សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា ឱ្យអញ្ជើញមកសិក្សាឈ្វេងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមអ្នកធុរកិច្ច និងអ្នកវិនិយោគទាំងអស់អំពីសក្ដានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាដែលក្នុងនោះរួមមាន៖
ទី1-ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
ទី2-កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា«រោងចក្រនៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។
ទី3-កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេងដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម 35ឆ្នាំចុះមានចំនួនដល់ទៅ72% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា។
ទី4-កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។
ទី5-ទំនិញផលិតនៅកម្ពុជាមិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រមាណតែជាង 15លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ 250លាននាក់ ក្នុងទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ 630លាននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់(RCEP)ដែលមានអតិថិជនប្រមាណ 3ប៊ីលាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោកទៀតផង។
ទី6-កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនៅថ្ងៃទី31 ខែមីនា ឆ្នាំ2018 នៅទីក្រុងហាណូយ ។
គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាមក្នុងឆ្នាំ2017 សម្រេចបានចំនួនប្រមាណ 2.13ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ30% ធៀបនឹងឆ្នាំ2016។ យ៉ាងណាមិញ ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ2017 មានចំនួន 342លានដុល្លារអាមរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ2017 មានចំនួនប្រមាណ 1.8ពាន់លានដុល្លារអាមេរិក។
ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ2018 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន 75គម្រោងក្នុងទុនវិនិយោគសរុបចំនួនប្រមាណ 2.4ពាន់លានដុល្លារអាមេរិកដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕