈទេសៈ ហើយផលិតផលដែលយើងបង្កើតបាននោះក៏មិនអាចប្រកួតប្រជែងជាមួយគេបានដែរ ដែលនេះគឺជាហេតុធ្វើឱ្យយើងបាក់ទឹកចិត្ត ហើយបិទអាជីវកម្មទៅវិញយ៉ាងងាយ៕