ភ្នំពេញ៖ ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុឆ្នាំនេះ បានរក្សាកំណើនទាបជាងមុន ប៉ុន្តែគុណភាពនៃឥណទាន មានភាពប្រសើរជាង បើធៀបជាមួយឆ្នាំមុន ដោយសារការផ្តល់ឥណទានពីស្ថាប័នមីក្រូហិរញ្ញវត្ថុនានាកាន់តែមានការប្រុងប្រយ័ត្នជាងមុន។
លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ឧសភានេះថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំនេះ ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានកំណើន ១០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែទំហំនៃកំណើនឆ្នាំនេះមានការថមថយល្បឿន ដោយសារការដាក់របារការប្រាក់របស់ធនាគារជាតិ ដែលបានអនុវត្តកាលពីដើមខែមេសា។ លោកបន្តថា ទោះបីជាមានកំណើនយឺតជាងឆ្នាំមុន ប៉ុន្តែសុខភាពនៃឥណទានមានគុណភាពជាងមុន ដោយសារការផ្តល់ឥណទានកាន់តែមានការប្រុងប្រយ័ត្ន។
លោកបន្តថា «ជាទូទៅស្ថានភាពនៃឥណទានមានភាពល្អប្រសើរ ទោះជាថមថយល្បឿនបន្តិចក្តី ប៉ុន្តែវាមិនមានសញ្ញាគួរឲ្យបារម្ភនោះទេ»។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា លោកឧកញ៉ា ហួត អេងតុង បានថ្លែងថា ការផ្តល់ឥណទានរបស់ហត្ថាកសិករកើនមានទំហំទឹកប្រាក់២០លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ដែលកំណើននេះមានទំហំប្រហាក់ប្រហែលគ្នាធៀបនឹងឆ្នាំមុន។ ទំហំឥណទាន និងគុណភាពនៃឥណទានក្នុងស្ថាប័នហត្ថាកសិករ និងក្នុងវិស័យទាំងមូលនៅតែរឹងមាំ ទោះជាមានការដាក់របារការប្រាក់ពីធនាគារជាតិក្តី។
លោកបន្តថា ទោះជាមានការដាក់របារការប្រាក់ក៏ដោយ ក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាមិនរងផលប៉ះពាល់នោះទេ ហើយក៏មិនមានការបិទការិយាល័យឥណទាននៅតាមទីជនបទដែរ គ្រាន់តែការផ្តល់ប្រាក់ដល់អតិថិជនកាន់តែមានការប្រុងប្រយ័ត្នជាងមុន ដើម្បីធ្វើឲ្យប្រាកដថាឥណទានរបស់យើងមានគុណភាព៕