លោក Jose Mourinho បានបញ្ជាក់ថា គ្មានអ្វីធ្វើឱ្យលោកភ្ញាក់ផ្អើលឡើយអំពីការបង្ហាញទម្រង់លេងដ៏អន់របស់ក្រុម Manchester United នៅពេលប្រកួតជាមួយនឹងក្រុម Valencia កាលពីថ្ងៃពុធ ប៉ុន្តែលោកបានច្រានចោលការប៉ះពាល់ជាសក្តានុពលចំពោះពួកគេដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 ក្នុងពូលរបស់ខ្លួន។
Man United បានរងបរាជ័យក្នុងលទ្ធផល 2-1 ខណៈដែលតួលេខនេះ គឺជាលទ្ធផលដ៏សែនខកចិត្តមួយ ព្រោះពួកគេអាចមានឱកាសក្នុងការបញ្ចប់ដោយការឈរលើលេខ1 ក្នុងពូល H ក្រោយពីការចាញ់ដ៏មិននឹកស្មានដល់របស់ក្រុម Juventus ក្រោមស្នាដៃក្រុម Young Boys។
ប៉ុន្តែទោះបីជាយ៉ាងណា ការបរាជ័យនេះ គឺជាលទ្ធផលដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមរបស់លោក Mourinho ខណៈដែលលោកបានផ្លាស់ប្តូរកីឡាករដល់ទៅ 8នាក់ ហើយខ្សែបម្រើ Paul Pogba ក៏មិនបានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំនាកីឡដ្ឋាន Mestalla ផងដែរ។
លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំមិនបានសិក្សាពីអ្វីទាំងអស់ គ្មានអ្វីធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលឡើយ»។
Man United នឹងឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលើលេខ2 មុនពេលការចាប់ឆ្នោតនៅថ្ងៃចន្ទ ខាងមុខនេះ សម្រាប់វគ្គ 16ក្រុមចុងក្រោយ ខណៈដែលក្រុម Barcelona, Borussia Dortmund, Paris Saint-Germain, Porto, Real Madrid និង Bayern Munich សុទ្ធសឹងអាចជាគូប្រកួតដែល Man United ត្រូវប៉ះនៅជុំបន្ទាប់ទាំងអស់ តែបើពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ1 នឹងធ្វើឱ្យពួកគេអាចប៉ះជាមួយនឹងក្រុម Atletico Madrid, Roma, Schalke, Ajax ឬ Lyon។
លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំគិតថា ការឆ្លងផុតពូលនេះ គឺជាជោគជ័យមួយ មិនមែនបរាជ័យទេ។ ការបញ្ចប់លើលេខរៀងទី2 ក្នុងពូល គឺជារឿងដ៏ជោគជ័យមួយ»៕