ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា ផ្សាររាត្រីកុងតឺន័រ Jet’s Container Night Market គឺជាផ្សាររាត្រីកុងតឺន័រធំជាងគេក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងជិតស្ថានទូតរុស្សី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានបើកដំណើរការកាលពីជាង2 ឆ្នាំមុន ដោយមានហាងលក់ម្ហូបអាហារ ភេសជ្ជៈ បារផឹកស៊ីតូចៗ និងវត្ថុអនុស្សាវរីយ៍ លក់នូវសម្លៀកបំពាក់ ចន្លោះពី 200-300 ហាង តូប និងស្តង់ ដោយប្រើប្រាស់ទូរកុងតឺន័រសរុបជាង80ទូរនោះ ខណៈនេះត្រូវបានរុះរើតូបនិងបិទជាស្ថាពរហើយ ។
តាមរយៈការបង្ហើបរបស់ប្រធានគ្រប់គ្រងផ្សាររាត្រីកុងតឺន័រ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ដោយសារតម្លៃជួលដីអាចនិយាយថា ជាហេតុផលចម្បង ដែលមិនអាចអនុញ្ញាតិឱ្យក្រុមហ៊ុនបន្តដំណើរការបានតទៅមុខទៀត ហើយខាងក្រុមហ៊ុងបានវាយកម្ទេចនូវតូបនានា ចំណែកឯម្ចាស់តូបបានរើឥវាន់ចេញអស់រួចរាល់។ ខាងម្ចាស់ដីគឺ ក្រុមហ៊ុន Royal Group របស់លោកឧញ៉ាគិតម៉េង នឹងយកដីនេះ ទៅសាងសង់អគារពាណិជ្ជកម្មផ្សេងៗ តែមិនទាន់ច្បាស់សាងសង់អ្វីនោះទេ។
យ៉ាងណាមិញ ប្រភពដដែលបានបន្ដទៀតថា អាហារដែលមានលក់នៅក្នុងផ្សារកុងតឺន័រ ពុំមានផាសុខភាពសម្រាប់អតិថិជន រួមទាំងតម្លៃទៀតសោត អតិថិជនមិនច្រើននោះទេ ដែលមានលទ្ឋភាពចំណាយលើអាហារមួយចានក្នុងតម្លៃប្រមាណ 5ដុល្លារ ស្រាបៀរមួយដបតម្លៃ 3 ទៅ 3.5 ដុល្លារអាមេរិកជាប្រចាំ ដើម្បីជួយទ្រទ្រង់ចំណូលប្រចាំថ្ងៃ សម្រាប់ថ្លៃឈ្នួលផ្សារទាំងនោះបាន”។
សូមជម្រាបថា ផ្សាររាត្រីកុងតឺន័រ Jet’s Container Night Market ត្រូវបានក្រុមហ៊ុនរុះរើសម្ភារៈដែលមានក្នុងទីតាំងខាងលើ យកទៅទុកនៅតំបន់វិហារសួគ៌ ដែលជាទីតាំងផ្ទាល់របស់ក្រុមហ៊ុន ខណៈក្រុមហ៊ុនមានផែនការអភិវឌ្ឍតំបន់វិហារសួគ៌ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងរស់នៅដ៏ល្អប្រកបដោយប្រណីតភាពបំផុត៕