កីឡាករវាយកូនបាល់ Novak Djokovic និងកីឡាការិនី Simona Halep កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានផ្តល់ឈ្មោះជាម្ចាស់ជើងឯកពិភពលោក ITF ឆ្នាំ2018 ដោយអង្គភាពគ្រប់គ្រងកីឡាវាយកូនបាល់ពិភពលោក។
កីឡាករមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោក Djokovic បានទទួលពានកិត្តិយសមួយនេះ ពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) ជាលើកទី6 ខណៈដែលកីឡាការិនីរ៉ូម៉ានី Halep បានឈ្នះពានរង្វាន់នេះជាលើកទី2។
កីឡាករ Djokovic សញ្ជាតិស៊ែប៊ី ដែលបានវិលទៅឈរក្នុងចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោកវិញ ក្រោយពីរងរបួស ដោយបានឈ្នះពាន Wimbledon និង US Open នោះ បានឱ្យដឹងថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ក្នុងការជាប់ឈ្មោះជាម្ចាស់ជើងឯកពិភពលោក ITF ម្តងទៀត»។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមានមោទនភាពជាពិសេសចំពោះការសម្រេចបាននូវសមិទ្ធផលនេះ ក្រោយពីខ្ញុំបានបង្ហាញពីទម្រង់លេងដ៏រឹងមាំនៅឆ្នាំនេះ ប៉ុន្តែ ខ្ញុំតែងតែមានការជឿជាក់ថា ខ្ញុំអាចឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ1។ វាពិតជារឿងដ៏ពេញចិត្តខ្លាំងណាស់ក្នុងការចូលរួមជាមួយនឹងលោក Pete Sampras តាមរយៈការឈ្នះពាន 6លើក»។
កីឡាការិនី Halep ក៏បានរីករាយនឹងជោគជ័យក្នុងកម្មវិធី Grand Slam ផងដែរ ក្នុងឆ្នាំ2018នេះ តាមរយៈការឈ្នះពានរង្វាន់ធំជាលើកទី1របស់នាង ក្នុង French Open និងបានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃ Australian Open។
កីឡាការិនីរូបនេះបានឱ្យដឹងថា៖ «វាពិតជាកិត្តិយសដ៏អស្ចារ្យមួយក្នុងការជាប់ឈ្មោះជាម្ចាស់ជើងឯកពិភពលោក ITF ជាលើកទី1។ ខ្ញុំបានជួបឆ្នាំដ៏មិនគួរឱ្យជឿមួយ តាមរយៈការឈ្នះពាន French Open ដើម្បីបញ្ចប់ឆ្នាំនេះក្នុងនាមជាកីឡាការិនីមានចំណាត់ថ្នាក់លេខ1ក្នុងពិភពលោក»៕