ពីទំព័រ« ទំព័រអំពីឯកសារប្រវត្តិសាស្រ្ត» បានឱ្យជ្រាបដែរថា របាំព្រះរាជទ្រព្យបែបមុខសខ្មែរ នឹងលើកមកសម្ដែងជូនទស្សនិកជនទាំងអស់បានទស្សនា ក្នុងរាជធានីភ្នំពេញ ដោយច្នៃចេញពីសាច់រឿងថ្មី ក្រោមចំណងជើង ”នាងវឌ្ឍនាទេវី” ដឹកនាំដោយ សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី ។
ការសម្ដែងដ៏កម្រនេះ នឹងត្រូវបង្ហាញជូនដោយនាដកាមានទេពកោសល្យ និងជំនាញប៉ិនប្រសប់ ក្នុងការនាំយកទម្រង់សិល្បៈដ៏អស្ចារ្យ ព្រមទាំងនាំអនុស្សាវរីយ៍ឆ្នាំ 1906 ត្រលប់មកវិញ។ ព្រឹត្តិការណ៍នេះ មានគោលបំណងដើម្បីផ្ដល់ឱកាសដល់សាធារណជន និងជនបរទេស បានទស្សនាការសម្ដែង និងស្វែងយល់អំពី របាំព្រះរាជទ្រព្យខ្មែរ ដែលយកនូវបែបបទនៃចលនាក្បាច់រាំ សម្លៀកបំពាក់ និងការតុបតែងខ្លួនរបស់នាដកា តាមលំនាំឆ្នាំ1906។
បើតាម លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ប្រាប់ថា សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី បានដឹកនាំនិងហ្វឹកហាត់អ្នករបាំ សម្រាប់ការសម្ដែងនេះដោយផ្ទាល់ ដើម្បីធ្វើឱ្យការសម្ដែង “នាងវឌ្ឍនាទេវី” ផ្ដល់ឱ្យទស្សនិកជន នូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ ។ អ្នកទស្សនា នឹងមានអារម្មណ៍ថា ខ្លួនឯងកំពុងតែធ្វើដំណើរត្រលប់ទៅកាន់អតីតកាល ព្រមទាំងស្វែងយល់ពីពិភពនៃរឿងព្រេង ដែលទាក់ទងនឹងដើមកំណើតប្រជាជន និងវប្បធម៌ខ្មែរ។
ម្យ៉ាងទៀត ការរៀបចំនេះប្រើពេលស្ទើរតែពេញមួយឆ្នាំ ដើម្បីប្រមូលគំនិត បង្កើតជាសាច់រឿងនិទាន និងក្បាច់រាំ ក្នុងការបង្ហាញដំណើររឿង ”នាងវឌ្ឍនាទេវី” តាមរយៈទម្រង់សិល្បៈនៃរបាំព្រះរាជទ្រព្យ។
ផ្ទាំងទស្សនីយភាពនេះ នឹងចាប់ផ្ដើម រយៈ ពេល2ថ្ងៃ គឺ ថ្ងៃទី18 និងទី19 ខែមករា ឆ្នាំ2019 នៅសាលមហោស្រពចតុមុខ វេលាម៉ោង 6:30 នាទីល្ងាច។ ដោយឡែក ថ្ងៃសៅរ៍ ទី19 ខែមករា ឆ្នាំ 2019 វេលាម៉ោង 3:30 រសៀល (សម្រាប់តែសិស្ស និស្សិត និងមនុស្សអាយុក្រោម25ឆ្នាំ)។
គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងលក់សំបុត្រ លោកអ្នកអាចស្វែងរកនៅវិទ្យាស្ថានបារាំង នៅសាលមហោស្រពចតុមុខ ឬ តាមរយៈ Latsticket.asia នៅលើគេហទំព័រ https://hello.last2ticket.com/event/1157/ ៕