ភ្ញាក់ផ្អើលយ៉ាងខ្លាំង តារាសម្ដែងលោក រ៉ៃយ៉ា ដែលត្រូវគេស្គាល់ថា ជាកូនប្រុសរបស់តារាកំប្លែងនាយឆើត ត្រូវគេឃើញផ្ទុះជម្លោះដាក់គ្នា ជាមួយតារាចម្រៀងស្រី កញ្ញា វណ្ណា វត្តី ដោយអ្នកទាំងពីរប៉ះសម្ដីគ្នាចំៗ មានទាំងហ្វេនរៀងខ្លួន ចូលមកជួយបញ្ឆេះកំហឹងថែមទៀតផង។
ជម្លោះដែលបានកើតឡើង គឺដោយសារតែ កញ្ញា វណ្ណា វត្តី ស៊ែ Original Song របស់លោកគីសាន់ រ៉ៃយ៉ា បទ«ប្រពន្ធកូនសំខាន់ តែបងមិនអាចថែ» ហើយសរសេរឃ្លាថា «បើជ្រុលជាអស់ចិត្តហើយ មិនបាច់មករៀបរាប់ច្រើនទេ កុំភ្លេចផ្ញើលុយឱ្យប្រពន្ធកូនបងផង ព្រោះដើម្បីកុំឱ្យគេថា បងអាត្មានិយមនោះអី!» ខណ:ដែលឃ្លារបស់នាងត្រូវបានម្ចាស់បទ យល់ថា «ជាការមាក់ងាយ និងដៀមដាម»។ លោករ៉ៃយ៉ា បានបង្ហោះសារតបវិញភ្លាមៗថា «សុំទោសកញ្ញា វណ្ណា វត្តី ស៊ែបទខ្ញុំហើយ និយាយមកដូចជាទើសនឹងបទខ្ញុំម៉េស វាមិនមែនជារឿងពិតឯណា វាគ្រាន់តែជាបទចម្រៀងខ្ញុំតើ បើមិនពេញចិត្តកញ្ញា អាចលុបវិញបាន!»។ ក្រោយសំណេរបស់លោក គីសាន់ រ៉ៃយ៉ា អ្នកគាំទ្រច្រើននាក់ ចេញមុខមកជេរ វណ្ណា វត្តី ហើយអ្នកគាំទ្រម្ខាងទៀតក៏ចូលតបត ស្របគ្នាដែល វណ្ណា វត្តី ក៏ចេញមុខ Live Video វាយបក។
សូមជម្រាបថា កញ្ញា វណ្ណា វត្តី ថា ការបង្ហោះរបស់នាង គឺគ្រាន់តែមានបំណងនិយាយស្រប នឹងអត្ថន័យក្នុងបទចម្រៀង ជាការផ្ញើសារទៅកាន់បុរសទាំងឡាយ ដែលបានធ្វើរឿងខុសឆ្គងដូចអត្ថន័យបទចម្រៀងប៉ុណ្ណោះ ប៉ុន្តែទំនងជាលោក រ៉ៃយ៉ា យល់ច្រលំ ទើបកើតជាជម្លោះ។ យ៉ាងណាមិញនាងថា ស្ថានភាពជម្លោះត្រូវបានរំលត់បន្ទាប់ពីនាង និងលោករ៉ៃយ៉ា បានឆាតជជែកគ្នាត ហើយម្ចាស់បទចម្រៀង ក៏យល់ស្របថា ខ្លួនមានរឿងយល់ច្រលំ៕