ភ្នាក់ងារប្រឆាំងនឹងសារធាតុហាមឃាត់របស់ពិភពលោក (WADA) បានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនបានបំពេញការធ្វើសវនកម្មទៅលើភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់របស់រុស្ស៊ី (RUSADA) ស្របតាមតម្រូវការរួចរាល់ហើយ ក្រោយពីការផ្តល់សិទ្ធិឱ្យអង្គភាពនេះជាថ្មី។
ប្រតិភូ 3នាក់របស់ WADA បានត្រួតពិនិត្យទៅលើការអនុម័តក្នុងជំហានដំបូង ការដំណើរការផ្សេងៗ និងការអនុវត្តរបស់ RUSADA ហើយនិងត្រូវសរសេររបាយការណ៍មួយដែលបង្ហាញពីបញ្ហាផ្សេងៗ។ លោក Olivier Niggli អគ្គនាយករបស់ WADA បានចាត់ទុកការធ្វើសវនកម្មមួយនេះ គឺជាជំហានដ៏សំខាន់មួយនៃដំណើរដ៏វែងឆ្ងាយក្នុងការធ្វើឱ្យ RUSADA ក្លាយជាដៃគូប្រឆាំងនឹងសារធាតុហាមឃាត់ដែលមានការជឿជាក់ទាំងស្រុង។
ប៉ុន្តែ រនាំងដ៏ធំបំផុតនៅតែមិនទាន់បានយកចេញនៅឡើយទេ ខណៈដែល RUSADA មិនទាន់អនុញ្ញាតឱ្យមន្ត្រីត្រួតពិនិត្យរបស់ WADA ចូលទៅកាន់អតីតមន្ទីរពិសោធន៍របស់រុស្ស៊ី និងដំណើរការយកទិន្នន័យផ្សេងៗតាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់មន្ទីរពិសោធនៅឡើយទេ។
WADA បានកំណត់ពេលនៅថ្ងៃទី31 ខែធ្នូ សម្រាប់ RUSADA ក្នុងការបំពេញលក្ខខណ្ឌនេះ បើមិនអ៊ីចឹងទេ នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង តាមមាត្រាស្តង់ដារអន្តរជាតិសម្រាប់ការប្រព្រឹត្តតាមដោយភាគីហត្ថលេខី។
RUSADA ត្រូវបានដាក់ពិន័យព្យួរកាលពីឆ្នាំ2015 ក្រោយពីមានរបាយការណ៍មួយរបស់ក្រុមប្រឹក្សា WADA បានបង្ហាញពីភ័ស្តុតាងទាក់ទងនឹងប្រព័ន្ធប្រើប្រាស់សារធាតុហាមឃាត់ដែលគាំទ្រដោយរដ្ឋក្នុងកីឡាអត្តពលកម្មរបស់រុស្ស៊ី ខណៈដែលការចោទប្រកាន់នេះត្រូវបានទីក្រុងម៉ូស្គូបដិសេធ៕
ប្រភពពី៖ Channel News Asia