កម្ពុជាជាសមាជិករបស់អាស៊ាន ដែលជាតំបន់ប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍមួយក្នុងពិភពលោកហេតុនេះកម្ពុជាកំពុងស្ថិតក្នុងចរន្តវិជ្ជមានមួយរបស់អាស៊ាន គឺការជំរុញឱ្យប្រទេសជាសមាជិកទាំងអស់ភ្ជាប់ទំនាក់ទំនងគ្នាឱ្យបានល្អ និងបង្កើតទីក្រុងឆ្លាតវៃ (smart city)។ ការអនុវត្តគោលការណ៍នេះត្រូវបានគេមើលឃើញថាជាវិធីដ៏សំខាន់ក្នុងការធ្វើឱ្យប្រទេសក្នុងតំបន់ទាំងអស់តភ្ជាប់សេដ្ឋកិច្ច ប្រជាជន និងវប្បធម៌តាមរយៈបច្ចេកវិទ្យាសម័យថ្មី និងអាចជួយកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសទាំង10 ទៀតផង។
នៅកម្ពុជា យើងបានកំណត់យកទីក្រុងសំខាន់ៗចំនួន 3 គឺរាជធានីភ្នំពេញ ក្រុងសៀមរាប និងបាត់ដំបង ជាទីក្រុងឆ្លាតវៃ (smart city)។ ទីក្រុងទាំងអស់នោះនឹងរៀបចំ ហើយប្រែក្លាយខ្លួនបន្តិចម្តងៗទៅជាទីក្រុងស្តង់ដារមួយដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា ដែលមានការគ្រប់គ្រង រចនាសម្ព័ន្ធផ្នែកទន់ និងផ្នែករឹងមានភាពឆ្លាតវៃ ដោយប្រើប្រាស់បច្ចេកវិទ្យា។ រដ្ឋលេខាធិការក្រសួង អប់រំ យុវជននិងកីឡា លោកជំទាវ គឹម សេដ្ឋានី បានលើកឡើងថា ក្នុងពិភពលោកបច្ចុប្បន្ននេះ ការរស់នៅត្រូវការជាចាំបាច់នូវបច្ចេកវិទ្យាទំនើប ខុសកាលពីប៉ុន្មានឆ្នាំមុន។
កាលពីប្រមាណ5ឆ្នាំមុន មនុស្សរស់បែប IOP (Internet of People)មានន័យថា មនុស្សប្រើប្រាស់បច្ចេកវិទ្យាដើម្បីទំនាក់ទំនងជាមួយមនុស្សដើម្បីឱ្យការរស់នៅកាន់តែមានលក្ខណៈងាយស្រួលប៉ុន្តែបច្ចុប្បន្ននេះ គេរស់នៅក្នុងរបត់ថ្មីមួយគឺ IOT (Internet of thing) មានន័យថា មនុស្សមិនត្រឹមតែប្រើប្រាស់អុិនធើណិតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សទេ តែអាចភ្ជាប់ទំនាក់ទំនងជាមួយឧបករណ៍អេឡិចត្រូនិកឆ្លាតវៃជាច្រើនទៀត។ នៅក្នុងបរិបទ IOT នេះ គឺទីក្រុងទាំងអស់មិនមានភាពលំបាកក្នុងការគ្រប់គ្រងទេ រាល់បញ្ហាអសន្តិសុខ ជនល្មើសមិនអាចគេចទៅណារួចទេ ព្រោះអ្នកគ្រប់គ្រងតំបន់អាចគ្រប់គ្រងគ្រប់សកម្មភាពតាមរយៈកាមេរ៉ាសុវត្ថិភាពដែលមាននៅគ្រប់ទីកន្លែងក្នុងទីក្រុង។ អ្នកប្រព្រឹទ្ធល្មើសនឹងមិនលំបាកតាមរកមុខទៀតទេ ដោយគេគ្រាន់តែមើលពីបន្ទប់គ្រប់គ្រងព័ត៌មាន គឺអាចដឹងបានទាំងអស់។ លើសពីនេះទៀត ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងទីក្រុងនឹងត្រូវគ្រប់គ្រងដោយបច្ចេកវិទ្យា ឬដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិ។ ឧទាហរណ៍ប្រសិនបើគម្របលូធ្វើហើយបិទមិនជិត ប្រព័ន្ធបច្ចេកវិទ្យាស្វ័យប្រវត្តិនឹងបញ្ចូនព័ត៌មាននោះដល់អ្នកគ្រប់គ្រងរបស់វាភ្លាម ធ្វើឱ្យមិនបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
លោកជំទាវ គឹម សេដ្ឋានី បានមានប្រសាសន៍ថា៖ “ប្រព័ន្ធស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទីក្រុងទាំងអស់នេះ គេហៅថាទីក្រុង ឆ្លាតវៃ (smart city)។ នៅកម្ពុជាយើងនឹងរៀបចំទីក្រុងសំខាន់ៗ 3កន្លែង ឱ្យក្លាយជាទីក្រុងឆ្លាតវៃ គឺភ្នំពេញ សៀមរាប និងបាត់ដំបងហេតុនេះទើបយើងត្រូវការជាចាំបាច់នូវធនធានមនុស្សដើម្បីសម្រេចគោលដៅនេះ”។
លោកជំទាវរដ្ឋលេខាធិការបានលើកឡើងផងដែរថា ប្អូនៗយុវវ័យ និងអ្នកជំនាន់ថ្មីរបស់កម្ពុជាដែលកំពុងយកចិត្តទុកដាក់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នឹងក្លាយជាសសរទ្រូងដ៏សំខាន់សម្រាប់កម្ពុជានាពេលអនាគត។ ហេតុនេះយុវវ័យចាំបាច់ត្រូវខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពដើម្បីចេះរៀន ស្រាវជ្រាវ និងបង្កើតសមិទ្ធផលថ្មីៗសម្រាប់សង្គម៕