តាមរយៈទំព័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅសារមន្ទីរជាតិ មានការប្រារព្ធពិធីប្រគល់-ទទួលផ្ទាំងគំនូរ “ទេសភាពមាត់សមុទ្រ” មួយផ្ទាំង រវាងក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្នុងគោលបំណងចុះបញ្ជីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:។
ផ្ទាំងគំនូរមួយផ្ទាំងដែលនិយាយពីទេសភាពមាត់សមុទ្រនេះ ជាស្នាដៃដ៏វិសេសមួយរបស់លោក ញឹក ឌឹម ដែលជាវិចិត្រករខ្មែរដ៏ល្បីល្បាញ នាសម័យសង្គមរាស្ត្រនិយម ដែលត្រូវបានគេដាក់តាំងលម្អនៅក្នុងអគារ«ស»នៃវិមានរដ្ឋចំការមន អតីតព្រះរាជដំណាក់នៃព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ«ព្រះបរមរតនកោដ្ឋ»និង សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ។ ចាប់ពីឆ្នាំ 1998 មក អគារនេះ ត្រូវបានប្រើប្រាស់ជាទីស្នាក់ការនៃក្រុមប្រឹក្សាធម្មនុញ្ញ ហើយគំនូរនេះ ក៏ត្រូវបានរក្សា និង ដាក់តាំងនៅទីនេះបន្តរហូតមក ។
ឥឡូវនេះ ផ្ទាំងគំនូរមួយផ្ទាំងនេះ ត្រូវបានធ្វើពិធីចុះហត្ថលេខាប្រគល់ និង ទទួល ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ ។ ផ្ទាំងគំនូរ ដែលជាស្នាដៃដ៏វិសេសមួយរបស់លោក ញឹក ឌឹម ដែលជាវិចិត្រករខ្មែរដ៏ល្បីល្បាញ នាសម័យសង្គមរាស្ត្រនិយមនោះ ត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិ ដើម្បីទុកសម្រាប់ឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិបានទស្សនា៕