Skip to content

រដូវធ្វើត្រីប្រហុកបានចាប់ផ្តើមហើយ

រដ្ឋបាលជលផលបានជំរុញឱ្យប្រជាពលរដ្ឋអ្នកផលិតប្រហុក-ផ្អក ត្រូវប្រញាប់រួសរាន់ទៅទិញត្រី​ដែល​ជាតម្រូវការ​​សម្រាប់​ការ​ផលិតប្រហុក និងផ្អកនៅតាមបណ្តោយដង​ទន្លេសាប ដែលចាប់ផ្តើមតាំងពីថ្ងៃសុក្រទី14 ខែធ្នូហើយនឹងបន្តរហូតដល់ថ្ងៃទី20 ខែធ្នូ ឆ្នាំ2018។

ស្ថាប័ននេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា «រដូវខ្ពស់បំផុត​ក្នុង​ការនេសាទត្រី»បានចាប់ផ្តើមពីថ្ងៃសុក្រទី14 ខែធ្នូ ឆ្នាំ2018 និងស្នើឱ្យអ្នកផលិតត្រីប្រហុក និងផ្អក មក​​​​​តំបន់​​នេសាទតាមដងទន្លេសាបជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលដើម្បីទិញត្រី​។

លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលបានមានប្រសាសន៍ថា៖«ក្នុងអំឡុងពេល​​នេះ​យើង​ព្យាករថា កម្ពស់ទឹកក្នុងទន្លេនឹងល្អប្រសើរបំផុតសម្រាប់ការចាប់ត្រីទឹកសាប ជាទីតាំង​ល្អ​បំផុតសម្រាប់ទិញត្រីគឺនៅភ្នំពេញ និងកណ្តាល»។ ខណៈដែលវាលំបាកក្នុងការប៉ាន់​ប្រមាណ​ថា ​តើ​ត្រីនឹងចាប់បានប៉ុន្មានក្នុងរដូវកាលនេះ លោកជឿជាក់ថា វានឹងមានបរិមាណច្រើនជាងឆ្នាំមុនៗ ដោយសារ​តែការបង្ក្រាបរបស់រដ្ឋាភិបាលលើសកម្មភាពនេសាទខុសច្បាប់កាលពីពេលកន្លងមក។

លោក ជាសាន បាននិយាយថា៖«យើងរំពឹងថា យ៉ាងហោចណាស់ក៏ដូចជាការនេ​សាទត្រី​នៅ​​ឆ្នាំមុនៗដែរ។ យើងបានធ្វើការបង្ក្រាបការនេសាទខុសច្បាប់ និងការពារ​តំបន់អភិរក្ស ដូច្នេះ​យើង​សង្ឃឹមថា បរិមាណត្រីនៅទន្លេនាឆ្នាំនេះនឹងកើនឡើងគួរឱ្យកត់សម្គាល់»

លោកអគ្គនាយកបានឱ្យដឹងទៀតថា និយាយជាទូទៅមានរដូវខ្ពស់2 សម្រាប់ចាប់ត្រីនៅកម្ពុជា។ ពេលទី1 ត្រីធ្លាក់ក្នុងខែធ្នូ ខណៈពេលមួយទៀតនៅចុងខែមករា។ ​លោកក៏បានប្រាប់​ឱ្យដឹងដែរថា ​ ប្រជានេសាទកំពុងតែ​ប្រមូលផលត្រី​​ជាបន្តបន្ទាប់ ​​ទោះជាពុំទាន់មានលទ្ធផលច្បាស់លាស់ក៏ដោយ​ ក៏ក្នុងឆ្នាំនេះ​លោករំពឹងថា ត្រី​អាចនឺងទទួលបានច្រើនជាងឆ្នាំមុន ហើយលក់ជូនពលរដ្ឋ ក៏អាចនឹងថោកជាងមុន គឺក្នុង​តម្លៃ​600 ទៅ800រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

សូមជម្រាបថា កាលពីឆ្នាំមុន ត្រីដែលប្រើសម្រាប់លក់ប្រហុក​ត្រូវ​បាន​​លក់ក្នុងតម្លៃ 0.3ទៅ0,5ដុល្លារ(ប្រមាណ1,200 ទៅ2,000រៀលក្នុងមួយគីឡូក្រាម)។ ប្រហុកត្រូវបានផលិតឡើង​ពី​ត្រីតូចៗ ខណៈពេលដែលត្រីធំៗ ត្រូវបានប្រើសម្រាប់ការធ្វើជាត្រីងៀត និងម្ហូបអាហារផ្សេង​ទៀត។

Leave a Reply

Your email address will not be published. Required fields are marked *