ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសក្នុងតំបន់ឱ្យមានភាពកាន់តែប្រសើរឡើង រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានព្រមព្រៀមកសាងច្រករបៀងភាគខាងត្បូងថ្មីបន្ថែមទៀតនៅពេលខាងមុខឆាប់ៗនេះ។
ការព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីមើលឃើញថា វិនិយោគិនចិនបានចូលមកបណ្តាក់ទុនរកស៊ីលើវិស័យជាច្រើននៅក្នុងតំបន់ ជាពិសេសនៅកម្ពុជាដូចជាវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងសម្លៀកបំពាក់ វិស័យសំណង់ វិស័យថាមពលអគ្គិសនី និងរ៉ែ ជាដើម។
ក្នុងដំណើរទស្សនិច្ចដ៏កម្រមួយមកកាន់កម្ពុជា ឯកឧត្ដម Zhou Kequin បានមានប្រសាសន៍ថាដើម្បីលើកកម្ពស់ការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ និងដើម្បីស្វែងរកកាលានុវត្តភាពនៃវិស័យដឹកជញ្ជូន រដ្ឋាភិបាលចិនបានសហការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការកសាងច្រករបៀងដឹកជញ្ជូនភាគខាងត្បូង និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្ត Chongqing របស់ចិនបន្ថែមទៀត។
ឯកឧត្តមបញ្ជាក់ថា ការព្រមព្រៀងកសាងច្រករបៀងបន្ថែមពីលើច្រកអន្តរជាតិដែលមានស្រាប់នៅកម្ពុជានេះ គឺដោយសារតែខេត្តChongqing របស់ចិនមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ដូចនៅប្រទេសកម្ពុជាដែរ ដែលជាតម្រូវការចាំចាច់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ ពិសេសបង្កើតច្រករបៀងបន្ថែមក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត ដែលអាចចំណេញពេលវេលា ផ្តល់សុវត្ថិភាពខ្ពស់ និងសន្សំសំចៃក្នុងការចំណាយលើការដឹកជញ្ជូនថែមមួយកម្រិតទៀត។
ជាមួយគ្នានេះឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានថ្លែងគាំទ្រចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ និងច្រករបៀងដឹកជញ្ជូនភាគខាងត្បូងនេះដែរ ព្រោះគម្រោងនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។ ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅ
កម្ពុជា ផ្តោតលើការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកជាមួយប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសថៃ និងប្រទេសចិនជាដើម។ កម្ពុជាស្វាគមន៍ចំពោះវិនិយោគិនទាំងអស់មកពីខេត្តChongqing ដែលមានបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដើម្បីតភ្ជាប់ប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ និងប្រទេសចិន(ខេត្តយូណាន) ព្រោះថា ប្រទេសកម្ពុជាបានបង្កើតច្រកចេញចូលតែមួយដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។
ឯកឧត្តម វ៉ាស៊ឹម សូរិយា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ពន្យល់ថា ច្រករបៀងសមុទ្រភាគខាងត្បូងនៃប្រទេសមហាអនុតំបន់ទន្លេមេង្គមានចំនួន 2ខ្សែ ដែលខ្សែទី1ចេញពីសមុទ្រក្នុងប្រទេសថៃ កាត់តាមខេត្តកោះកុងប្រទេសកម្ពុជា បន្តមកស្រុកស្រែអំបឹល បន្តមកខេត្តកំពត រួចចេញទៅដល់ខេត្តហាទៀង ប្រទេសវៀតណាម និងច្រករបៀងភាគខាងត្បូងទី2 ចាប់ផ្តើមពីប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅប្រទេសថៃ ភ្ជាប់មកប្រទេសកម្ពុជា ត្រង់ច្រកអន្តរជាតិប៉ោយប៉ែតរួចត្រង់ចូលមកក្រុងភ្នំពេញ និងបន្តទៅប្រទេសវៀតណាម៕