ក្រោមការសម្របសម្រួលដោយផ្ទាល់ពី ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ុលឌិង-ស បានចុះកិច្ចសន្យាលក់បន្ទប់ស្នាក់នៅបានចំនួន ៤៦៤បន្ទប់ ស្មើនឹង ៩៤,៣០% នៃចំនួន សរុប ៤៩២បន្ទប់ហើយ និងបើយោងតាមច្បាប់សហកម្មសិទ្ធិ បើសិនជាមានអ្នករស់នៅលើអគារ ៧៥% បានយល់ព្រម នោះមានន័យថា ការចុះកិច្ចសន្យាលក់-ទិញ ត្រូវអនុវត្ត ១០០%។
នៅថ្ងៃទី០៦ ខែមិថុនា ខាងមុខខាងក្រសួង និងគណៈកម្មការតំណាងឲ្យពលរដ្ឋរស់នៅលើអគារ រួមទាំងធនាគារនឹងរៀបចំផ្ដល់ប្រាក់ជូនពលរដ្ឋប៊ុលឌិងប្រមាណជា ២០០គ្រូសារ ដោយគ្រួសារនីមួយៗអាចទាក់ទងទៅកាន់ក្រសួង ដើម្បីទទួលបានព័ត៌មានលម្អិតទាក់ទងនឹងការទទួលប្រាក់ ហើយក្រោយពីទទួលបានប្រាក់ ពួកគាត់នឹងរើអីវ៉ាន់ចេញពីអគារតែម្ដង ចំណែកគ្រួសារដែលនៅសល់ នឹងរើចេញតាមក្រោយបន្តិចម្ដងៗ ទៅតាមការកំណត់របស់ក្រសួង។ ជាមួយគ្នានោះផងដែរ ឯកឧត្តម ជា សុផារ៉ា បានផ្ដល់ប្រាក់ដឹកជញ្ជូនចំនួន ១០០ដុល្លារ និងនៅថ្ងៃទី១០ ខែមិថុនា ខាងមុខនឹងមានកម្មវិធីជប់លៀងលាគ្នាផងដែរ ដែលរៀបចំដោយក្រសួងដែនដី៕