ដោយឈរលើគុណភាព រសជាតិ និងអនាម័យខ្ពស់ បានធ្វើឱ្យត្រីងៀតរបស់ខ្មែរទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ មិនថាតែទីផ្សារក្នុងស្រុក ឬក្រៅស្រុកនោះទេ គឺផលិតលក់មិនទាន់តម្រូវការកុម្ម៉ង់ទិញរបស់អតិថិជនឡើយ។
លោក វណ្ណ យូរ៉ា អ្នកគ្រប់គ្រងទូទៅនៅសិប្បកម្មផលិតត្រីងៀតស្រីម៉ៅ មានទីតាំងនៅផ្សារទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញបានមានប្រសាសន៍ថា សិប្បកម្មផលិតត្រីងៀតស្រីម៉ៅ បានចាប់ផ្តើមធ្វើអាជីវកម្មដំបូងជាលក្ខណៈគ្រួសារចាប់តាំងពីឆ្នាំ1995មក បើគិតមកទល់ពេលបច្ចុប្បន្នគឺមានអាយុកាលប្រមាណជាជាង 20ឆ្នាំទៅហើយ។
លោកបន្តថា ដោយសារតែរសជាតិឆ្ងាញ់ប្រចាំត្រកូលរបស់ខ្លួន ត្រីងៀតស្រីម៉ៅត្រូវបានអតិថិជនកុម្ម៉ង់ទិញច្រើននៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងទីផ្សារក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិកកាណាដា អង់គ្លេស អូស្ត្រាលី ហូឡង់ និងហ្វាំងឡង់ជាដើម និយាយជារួម ប្រទេសណាដែលមានប្រជាជនខ្មែររស់នៅ ត្រីងៀតនេះត្រូវបានបងប្អូនរបស់ពួកគេដែលរស់នៅស្រុកខ្មែរទិញផ្ញើទៅស្ទើរតែគ្រប់ៗគ្នា រហូតទិញត្រីស្រស់មកផលិតមិនគ្រប់គ្រាន់តាមការកុម្ម៉ង់ទិញរបស់អតិថិជនទៀតផង។ សម្រាប់អតិថិជនដែលរស់នៅក្នុងទីក្រុងភ្នំពេញអាចរកទិញបាននៅផ្សារទួលទំពូង ផ្សារធំថ្មី និងផ្សារអូរឫស្សីដែលជាផ្សារ ហើយសម្រាប់អ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ អាចកុម្ម៉ង់ទិញតាមហ្វេសប៊ុកបាន(ត្រីងៀតទួលទំពូង) ព្រោះត្រីងៀតស្រីម៉ៅមានសេវាដឹកជញ្ជូនដល់ទីកន្លែងទៀតផង។
លោកបានបន្តទៀតថា ដំបូងឡើយ សិប្បកម្មផលិតត្រីងៀតស្រីម៉ៅនេះ យកតែត្រីធម្មជាតិមកផលិតប៉ុណ្ណោះ ប៉ុន្តែដោយសារត្រីធម្មជាតិនៅប្រទេសកម្ពុជាកាន់តែពិបាករកឡើង ជាពិសេសនៅរដូវប្រាំងមិនមានត្រីធម្មជាតិផ្គត់ផ្គង់ ក្រុមគ្រួសារក៏បានសម្រេចចិត្តទិញត្រីនៅលើទីផ្សារ មិនថាតែត្រីស្រែ ឬត្រីចិញ្ចឹមនោះទេ សំខាន់គឺធ្វើឡើងតាមគោលការណ៍អនាម័យខ្ពស់ រសជាតិឆ្ងាញ់ គឺអតិថិជនទទួលយកបានហើយ។ សម្រាប់សិប្បកម្មផលិតត្រីងៀតស្រីម៉ៅនេះមិនប្រើសារធាតុរក្សាគុណភាព ឬសារធាតុគីមីដើម្បីឱ្យទុកផលិតផលបានយូរ ដូចផលិតផលត្រីងៀតផ្សេងៗដែលលក់នៅលើទីផ្សារមួយចំនួននោះឡើយ ហើយបើអតិថិជនចង់ដឹងគឺខាងសិប្បកម្មនឹងជម្រាបប្រាប់ពីវិធីសាស្រ្តធ្វើយ៉ាងណាដើម្បីទុកដាក់ឱ្យបានល្អសម្រាប់ទុកហូបឱ្យបានយូរខែទៀតផង។
សម្រាប់អតិថិជនដែលទិញយកទៅផ្ញើបងប្អូននៅក្រៅប្រទេស គាត់អាចរក្សាទុកក្នុងទូទឹកកកដែលត្រជាក់រហូតដល់កកបាន ដោយអាចរក្សាទុកបានយូររហូតដល់ទៅ5 ឬ6ខែឯណោះ និងបើដាក់ក្នុងទូទឹកកកក្នុងសីតុណ្ហភាពត្រជាក់ធម្មតា អាចរក្សាទុកបានចន្លោះពី2 ទៅ3ខែដែរ ប៉ុន្តែជួលកាលអាចមានដុះផ្សិតឡើងនៅលើសាច់ត្រីខ្លះៗដែរ ប៉ុន្តែទោះជាឡើងផ្សិតក៏ដោយ ក៏គេអាចយកត្រីងៀតទៅលាងសម្អាតចេញឱ្យស្អាត ហើយយកមកចម្អិនពិសាបានដូចធម្មតាដែរ។ បើនិយាយពីរសជាតិវិញ ត្រីងៀតស្រីម៉ៅមាន 2រសជាតិ គឺរសជាតិផ្អែមឡមៗ និងរសជាតិប្រៃឡម។
សិប្បកម្មត្រីងៀតស្រីម៉ៅ មានត្រីងៀត 4ប្រភេទគឺ1-ហៅថា“ត្រីងៀតហ្វ៊ីឡេ” គឺជាត្រីងៀតផលិតឡើងពីត្រីឆ្តោពន្លះយកស្បែកចេញ មួយគីឡូតម្លៃ 70,000រៀល។ 2-ត្រីងៀតត្រីឆ្តោនៅជាប់ស្បែកតម្លៃ50,000រៀល។ 3-ត្រីងៀតត្រីរ៉ស់ តម្លៃ45,000រៀល និងត្រីងៀតធ្វើពីត្រីអណ្តែង តម្លៃ35,000រៀល។ ក្នុងចំណោមត្រីងៀតទាំង 4ប្រភេទនេះ មានតែត្រីងៀតហ្វ៊ីឡេ មួយទេដែលទទួលបានការគាំទ្រច្រើនជាងគេនៅលើទីផ្សារ ជាពិសេសសម្រាប់នាំចេញទៅក្រៅប្រទេស។
សម្រាប់រូបមន្តផលិតត្រីងៀតឱ្យមានរសជាតិឆ្ងាញ់ សិប្បកម្មបែបគ្រួសារខាងលើបានប្រាប់ថាគ្មានអ្វីលំបាកទេ មុនដំបូងគេគ្រាន់តែយកត្រីមកធ្វើស្រការចេញ រួចលាងនឹងទឹកឱ្យស្អាត រួចវះជាចម្រៀកៗឱ្យបានស្មើគ្នាល្អ ហើយដាក់សម្ងួតឱ្យស្រស់ទឹកល្អ រួចទើបគេយកទៅដាក់ក្លាស្សេឱ្យសាច់រឹង បន្ទាប់មកទើបយកទៅប្រឡាក់គ្រឿងមានដូចជា ស្ករ ប៊ីចេង ឬអំបិល ហើយគេអាចបន្ថែមរសជាតិដោយការដាក់ខ្ទឹមស ម្ទេស រំដេង ឬខ្ញីទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។
អ្នកគ្រប់គ្រងសិប្បកម្មខាងលើបានរៀបរាប់ថា ការពិតលោកក៏ចង់ពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួនឱ្យកាន់តែធំឡើងដែរ ប៉ុន្តែដោយសារមានការប្រឈមនឹងការផ្គត់ផ្គង់វត្ថុធាតុដើមដែលពុំសូវមានគ្រប់គ្រាន់ និងពុំមានត្រីជាប់ជាប្រចាំ ព្រោះរហូតមកទល់ពេលបច្ចុប្បន្ន នៅមិនទាន់មានកសិករណាម្នាក់សហការធ្វើជាដៃគូផ្គត់ផ្គង់ត្រីស្រស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការផលិតនៅឡើយទេ និងបើសិនជាសិប្បកម្មរបស់លោកអាចរកដៃគូផ្គត់ផ្គង់បាននោះ លោកនឹងពង្រីកចង្វាក់ផលិតកម្មឱ្យបានកាន់តែធំជាងនេះទៀត ដើម្បីចែកចាយឱ្យគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ ក៏ដូចជាជួយលើកកម្ពស់ផលិតផលក្នុងស្រុកដើម្បីចូលរួមផ្តល់ការងារដល់ពលរដ្ឋខ្មែរយើង។
សូមជម្រាបថា បច្ចុប្បន្នសិប្បកម្មខាងលើអាចផលិតត្រីងៀតបានក្នុងមួយថ្ងៃៗចន្លោះពី300 ទៅ 500គីឡូក្រាម តែចំនួននេះពេលខ្លះមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នោះទេ ដោយសារតែមានអតិថិជនមកពីក្រៅប្រទេសកុម្ម៉ង់ទិញច្រើន ជាពិសេសនៅរដូវនេះដែលជារដូវវិស្សមកាល ប្រជាជនខ្មែរដែលរស់នៅបរទេសនាំគ្នាមកលេងសាច់ញាតិនៅស្រុកខ្មែរច្រើន ហើយដល់ពេលត្រឡប់ទៅវិញ ពួកគាត់តែងទិញត្រីងៀតយកទៅច្រើនដើម្បីទុកហូបឱ្យបានយូរខែ រហូតដល់ខែកុម្ភៈឆ្នាំថ្មីខាងមុខ ទើបការកុម្ម៉ង់ទិញរបស់អតិថិជនដែលមកពីក្រៅប្រទេសនោះមានការថយចុះបន្តិចវិញ៕