គេបានកត់សម្គាល់ឃើញថា លោក ឃុង ឃុយ ក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មថោនក្នុងឆ្នាំ2016 ហើយបទចម្រៀងមួយចំនួនរបស់លោក ទទួលបានការគាំទ្រពីទស្សនិកជននៅក្នុងស្រុកខ្មែរផងដែរ។ ពិសេសបទចម្រៀងចេញនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរចាប់ដៃគូជាមួយ ចេន សាយចៃ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទាំងក្នុង និងក្រៅសិល្បៈ។
ក្រៅពីចេញបទចម្រៀងចូលឆ្នាំប្រពៃណីខ្មែររួចមកតារាចម្រៀងខ្មែរសុរិន្ទលោក ឃុង ឃុយ មិនមានបទចម្រៀងថ្មីដូចអ្នកនាង ចេន សាយចៃ នោះទេជាហេតុធ្វើឱ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង។
លោក ឃុង ឃុយ ថា នៅសុរិន្ទហ្នឹងខ្ញុំអត់មានចូលផលិតកម្មណាមួយផងគឺខ្ញុំជាអ្នកចម្រៀងFreelance។ មូលហេតុដែលខ្លួនពុំសូវមានបទថ្មីក្រៅតែពីបទចូលឆ្នាំប្រពៃណីខ្មែរ ដោយសារតែមួយរយៈនេះលោក ជាប់រវល់ជាមួយការងារចម្រៀងនៅឯខេត្តសុរិន្ទស្ទើររកពេលទំនេរគ្មាន ទើបមិនសូវបានចេញចូលមកទទួលបទថ្មីដែលខាងផលិតកម្មថោនដាក់ឱ្យ។ លោកថា ខាងផលិតកម្មថោន បានត្រៀមបទថ្មីសម្រាប់ខ្ញុំដូច ចេន សាយចៃ ដែរតែមកពីខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ ព្រោះរវល់ច្រៀងនៅឯខេត្តសុរិន្ទដើម្បីរកប្រាក់សិន។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ លោក ឃុង ឃុយ បានបកស្រាយបទចម្រៀងមរតកដើម រួមគ្នាជាមួយអ្នកនាង ចេន សាយចៃ ក្រៅពីបទប្រពៃណី ក៏ទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។ មហាជនរំពឹងថា ឆាប់ៗនេះ ខាងផលិតកម្មនឹងមានបទចម្រៀងឱ្យលោកច្រៀងសម្រាប់កម្សាន្ដអារម្មណ៍អ្នកគាំទ្របន្ដទៀត៕