លោក នូ សុផេន ដែលត្រូវបានគេស្គាល់ថាជាអ្នកផលិតកម្មវិធីទម្រង់សិល្បៈវប្បធម៌នៅទូរទស្សន៍អប្សរា និងជាអ្នកឌីហ្សាញឈុតបុរាណខ្មែរមួយរូបមានឱកាសទៅចូលរួមព្រឹត្តិការណ៍Cambodian Week international នៅប្រទេសជប៉ុនបានត្រឡប់មកកម្ពុជាវិញហើយម្សិលមិញនេះ។ បន្ទាប់ពីលោកបានចំណាយច្រើនថ្ងៃនៅប្រទេសជប៉ុនដើម្បីរៀបចំទម្រង់របាំប្រជាប្រិយខ្មែរ និងបានទាំងតំឡើងរឿងទុំទាវ និយាយជាភាសាអង់គ្លេស ផ្សព្វផ្សាយទម្រង់វប្បធម៍ខ្មែរនៅទីនោះ។
លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មប្រចាំទូរទស្សន៍អប្សរា បានថ្លែងបន្ទាប់ពីចុះពីលើយន្តហោះមកថា លោកទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការបង្ហាញជូននូវទម្រង់សិល្បៈច្រើនផ្នែក បន្ទាប់ពីនិស្សិតខ្មែរទទួលអាហារូបករណ៍នៅក្នុងប្រទេសជប៉ុនមួយក្រុម បានធានាឱ្យលោកចេញទៅរៀបចំទម្រង់វប្បធម៌ ដើម្បីបង្កើតជាព្រឹត្តិការណ៍ Cambodian Week ប្រចាំឆ្នាំ ស្របគ្នានឹងប្រទេសប្រមាណ 49 ប្រទេសដែលមាននិស្សិតសិក្សានៅក្នុងប្រទេសជប៉ុនដូចគ្នា ក៏បានរៀបចំជាទម្រង់វប្បធម៌បង្អួតភ្នែកអ្នកចូលរួមខ្លាំងជាងកម្ពុជាភាគច្រើន។
យ៉ាងណាមិញ លោកថាភាពលេចធ្លោមិនលើសពីក្រុមកម្ពុជានោះទេ បើទោះជាទម្រង់សិល្បៈរបស់ខ្មែរទាំងរបាំច្រើនប្រភេទ និងការសម្ដែងរឿងទុំទាវ ជាភាសាអង់គ្លេសដែលបានធ្វើឡើង សម្ដែងដោយនិស្សិតខ្មែរតែ8រូប។ លោកថានិស្សិតបរទេសរហូតដល់49នាក់បានចូលរួមសម្ដែងរបាំ និងសម្ដែងរឿងទុំទាវជួយដល់ក្រុមខ្មែរទើបធ្វើអោយកម្មវិធីទាំងមូលទទួលបានភាពជោគជ័យ ហើយមិនចាញ់ក្រុមសិល្បករថៃ វៀតណាម និងម៉ាឡេជាដើម ដែលគេយកសិល្បករជំនាញៗពីប្រទេសគេផ្ទាល់ យកទៅបង្ហាញនោះទេ។
លោក នូ សុផេន ពន្យល់ថា ទោះជាអ្នកសម្ដែងនៅព្រឹត្តិការណ៍នោះ មិនមែនជាតារាអាជីព ហើយសុទ្ធតែជានិស្សិតទទួលបានអាហារូបករណ៍នៅក្នុងប្រទេសជប៉ុន តែនិស្សិតទាំងនោះមិនសូវមានភាពខុសឆ្គងក្នុងការសម្ដែងនោះទេ ដោយសារតែមុនចេញសម្ដែង4ខែ លោកបានផ្ញើជូននូវវីដេអូឯកសារដើម្បីឱ្យនិស្សិតខ្មែរ និងនិស្សិតបរទេសដែលជួយសម្ដែងហ្វឹកហាត់យ៉ាងស្ទាត់មកហើយ ដោយលោកក៏បានដើរតួកែក្បាច់ និងកែកាយវិកា តាមរយៈវីដេអូផ្ញើទៅផ្ញើមក ទើបធ្វើឱ្យនិស្សិតទាំំងនោះនៅពេលការសម្ដែងលេចឡើងគឺមិនមានបញ្ហា។
លោកថាក្រោយការបង្ហាញឱ្យឃើញពីវប្បធម៌របស់ខ្មែរ មានជនបរទេសច្រើនឡើងបានស្គាល់ពីខ្មែរ ខណៈដែលក្នុងពេលមុនគេដឹងត្រឹមតែថាខ្មែរមានអង្គរវត្ត តែមិនសូវដឹងច្រើនរឿងខ្មែរមានរបាំយ៉ាងមិច នឹងមានសាច់រឿងទុំទាវដ៏ជក់ចិត្តដល់ម្លឹងឡើយ៕