ចិនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រទេសចិនមកកម្ពុជា និងបង្កើនការតភ្ជាប់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៅក្នុងតំបន់អាស៊ី និងនៅទូទាំងពិភពលោកតាមរយៈគោលនយោបាយកម្មវិធីខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative – BRI)។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅក្នុងវេទិកា Belt and Road Initiative BRI and etradeថា គម្រោងដឹកជញ្ជូនដ៏ធំធេងរបស់ចិននឹងជំរុញពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសនៅទូទាំងពិភពលោកជាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា BRI អាចបង្កើនការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ “ការតភ្ជាប់ គឺមានសារៈសំខាន់នេះ គឺជាហេតុផលដែលយើងត្រូវចូលរួមនៅក្នុង BRI ដើម្បីទទួលបានផលប្រយោជន៍កាន់តែប្រសើរពីការតភ្ជាប់នេះ”។
គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយដែលត្រូវបានគេស្គាល់ថា ជាគំនិតផ្តួចផ្តើមមួយដែលស្នើឡើងដោយប្រធានាធិបតីចិនលោក ស៊ី ជីនភីងក្នុងឆ្នាំ2013 គឺជាការខិតខំប្រឹងប្រែងមួយដើម្បីបង្កើតខ្សែបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលមានមូលដ្ឋាននៅប្រទេសចិនដែលផ្តោតលើអាស៊ី អឺរ៉ុបនិងអាហ្វ្រិកតាមបណ្តោយផ្លូវបុរាណនៃផ្លូវសូត្រ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកថា៖ “គម្រោងBRI នឹងនាំមកនូវអត្ថប្រយោជន៍ដល់គ្រប់ប្រទេសដែលបានចូលរួម ហើយវាមានសក្តានុពលក្នុងការភ្ជាប់ពិភពលោកទាំងមូល” ។
ឯកឧត្តមបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកវាជាអាទិភាពមួយដើម្បីធ្វើឱ្យវិស័យដឹកជញ្ជូនមានការប្រកួតប្រជែង ប្រសិទ្ធភាព តម្លាភាព និងតម្លៃសមរម្យដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រ។
លោកស្រី Pauline Tamesis អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានថ្លែងទៅកាន់វេទិកាថា៖ “BRI បានបង្កើតនូវឱកាសអភិវឌ្ឍន៍ថ្មីៗដើម្បីជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា”។ លោកស្រីបានរៀបរាប់ពីគម្រោងនេះថា ជាកិច្ចខិតខំប្រឹងប្រែងដ៏មានមហិច្ឆតាដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តាមតំបន់ ហើយបច្ចុប្បន្នមានប្រទេសជាង 100បានចូលរួមនៅក្នុងកិច្ចការផ្លូវសូត្រដែលបានបំផុសគំនិតរួចហើយនេះ។
លោកស្រី Tamesis បាននិយាយថា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ និងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកអាចនាំទៅរកការគាំទ្រសកម្មភាពផលិតភាព ការបង្កើតការងារសមរម្យ ភាពជាសហគ្រិន ភាពច្នៃប្រឌិត និងការច្នៃប្រឌិត។
សូមបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្ម និងការតភ្ជាប់ជាមួយប្រទេសចិននៅតែមានឧបសគ្គ តែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាឥឡូវនេះបានភ្ជាប់ទៅ BRI ហើយ ប៉ុន្តែនៅក្នុងលក្ខខណ្ឌទាំងមូលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទេសកម្ពុជានៅមិនទាន់រួចរាល់ទេ។
ប្រទេសកម្ពុជាត្រូវខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រួលពាណិជ្ជកម្មអេឡិចត្រូនិករវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ការណ៍នេះនឹងអនុញ្ញាតឱ្យពាណិជ្ជកម្មមានលំហូរចូលច្រើនពីប្រទេសទាំងនេះ និងអាចបង្កើតនូវការងារផងដែរ។
គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយគឺជាកម្លាំងពិភពលោកថ្មីនៃសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនា។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ បានសម្តែងនូវការចាប់អារម្មណ៍ក្នុងការចូលរួមគំនិតផ្តួចផ្តើមគំនិតផ្លូវមួយខ្សែក្រវាត់មួយនេះ។ កម្ពុជាជាប្រទេសគាំទ្រខ្លាំងបំផុតមួយចំពោះគំនិតផ្តើមគំនិតផ្លូវមួយខ្សែក្រវាត់មួយនេះ ដោយសារទទួលបាននូវឱកាសផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍពីគំនិតផ្តួចផ្តើមនេះ។ មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ប្រទេសនីមួយៗក៏មានសិទ្ធិទទួលផលប្រយោជន៍ពី BRI ដូចគ្នា។
ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងពីយុទ្ធសាស្ត្រផ្លូវមួយខ្សែក្រវាត់មួយថា គឺជាបំណងកំណត់នូវវិស័យកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅតាមបណ្តោយផ្លូវខ្សែក្រវាត់មួយផ្លូវមួយនៅក្នុងតំបន់អាស៊ីកណ្តាល អាស៊ីខាងលិច អាស៊ីខាងត្បូង ប្រទេសរុស្សុី ទ្វីបអឺរ៉ុប តាមឈូងសមុទ្រពែក្សតាមមហាសមុទ្រឥណ្ឌា និងទៅថ្ងៃអនាគតទៅដល់ប្រទេសទាំងអស់នៅលើពិភពលោក តាមរយៈការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកំពង់ផែ។
សម្រាប់កម្ពុជា ទំនាក់ទំនង និងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ គឺជាផលប្រយោជន៍ជាតិដ៏សំខាន់។ ដោយក្តីសង្ឃឹមខ្ពស់ថា ចិននឹងជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ផ្លូវរថភ្លើង អាកាសយានដ្ឋាន កំពង់ផែសមុទ្រ វារីអគ្គិសនី និងតំបន់សេដ្ឋកិច្ច ឬឧស្សាហកម្មពិសេស។ សកម្មភាពទាំងនេះនឹងជួយកាត់បន្ថយការចំណាយលើភ័ស្តុភារ ពង្រីកការប្រកួតប្រជែងសេដ្ឋកិច្ច និងប្រភពនៃកំណើនសេដ្ឋកិច្ច។ តាមការប៉ាន់ស្មាន កម្ពុជាត្រូវការធនធានប្រមាណ 600លានដុល្លារក្នុងមួយឆ្នាំដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ”៕