អតីតកីឡាករប្រណាំងរថយន្ត Formula One ដ៏ឆ្នើមគឺ Michael Schumacher នឹងត្រូវបានរំឭកដោយFerrari ជាមួយនឹងការសម្តែងដ៏ពិសេសមួយដើម្បីអបអរថ្ងៃគម្រប់អាយុ 50ឆ្នាំរបស់គេ នៅថ្ងៃទី3 ខែមករា។ នេះបើយោងតាមការប្រកាសរបស់ក្រុមអ៊ីតាលីមួយនេះ កាលពីថ្ងៃចន្ទ។
Schumacher ដែលជាម្ចាស់ជើងឯក Formule One 7សម័យកាល បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរក្នុងឧប្បត្តិហេតុជិះស្គី កាលពី 5ឆ្នាំមុន និងមិនធ្លាប់បានបង្ហាញខ្លួនជាសាធារណៈទៀតឡើយចាប់តាំងពីពេលនោះមក។
កម្មវិធីដែលមានឈ្មោះថា ‘Michael 50’ មួយនេះ ដែលនឹងត្រូវរៀបចំឡើងនៅសារមន្ទីរ Ferrari ក្នុងទីក្រុង Maranello នឹងត្រូវរៀបចំឡើងដោយមានការចូលរួមពីសំណាក់អង្គការ Keep Fighting Foundation ដែលបានបង្កើតឡើងកាលពី 2ឆ្នាំមុន ដោយក្រុមគ្រួសាររបស់ Schumacher។
Ferrari បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរ និងសម្តែងនូវការដឹងគុណចំពោះអ្នកបើកបរដ៏ជោគជ័យបំផុតរូបនេះ»។ កីឡាករ Schumacher សញ្ជាតិអាល្លឺម៉ង់ បានបើកបរឱ្យក្រុមនេះចាប់ពីឆ្នាំ1996 ដល់ឆ្នាំ2006 ដោយបានឈ្នះពានពិភពលោក 5លើកក្នុងចំណោមពានទាំង 7លើករបស់គេចាប់ពីឆ្នាំ2000 ដល់ឆ្នាំ2004។
ក្រុម Ferrari ក៏បានឈ្នះពានផ្នែកបើកបរចំនួន 6លើកផងដែរ អំឡុងពេលដែលរូបគេស្ថិតនៅជាមួយនឹងក្រុមនេះ។ កម្មវិធីបើកបរសម្តែងនេះ នឹងអនុញ្ញាតឱ្យសាធារណជនបានឃើញនូវសមិទ្ធផលដែល Schumacher បានផ្តល់ឱ្យចំពោះការអភិវឌ្ឍរថយន្តនេះ ក្នុងនាមជាអ្នកបើកបរម្នាក់ និងក្រោយមកជាអ្នកផ្តល់ប្រឹក្សាម្នាក់។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្រុម Ferrari៕