ថ្មីៗនេះ មានការសង្ស័យពីបណ្ដាអ្នកគាំទ្រថា ផលិតកម្មថោន កំពុងតែបើកភ្លើងខៀវឱ្យតារាចម្រៀងស្រី រ័ត្ន រចនា ក្រោយពីល្បីបទ «មេម៉ាយសប្បាយចិត្ត» ។ តារាចម្រៀងស្រីរូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅពេលថ្មីៗនេះ ចម្រៀងតែមួយបទទេ បានធ្វើឱ្យជីវិតរបស់អ្នកនាងផ្លាស់ប្ដូរសឹងតែ 360 ដឺក្រេតែម្ដង ពោលគឺឡើងកូដ មានកម្មវិធីអញ្ជើញពេញៗថ្ងៃ សឹងតែរកពេលសម្រាកមិនបាន រហូតដល់ត្រូវបានអញ្ជើញទៅសម្ដែងទៅប្រទេសក្រៅចំនួន 3 ប្រទេសបន្តបន្ទាប់គ្នាថែមទៀតផងដែរ។
ស្របជាមួយដំណឹងហក់ចូលទ្រនំនេះដែរ អ្នកចម្រៀងមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ បានទម្លាយព័ត៌មានទៀតថា អ្នកនាងគ្រោងត្រៀមចេញ Original Song ផ្ទាល់ខ្លួន ក្រោមទឹកដៃអ្នកនិពន្ធម្នាក់ដែលធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅថោនគឺលោក យឹម តាស្រង់ ។ រ័ត្ន រចនា ថា ដោយសារតែមហាជនមួយចំនួនចង់ឃើញនាង មានចម្រៀងផ្ទាល់ខ្លួនច្រៀងទើបសម្រេចចិត្តធ្វើបទ Original song បំពេញចិត្តមហាជនតែម្ដងទៅ។ ការចេញចម្រៀងថ្មីលើកដំបូងនេះនាង សង្ឃឹមថានឹងទទួលបានការគាំទ្រពីពុកម៉ែបងប្អូនផងដែរ។
សូមជម្រាបចំពោះ Original song ជាប្រភេទបទអ្វី រ័ត្ន រចនា សុំលាក់សិនព្រោះចង់ឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅពេលបទថ្មីមួយនេះបង្ហោះនៅលើYoutube ឬ Face book ក្នុងពេលឆាប់ៗនេះ៕