Skip to content

​​ ចិនផ្តល់​ប្រាក់កម្ចីជាង 260លាន​ដុល្លារដល់​កម្ពុជា

ទឹកប្រាក់ហិរញ្ញប្បទាន​ចំនួនជាង 260​លាន​ដុល្លារត្រូវបានសាធារណរដ្ឋប្រជាមានិតចិនផ្តល់ឱ្យកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលទឹកប្រាក់នេះត្រូវបាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និង​លោក Deng Boqingអនុ​ប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ចំនួន​2។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។   

កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ចំនួន2 ​នោះ​រួមមាន៖

1- កិច្ច​ព្រមព្រៀង​ស្តីពីកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 1,200លាន​យន់ (ជាង174លាន​ដុល្លារ)។ថវិកា​នេះនឹងត្រូវ​ប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជន​ និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។

2-កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ឥណទាន​សម្បទាន​ជា​ប្រាក់​យន់​ចិន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាង​ទឹក​រក្សាក្នុង​ខេត្ត​ព្រះវិហារដែលមាន​ចំនួន 622​លាន​យន់ (ជាង 90លាន​ដុល្លារ)។

ការចុះ​កិច្ចព្រមព្រៀង​ខាងលើ​ធ្វើឡើង​​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Deng Boqingអនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន នៅ​កម្ពុជា​ពីថ្ងៃទី​12 ដល់​ថ្ងៃទី​15 ខែ​ធ្នូ ឆ្នាំ​2018។ ខណៈដែលគណ:ប្រតិភូចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

ពិធីចុះហត្ថលេខានាពេលនេះ គឺសបញ្ជាក់ឱ្យឃើញនូវកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន  ដែលធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសទាំង2 កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការជំរុញធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពរបស់ប្រជាជននៃប្រទេសទាំង2។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី13 ខែធ្នូ ឆ្នាំ2018 ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមានចំនួនសរុបប្រមាណ 5,800លានដុល្លារអាមេរិកហើយ ក្នុងនោះឥណទានសម្បទានមានសរុបចំនួនប្រមាណ 4,400លានដុល្លារអាមេរិក និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ 1,400លានដុល្លារអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *