ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្យាករថា សម្រាប់រយៈពេល 15ឆ្នាំ ពោលគឺចាប់ពីឆ្នាំ2015 រហូតឆ្នាំ2030 តម្រូវការលំនៅឋាននៅទូទាំងប្រទេសនឹងមានចំនួនប្រមាណ 1លានខ្នងបន្ថែមទៀត ទើបអាចបំពេញតាមសេចក្ដីត្រូវការបានជាមួយនឹងកំណើនប្រជាពលរដ្ឋដែលនឹងកើនឡើងដល់ 18លាននាក់។ នេះបើតាមឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបញ្ជាក់ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលលក់សម្ភារសំណង់ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងលំនៅឋាន Global House។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “តម្រូវការលំនៅឋានដ៏ច្រើននេះ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងរបស់ប្រជាពលរដ្ឋ ក្នុងនោះសម្រាប់នៅតំបន់រាជធានី-ក្រុង និងទីប្រជុំជនមានតម្រូវការប្រមាណជា 80ម៉ឺនលំនៅឋាន ហើយបើគិតជាមធ្យម គឺមានតម្រូវការប្រមាណ 5ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ”។ ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះកម្ពុជាមានទីក្រុងរណប និងលំនៅឋានមានលក្ខណៈជាបុរីចំនួន230ទីតាំង និងមានសំណង់អគារខ្ពស់ចាប់ពី 5ជាន់ឡើងទៅចំនួន 1,100អគារ។
ឯកឧត្តម ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការទទួលបន្ទុកសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាមានតម្រូវការចាំបាច់ផ្នែកលំនៅឋាន ដូចនេះក្នុងមួយឆ្នាំៗ គឺវិស័យឯកជនក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសបាននិងកំពុងខិតខំធ្វើការវិនិយោគលើវិស័យលំនៅឋាននេះ ដើម្បីផ្គត់ផ្គង់លើការស្នាក់នៅកន្លែងធ្វើការ និងការពង្រីកទីក្រុងផងដែរ។
ឯកឧត្តមបានបន្តថាដោយសារតែវិស័យសំណង់មានការពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនសិក្សាគម្រោងប្លង់ដែរនោះ រហូតមកដល់ពេលនេះយើងនៅមានក្រុមហ៊ុនដែលនៅមានសុពលភាពចំនួន 1,048ក្រុមហ៊ុន។ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ គឺជាក្រុមហ៊ុនមួយដែលទទួលខុសត្រូវការងាររៀបចំប្លង់សាងសង់មានចំនួន 42ក្រុមហ៊ុន ឯក្រុមហ៊ុនទទួលបន្ទុកលើការងារសាងសង់តែម្តងមានចំនួន 1,006ក្រុមហ៊ុន។
ទន្ទឹមនេះ ក្រសួងក៏បានរៀបចំឱ្យមានការចុះបញ្ជីជាលក្ខណៈរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ ដែលមានសុពលភាពចំនួន140នាក់បន្ថែមទៀតដែរ ក្នុងនោះស្ថាបត្យករចំនួន 98នាក់ និងវិស្វករចំនួន42នាក់ ដែលមានសិទ្ធិស៊ីញ៉េលើប្លង់។ បុគ្គលដែលមានសិទ្ធិស្នើសុំការសាងសង់ទាល់តែមានរូបវន្តបុគ្គល ឬអាជ្ញាប័ណ្ណទើបអាចចុះហត្ថលេខាបាន ដើម្បីឱ្យមានការទទួល-ខុសត្រូវលើការងារសិក្សាគម្រោងប្លង់ពិតប្រាកដ ត្រូវធានាគុណភាព សោភណភាពឱ្យអ្នកទិញមានការជឿជាក់ទៅលើគម្រោងនីមួយ។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកសាងសង់លំនៅឋាន បានយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា ទីផ្សារលំនៅឋាននៅតែមានភាពល្អប្រសើរ ដោយសារការរីកចម្រើនខាងសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
លោកឧកញ៉ាមានប្រសាសន៍ថា៖ “ហេតុនេះហើយ ទើបអ្នកអភិវឌ្ឈន៍ដែលជាសមាជិកសមាគម បានពង្រីកការវិនិយោគរបស់ពួកគេដល់បណ្តាខេត្ត បន្ថែមលើគម្រោងអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ។ ការរីកចម្រើនក្នុងវិស័យនេះនឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀតដរាបណាប្រទេសនេះនៅតែមានសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរបែបនេះ”។
សូមបញ្ជាក់ថា វិស័យសំណង់នៅតែជាវិស័យសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ហើយការវិនិយោគលើវិស័យឯកជននៅកម្ពុជា គឺមានច្រើនវិស័យ ប៉ុន្តែវិស័យដែលយើងមើលឃើញ និងកត់សម្គាល់ខ្លាំងជាងគេ គឺវិស័យកាត់ដេរ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងវិស័យសំណង់ និងអចលនទ្រព្យ។ ភាគច្រើននៃកំណើនវិស័យសំណង់ គឺដោយសារមានសំណង់អគារធំៗ ខ្ពស់ៗ ជាពិសេសអគារពាណិជ្ជកម្ម សណ្ឋាគារ រមណីយដ្ឋាន ផ្សារទំនើបធំៗ អគារខ្ពស់ៗចាប់ពី5ជាន់ឡើង ទីក្រុងរណប បុរីលំនៅឋាន រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រោងម៉ាស៊ីនកិនស្រូវ និងតំបន់សេដ្ឋកិច្ចពិសេស។ល។
ប្រជាជនសរុបរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងកើនឡើងពី 15 ទៅ19លាននាក់ នៅចន្លោះពេលនេះ និងឆ្នាំ2030 ក្នុងនោះក្នុងទីក្រុងភ្នំពេញ និងក្នុងតំបន់ទីប្រជុំជនផ្សេងទៀតនឹងមានការកើនឡើងប្រមាណពី4 ទៅ7លាននាក់៕