តាមការទម្លាយលើបណ្ដាញសង្គមបានឱ្យដឹងថា ការដាក់លក់សំបុត្រនៅលើប្រព័ន្ធអនឡាញន៍នៃការសម្ដែងល្ខោនព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តែងរឿង “ព្រះនាងវឌ្ឍនាទេវី” ដែលជាស្នាព្រះហស្ថតម្លើងថ្មីដោយ សម្តេចរាជបុត្រី ព្រះរៀមនរោត្តមបុប្ផាទេវី ដែលនាដកា (អ្នករបាំ) ទាំងអស់សម្តែងជាទម្រង់នាដកាហ្លួងព្រះស៊ីសុវត្តិកាលពី100 ឆ្នាំមុន ខណៈនេះមានការគាំទ្រហួសពីការស្មាន រហូតជិតអស់កន្លែងអង្គុយហើយ។
សូមជម្រាបថា ល្ខោនព្រះរាជទ្រព្យឬល្ខោនក្បាច់បុរាណខ្មែររឿង “ព្រះនាងវឌ្ឍនាទេវី “គឺជាស្នាព្រះហស្ថដំឡើងថ្មីដោយ សម្តេចរាជបុត្រី ព្រះរៀមនរោត្តមបុប្ផាទេវី និងជារឿងយកលំនាំតាមរឿងក្រិកបុរាណ “Cupid and Psyche” ។
នៅនគរមួយមានព្រះមហាក្សត្រមួយអង្គ មានបុត្រីស្រស់ស្អាតចំនួនបីអង្គ បុត្រីដែលស្អាតដាច់គេគឺបុត្រីពៅដែលមានឈ្មោះថាវឌ្ឍនាទេវី។ សម្រស់ដ៏ល្អឯករបស់ព្រះនាង ល្បីខ្ទរខ្ទារដែលធ្វើឱ្យរាជនីសម្រស់ឈ្មោះរាគីនៅឋានសួគ៌មានចិត្តច្រណែន។ ព្រះនាងរាគីក៏បញ្ជាឱ្យបុត្រារបស់ខ្លួនឈ្មោះសមិទ្ធា (ទេវបុត្រកាមទេព) បាញ់ព្រួញស្នេហាធ្វើឱ្យវឌ្ឍនាទេវីបានជាគូនឹងសត្វគ្រុឌ។ ទទួលបញ្ជាព្រះមាតាភ្លាមនារាត្រីស្ងាត់ ទេវបុ្រតបានលួចបន្តក់ទឹកមន្តល្វីងលើព្រះនាង ចាប់ពីពេលនោះមកបើទោះជានាងមានសម្រស់ស្រស់ស្អាតយ៉ាងណា ក៏គ្មានក្សត្រាអង្គណាមួយចង់រៀបអភិសេកនឹងព្រះនាងឡើយ។ ជឿតាមក្បួនហោរា ព្រះបិតាព្រះនាងក៏សម្រេចព្រះទ័យយកវឌ្ឍនាទេវីទៅបោះបង់ចោលលើកំពូលភ្នំដើម្បីជាគូនឹងសត្វគ្រុឌ។ ទេវបុ្រតកាមទេព កាលបើបានឱកាសល្អ ទ្រង់ក៏យិតព្រួញកាមទេពសម្តៅលើវឌ្ឍនាទេវីនិងគ្រុឌ លុះពេលឃើញព្រះភក្រ្តព្រះនាង ទេវបុ្រតក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយយកព្រួញកាមទេពបាញ់ខ្លួនឯង រួចទ្រង់ក៏ក្រឡាខ្លួនជាមនុស្សមាសដើម្បីជួយព្រះនាង។ ក្រោយពីបានរួចខ្លួនពីកណ្តាប់ដៃគ្រុឌ វឌ្ឍនាទេវីក៏បានទៅដល់វិមានមួយដែលអ្វីៗសុទ្ធតែប្រណិត។ ទេវបុ្រតកាមទេពនិងវឌ្ឍនាទេវីបានលួងលោមស្នេហានៅវិមាននោះ ប៉ុន្តែមានខសន្យាថា ដាច់ខាតព្រះនាងហាមលួចមើលព្រះភក្រ្តទេវបុ្រត ពុំនោះទេទេវបុ្រតនឹងចាកចេញភ្លាម។ ពេលវេលាកន្លងផុតទៅ ដោយក្តីនឹករឭក ព្រះនាងក៏សុំជួបបងស្រីទាំងពីរ។
កាលបើបានមកដល់វិមានល្អក្រៃ បងស្រីទាំងពីរមានចិត្តច្រណែននឹងប្អូនពៅជាខ្លាំងក៏អុចអាលឲ្យប្អូនពៅសម្លាប់ប្តីដោយចោទថាប្តីនោះជាបិសាច ព្រោះមានតែបិសាចនិងមនុស្សអាក្រក់ទេដែលត្រូវរស់ដោយលាក់មុខ។ ជឿជាក់លើបងៗ វឌ្ឍនាទេវីក៏សម្រេចចិត្តលួចសម្លាប់ប្តី។ បេសកកម្មបរាជ័យ ទេវបុ្រតកាមទេពខកចិត្តយ៉ាងខ្លាំងហើយក៏ចាកចេញទៅ។ ដោយដឹងកំហុស វឌ្ឍទេវីក៏រត់តាមរកប្តីគ្រប់ច្រកល្ហក។ ព្រះនាងរាគីយល់ហេតុការណ៍ក៏តាមធ្វើបាបព្រះនាង ដោយដាក់ប្រស្នាឲ្យវឌ្ឍនាទេវីធ្វើសព្វគ្រប់បើនាងចង់ជួបប្តី។ ទីបំផុត ទេវបុ្រតកាមទេព និងវឌ្ឍនាទេវីបានរៀបអភិសេកនឹងគ្នា។
សូមចូលទៅកាន់ ៖ https://hello.last2ticket.com/event/1157/ ដើម្បីធ្វើការទិញសំបុត្រទស្សនា៕