ការងាររដ្ឋបាល ជាការងារសំខាន់មួយសម្រាប់ក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនជាដើម។ នៅកម្ពុជាយើងមានបែបបទរដ្ឋបាលជាច្រើនទម្រង់ និងសម្បូរបែប តែពេលខ្លះការប្រើប្រាស់ពាក្យមិនទាន់ត្រូវបានគេយកចិត្តទុកដាក់ខ្លាំងនៅឡើយ។
ដោយមើលឃើញពីបញ្ហានេះក្រុមអ្នកជំនាញមួយក្រុមបាននាំគ្នាបង្កើតគំនិតចងក្រងជាសទ្ទានុក្រមបច្ចេកស័ព្ទកិច្ចការរដ្ឋបាលឡើង ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងការប្រើប្រាស់ពាក្យលើវិស័យដ៏សំខាន់នេះ។
នៅថ្ងៃនេះ កាសែតឡារ៉ែន ពាណិជ្ជ បានសម្ភាសជាមួយលោក ឈិន សីហា អ្នករៀបរៀងសទ្ទានុក្រមបច្ចេកស័ព្ទកិច្ចការរដ្ឋបាល ដើម្បីបង្ហាញលម្អិតពីសារៈសំខាន់ និងកត្តាប្រឈមនានានៃការងារនេះ។
1. មូលហេតុអ្វីខ្លះដែលនាំឱ្យលោកចងក្រង និងរៀបរៀងសទ្ទានុក្រមបច្ចេកស័ព្ទកិច្ចការរដ្ឋបាលនេះឡើង?
មូលហេតុដែលនាំឱ្យក្រុមការងារ រួមទាំងខ្លួនខ្ញុំសម្រេចចិត្តក្នុងការតាក់តែងសទ្ទានុក្រមនេះឡើងពីព្រោះយើងខ្ញុំចង់ដោះស្រាយបញ្ហានានាដែលកន្លងមកធ្លាប់កើតមាននៅក្នុងប្រទេសរបស់យើង។
បញ្ហាប្រឈមសំខាន់ទី1 គឺប្រទេសយើងមានកង្វះខាតសទ្ទានុក្រមបច្ចេកទេស ហេតុនេះការបង្កើតសទ្ទានុក្រមកិច្ចការរដ្ឋបាលនេះឡើង គឺជាការចូលរួមចំណែកមួយដើម្បីឱ្យការប្រើប្រាស់វាក្យស័ព្ទបច្ចេកទេសនៅប្រទេសយើងកាន់តែមានលក្ខណៈសម្បូរបែបឡើង។
ចំណុចសំខាន់មួយទៀត គឺខ្ញុំចង់ចូលរួមវិភាគទានដើម្បីលើកស្ទួយតម្លៃនៃអក្សរសាស្ត្រខ្មែរលើលិខិតរដ្ឋបាល ព្រោះប្រសិនបើមានសទ្ទានុក្រមត្រឹមត្រូវ ការប្រើប្រាស់ភាសាក៏នឹងមានលក្ខណៈប្រសើរឡើងដែរ។
លើសនេះទៅទៀត យើងចង់ឱ្យមានឯកសាររួមមួយដើម្បីងាយស្រួលក្នុងការប្រើប្រាស់ភាសាឱ្យមានការឯកភាពគ្នា ងាយស្រួលពន្យល់ពាក្យ និងប្រើប្រាស់ពាក្យក្នុងភាសារដ្ឋបាល។ ចំណែកឯចំណុចចុងក្រោយគឺចង់បង្កើតស្នាដៃថ្មីជូនសង្គមតាមរយៈ ការប្រមូលផ្តុំបញ្ញវន្តខ្មែរដែលមានចំណេះដឹងល្អៗមកធ្វើការងាររួមគ្នា។
2. តើលោកអាចបញ្ជាក់បានទេ ពីគុណតម្លៃនៃសទ្ទានុក្រមបច្ចេកស័ព្ទកិច្ចការរដ្ឋបាល?
តម្លៃនៃសទ្ទានុក្រមកិច្ចការរដ្ឋបាលនេះ គឺវាមានបច្ចេកស័ព្ទច្រើនក្នុងការប្រើប្រាស់ ដោយមានការពន្យល់ច្បាស់លាស់ ដូចអ្វីដែលខ្ញុំបានជម្រាបខាងដើម។ ហេតុនេះនៅពេលយើងមានឯកសារច្បាស់លាស់យើងអាចមានចំណុចពឹងផ្អែក ដើម្បីកំណត់ថាតើការប្រើប្រាស់ពាក្យណាខុស ហើយការប្រើប្រាស់ពាក្យណាមិនទាន់ស្របនឹងស្ថានភាព ឬគោលបំណងនៃឯកសារដែលយើងរៀបចំឡើង។ តាមរយៈសទ្ទានុក្រមនេះ ក៏អាចជួយដល់វិស័យនគរបាល វិស័យបរិស្ថាន វិស័យច្បាប់ និងអក្សរសាស្ត្រជាដើមព្រោះយើងបានពន្យល់ពាក្យលើផ្នែករដ្ឋបាលទាក់ទងនឹងវិស័យទាំងនេះផងដែរ។ ចំណុចដែលសទ្ទានុក្រមនេះផ្តល់ជូនក៏អាចជួយឱ្យប្រជាជនខ្មែរងាយយល់ពីភាសាជាតិ និងភាសាបរទេស ព្រោះសទ្ទានុក្រមនេះធ្វើឡើងជាភាសាខ្មែរ អង់គ្លេស និងបារាំង។ អាស្រ័យហេតុនេះ ប្រជាជនខ្មែរអាចនឹងចាប់ផ្តើមប្រើប្រាស់ពាក្យបច្ចេកស័ព្ទបានយ៉ាងត្រឹមត្រូវ និងស៊ីជម្រៅ នៅថ្ងៃអនាគតប្រសិនបើយើងបង្កើតឯកសារសម្រាប់គាត់ប្រើប្រាស់។
3. មូលហេតុអ្វីខ្លះទើបលោករៀបរៀងជា 3ភាសាខ្មែរ-អង់គ្លេស និងបារាំង?
មូលហេតុដែលខ្ញុំសរសេរជា 3ភាសា ព្រោះខ្ញុំផ្ទាល់ក៏ជាមន្ត្រីរដ្ឋបាលដែរ ពេលខ្លះលិខិតរដ្ឋបាលមិនមែនមានតែភាសាខ្មែរទេ ហេតុនេះខ្ញុំជាអ្នកធ្វើការងារផ្ទាល់ផ្នែកនេះ ខ្ញុំគិតថា ប្រសិនបើយើងពន្យល់ជាផ្លូវការឱ្យ-បានច្បាស់លាស់លើភាសាអង់គ្លេស និងបារាំងបន្ថែមទៀត កាន់តែធ្វើឱ្យអ្នកធ្វើការងាររដ្ឋបាលងាយយល់និងប្រើប្រាស់ពាក្យបានចំចំណុចល្អ។ ក្រៅពីនេះ ដូចយើងឃើញហើយថាយុវវ័យជំនាន់ថ្មីនេះ មានអ្នកខ្លះអាចប្រើប្រាស់ពាក្យអង់គ្លេសបាន តែមិនដឹងថានិយាយជាខ្មែរយ៉ាងម៉េចឱ្យត្រូវ ហេតុនេះការរៀបរៀងជា 3ភាសាបែបនេះ អាចធ្វើឱ្យគាត់ដឹងថាពាក្យនោះតាមពិតខ្មែរយើងក៏មានដែរ ហើយមានលក្ខណៈច្បាស់លាស់ទៀតផង។
ជាចំណុចចម្បងមួយទៀតនៃការរៀបចំសទ្ទានុក្រមបច្ចេកស័ព្ទនេះ ក៏ដើម្បីជាការអភិរក្សពាក្យចាស់ៗកុំឱ្យបាត់បង់ ហើយនាំគ្នាយកមកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដែលវាក៏អាចជាប្រយោជន៍សំខាន់ផងដែរសម្រាប់អ្នកសិក្សា ឬអ្នកធ្វើការងារផ្នែករដ្ឋបាលជាដើម។
4. តើការរៀបចំសទ្ទានុក្រមនេះមានបញ្ហាប្រឈមអ្វីខ្លះ?
តាមពិតធ្វើអ្វីក៏មានកត្តាប្រឈមដែរ តែចំណុចសំខាន់យើងត្រូវមានចិត្តវិជ្ជមានដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។ ប្រសិនបើគ្មានបញ្ហា គ្មានកត្តាប្រឈម ក៏មិនមានអ្វីត្រូវដោះស្រាយដែរ ហើយនៅក្នុងដំណោះស្រាយនោះ ក៏ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនទើបអាចទៅដល់គោលដៅ។ សម្រាប់សទ្ទានុក្រមបច្ចេកស័ព្ទរដ្ឋបាលនេះវិញ ក៏មានឧបសគ្គច្រើនគួរសមដែរក្នុងការចងក្រង។
បញ្ហាសំខាន់ទី1 គឺថវិកាសម្រាប់ការស្រាវជ្រាវ និងប្រមូលទិន្នន័យបន្ថែម ព្រោះឯកសារយើងមិនទាន់ចងក្រង ឬប្រមូលផ្តុំឱ្យបានមួយកន្លែងនៅឡើយហេតុនេះយើងត្រូវចំណាយពេល និងធនធានច្រើនដើម្បីប្រមូលមកវិញ។ បញ្ហាមួយផ្សេងទៀត គឺពេលវេលាជាក់ស្តែងក្នុងការធ្វើការងារនេះ ព្រោះក្រុមការងារភាគច្រើនសុទ្ធតែរវល់ក្នុងការងាររៀងៗខ្លួន តែអ្វីដែលសំខាន់គឺប្រមូលឆន្ទៈរួមដើម្បីសម្រេចការងារនេះ។ ក្រៅពីនេះ អ្នកជំនាញបច្ចេកទេសដែលជួយក្នុងការងារនេះក៏នៅមានកម្រិតដែរ ដែលជាហេតុធ្វើឱ្យមានបញ្ហាប្រឈម និងទាមទារឱ្យមានការជជែកគ្នាច្រើន។ ចំពោះការគាំទ្រវិញ ស្ថាប័នរដ្ឋយើងនៅមិនទាន់មានការគាំទ្រខ្លាំងនៅឡើយទាំងផ្នែកថវិកា សម្ភារ និងស្មារតីជាដើម ដែលធ្វើឱ្យក្រុមការងារមានការលំបាកក្នុងការបោះពុម្ពផ្សាយ។
5. តើលោកមានមតិយោបល់អ្វីខ្លះសម្រាប់ប្រជាជនខ្មែរ?
ជាយោបល់របស់ខ្ញុំគឺសូមឱ្យស្ថាប័នពាក់ព័ន្ធនានា មានរាជរដ្ឋាភិបាល ស្ថាប័នជំនាញនានា និងភាគីពាក់ព័ន្ធលើវិស័យអក្សរសាស្ត្រចូលរួមគាំទ្រគ្រប់ស្នាដៃទាំងអស់ដែលនាំមកនូវភាពរីកចម្រើនសម្រាប់សង្គម។ ម្យ៉ាងវិញទៀត សម្រាប់ប្រជាពលរដ្ឋវិញ ក៏សូមងាកមកគាំទ្រ ហើយប្រើប្រាស់ពាក្យខ្មែរឱ្យបានច្រើន ដើម្បីបង្ហាញពីភាពសម្បូរបែប និងលក្ខណៈពិសេសរបស់ភាសាជាតិរបស់យើង។ ហើយចំពោះបញ្ហាថវិកាវិញ រាជរដ្ឋាភិបាលគួរបង្កើតស្ថាប័ន ឬមូលនិធិដើម្បីជួយជ្រោមជ្រែងអ្នកស្រាវជ្រាវ ជាពិសេសអ្នកតាក់តែងសទ្ទានុក្រម ដើម្បីលើកទឹកចិត្តឱ្យមានការបង្កើតស្នាដៃល្អៗឱ្យបានកាន់តែច្រើនឡើង៕