បញ្ហាអំពើហិង្សាលើស្ត្រីនៅតែជាចំណុចប្រឈមដ៏ស្រួចស្រាល់មួយក្នុងសង្គមកម្ពុជា បើទោះបីជាបញ្ហានេះត្រូវបានក្រសួង និងស្ថាប័នជំនាញធ្វើការផ្សព្វផ្សាយ និងទប់ស្កាត់យ៉ាងយកចិត្តទុកដាក់ក៏ដោយ។
ស្ត្រីបច្ចុប្បន្ន ត្រូវបានគេមើលឃើញថាមានសមត្ថភាពក្នុងការបំពេញវិជ្ជាជីវៈ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមតាមរយៈការបំពេញការងារក្នុងស្ថាប័នសំខាន់ៗទាំងរដ្ឋនិងឯកជន ក៏ដូចជាការបង្កើតសហគ្រាសធុនតូច និងមធ្យមជាដើម។ស្ត្រីបានចាប់ផ្តើមមានតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តលើការងារធំៗក្នុងស្ថាប័ននានាតែបញ្ហាដែលជាឧបសគ្គសម្រាប់ស្ត្រីកម្ពុជា គឺបញ្ហាអំពើហិង្សាដែលនៅតែកើតមាននៅឡើយបើទោះបីជាវាបានថយចុះខ្លះហើយក៏ដោយ។
យោងតាមរបាយការណ៍របស់អង្គការWorld Vision បានបញ្ជាក់ឱ្យដឹងថា ស្ត្រី 1នាក់ក្នុងចំណោម5នាក់កំពុងប្រឈមនឹងបញ្ហាអំពើហិង្សា ហេតុនេះការចូលរួមចំណែកផ្សព្វផ្សាយព័ត៌មាននិងការយល់ដឹងពីអំពើហិង្សា គឺជាចំណុចសំខាន់មួយក្នុងការជំរុញឱ្សស្ត្រីកាន់តែមានលទ្ធភាពពេញលេញក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមប្រកបដោយសក្តានុពលខ្ពស់៕