រយៈពេលមួយឆ្នាំទៅហើយ ដែលតារាចម្រៀងប្រុស Kim Jonghyun ដែលបានធ្វើអត្តឃាតដោយសារវិបត្តិផ្លូវចិត្ត។ មិនថាអ្នកតែអ្នកគាំទ្រក្នុងប្រទេសកូរ៉េទេ សូម្បីតាមបណ្ដាប្រទេសដែលនិយមស្ដាប់ចម្រៀងកូរ៉េ រួមទាំងកម្ពុជាផងនោះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមអាល័យ សោកស្ដាយចំពោះការបាត់បង់តារាចម្រៀងប្រុសមួយនេះដែរ។
ថ្មីៗនេះក្រុមយុវនារីដែលជាអ្នកគាំទ្រតារាចម្រៀងកូរ៉េខាងលើ បានបង្ហោះរូបយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធតារាចម្រៀងរូបនោះ ព្រមទាំងសរសេររៀបរាប់ថា៖ «ទោះជាតិចក្ដី តូចក្ដីតែនេះជាទឹកចិត្ត ហើយពួកយើងពេញចិត្តនឹងធ្វើ។ ហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាផងដែរ សូមជូនបុណ្យកុសល និងជូនពរឱ្យគ្រប់គ្នាជួបតែរឿងល្អៗ និងជោគជ័យគ្រប់ភារកិច្ច។ អរគុណដែលបាននៅជាមួយ និងចូលរួមជាមួយពួកយើងរាល់ពេលមានគម្រោងម្តងៗ Together for the better SM Stan Cambodia x SHINee 샤이니 » ។
គួររំឭកផងដែរថា សម្រាប់ការបាត់បង់ជីវិតរបស់តារាចម្រៀងប្រុសល្បីឈ្មោះរូបនេះ បានកើតឡើងនៅល្ងាចថ្ងៃទី18 ខែធ្នូ ឆ្នាំ2017 ដែលបានចេញផ្សាយដំបូងដោយសារព័ត៌មានកូរ៉េល្បីឈ្មោះ yonhapnewsបានផ្សាយឱ្យដឹងថា តារាប្រុស Kim Jonghyun វ័យ 27 ឆ្នាំ ជាសមាជិកនៅក្នុងក្រុមចម្រៀង SHINEE ត្រូវបានប្រទះឃើញកំពុងដេកសន្លប់នៅក្នុងបន្ទប់ដេកប្រមាណជាជាង 6 ម៉ោងមកហើយ។ បងស្រីរបស់លោកបានទូរស័ព្ទបញ្ជូនដំណឹងទៅប៉ូលិសដើម្បីសុំជំនួយ ព្រោះនាងបានដឹងជាមុនថា ប្អូនប្រុសបម្រុងនឹងធ្វើអត្តឃាត។ មុនពេលធ្វើអត្តឃាត តារាប្រុសរូបនេះ បានផ្ញើសារអេឡិចត្រូនិកចុងក្រោយចូលទូរស័ព្ទដៃបងស្រីថា «រហូតដល់ពេលនេះវានៅតែលំបាកណាស់ សូមមេត្តាបណ្ដោយខ្ញុំទៅ ខ្ញុំវេទនាណាស់ »៕