ពាក់កណ្តាលនៃកម្មវិធីប្រកួតក្របខ័ណ្ឌបារាំង Ligue 1 ត្រូវបានពន្យារពេលសម្រាប់សប្តាហ៍ទី2 ជាប់ៗគ្នា ដោយសារតែមានការធ្វើបាតុកម្មដែលទាមទារឱ្យប៉ូលិសត្រូវពង្រឹងសន្តិសុខ និងសុវត្ថិភាព ស្របពេលដែលការតវ៉ាផ្សេងៗ និងការគំរាមវាយប្រហារភេវរកម្មកំពុងតែបន្ត។
ក្រុម Marseille នឹងត្រូវខកខានការប្រកួតក្របខ័ណ្ឌលីកជាលើកទី2 ជាប់ៗគ្នារបស់ពួកគេ បន្ទាប់ពីការប្រកួតនៅចុងសប្តាហ៍នេះជាមួយនឹង Bordeaux របស់ពួកគេ ត្រូវបានពន្យារពេលដោយប្រធានក្របខ័ណ្ឌលីក កាលពីថ្ងៃព្រហស្បតិ៍ តាមការស្នើរបស់ប៉ូលិស។
ការប្រកួតក្រៅទឹកដីរបស់ក្រុមម្ចាស់ការពារតំណែងជើងឯក Paris Saint-Germain នៅលើទឹកដីក្រុម Dijon នៅថ្ងៃសៅរ៍នេះ ដែលគ្រោងធ្វើឡើងជាធម្មតានោះ ក៏ត្រូវបានពន្យារពេលផងដែរនៅថ្ងៃសៅរ៍នេះ ប៉ុន្តែការប្រកួតរបស់ក្រុម Nice ជាមួយនឹងក្រុម Saint-Etienne ត្រូវបានប្តូរទៅថ្ងៃអាទិត្យ ក្រោយពីគម្រោងប្រកួតជាធម្មតាត្រូវបានពន្យារពេល ហើយការប្រកួតរវាងក្រុម Caen និង Toulouse នឹងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។
ក្របខ័ណ្ឌលីកអាជីពរបស់បារាំងហៅកាត់ថា LFP បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រាល់កម្មវិធីប្រកួតដែលត្រូវបានពន្យារពេលផ្សេងទៀត នឹងត្រូវកំណត់យកកាលបរិច្ឆេទជាថ្មីនៅពេលក្រោយទៀត។
ការប្រកួតរបស់ក្រុម Marseille ជាមួយនឹងក្រុម Saint-Etienne ស្ថិតក្នុងចំណោមកម្មវិធីប្រកួតជាច្រើនដែលត្រូវបានពន្យារពេលកាលពីចុងសប្តាហ៍មុន ដោយសារតែការកង្វល់ខាងសន្តិសុខ ទាក់ទងនឹងចលនា «អាវកាក់ពណ៌លឿង» ក្នុងប្រទេសបារាំង។
ក្រុមអាជ្ញាធរកំពុងតែប៉ាន់ប្រមាណទុកថា ប្រហែលជានឹងមានការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបន្ថែមទៀតនៅចុងសប្តាហ៍នេះ ស្របពេលដែលការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពត្រូវបានធ្វើឡើងនៅគ្រប់ទីកន្លែង៕