ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានថ្លែងថា កម្ពុជានឹងសម្រេចបានការនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណជា ៦០ម៉ឺនតោននៅដំណាច់ឆ្នាំ២០១៧នេះ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ឧសភានេះថា ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល៤ខែឆ្នាំ2017នេះមានកំណើនច្រើនដែលជាសញ្ញាវិជ្ជមានមួយហើយយើងសង្ឃឹមថា នៅដំណាច់ឆ្នាំនេះការនាំចេញអាចសម្រេចបានប្រមាណជា៦០ម៉ឺនតោន។
លោកបន្តថា កម្ពុជានៅតែមានសង្ឃឹមលើទីផ្សារដែលគេធ្លាប់បានបញ្ជាទិញកាលពីឆ្នាំកន្លងទៅ អ្វីដែលពិសេសនោះគឺការបន្ថែមកូតានាំចេញអង្ករទៅចិន១០ម៉ឺនតោនលើសពីឆ្នាំមុន ដែលឆ្នាំនេះចិនធានាទិញអង្ករពីកម្ពុជាចំនួន២០ម៉ឺនតោនផងដែរ។
យោងតាមតួលេខពីការិយាល័យច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករបានបង្ហាញថា ការនាំចេញអង្កររយៈពេល៤ខែដើមឆ្នាំបានចំនួន២១ម៉ឺនតោន ស្មើនឹងកំណើនប្រមាណ៥ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
លោកឧកញ៉ា ភួ ពុយ ប្រធានសមាគមសម្ព័ន្ធរោងម៉ាស៊ីនកិនស្រូវកម្ពុជា និងជាអគ្គនាយកធនាគារស្រូវបានថ្លែងថា ការនាំចេញអង្កររបស់កម្ពុជាឆ្នាំនេះមានសភាពល្អប្រសើរ ដោយសារទីផ្សារចិនជាទីផ្សារអំណោយផលមួយសម្រាប់កម្ពុជា ព្រោះរដ្ឋាភិបាលចិនអនុញ្ញាតឲ្យកម្ពុជានាំចេញរហូតដល់៣០ម៉ឺនតោននៅឆ្នាំក្រោយ។ លោកបន្តថា អង្កររបស់យើងសង្ឃឹមលើទីផ្សាចិនច្រើន ប៉ុន្តែទីផ្សារឥណ្ឌូនេស៊ី ហ្វីលីពីន យើងមិនអាចនាំចេញទៅបានទេ ដោយសារអង្កររបស់កម្ពុជាមានតម្លៃថ្លៃ មិនអាចប្រកួតប្រជែងជាមួយអង្ករផលិតនៅប្រទេសថៃ និងប្រទេសវៀតណាមបាននោះទេ។
លោកបន្តថា “បច្ចុប្បន្នកម្ពុជាអស់ស្រូវពីស្តុកសម្រាប់នាំចេញ ប៉ុន្តែការប្រមូលផលនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ ដូច្នេះការនាំចេញអង្ករឆ្នាំនេះមិនមានបញ្ហានោះទេ”៕