ក្រសួងពាណិជ្ជកម្ម បានរៀបចំផលិតផលម្រេចឱ្យទៅជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់តម្លៃក្នុងការលក់ និងជួយដល់កសិករដាំម្រេចផ្ទាល់ ជាពិសេសសមាគម និងសហគមន៍ម្រេចនៅតាមមូលដ្ឋាន និងអ្នកធ្វើការក្នុងវិស័យម្រេចឱ្យមានទំនុកចិត្ដក្នុងការចាប់ដៃគូលក់ម្រេចនៅលើទីផ្សារក្នុង និងក្រៅប្រទេស។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា នៅពេលដែលម្រេចត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយជាតិរួចហើយវានឹងងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយអាចជួយអភិវឌ្ឍកសិករអ្នកដាំដុះម្រេចនិងម្ចាស់អាជីវកម្មម្រេចនេះបានកាន់តែលឿនឡើង។ទន្ទឹមនេះក្រសួងពាណិជ្ជកម្មនឹងជួយផ្សព្វផ្សាយ ស្វែងរកដៃគូ និងការគាំទ្រពីស្ថាប័នជាតិនិងអន្ដរជាតិលើវិស័យម្រេចរបស់កម្ពុជាទៀតផង។
ឯកឧត្តមបានបញ្ជាក់ថាមុននឹងរាជរដ្ឋាភិបាលដាក់បញ្ចូលម្រេចក្នុងគោលនយោបាយជាតិត្រូវតែមានការពិភាក្សាជាមួយភាគីពាក់ព័ន្ធឱ្យរួចរាល់ជាមុនសិន ដើម្បីឈានទៅធ្វើការរៀបចំជាឯកសារដាក់ឆ្លងទៅប្រមុខរាជរដ្ឋាភិបាលហើយឆ្លងសេចក្ដីសម្រេច និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្ដី ដូច្នេះអ្នករកស៊ីលើវិស័យដំណាំម្រេចនៅកម្ពុជាអាចនឹងមានទីផ្សារល្អ នាពេលខាងមុខ។
លោករដ្ឋលេខាធិការរូបនេះបានសង្កត់ធ្ងន់ដែរថាគោលនយោបាយម្រេចនេះកំពុងតែពិភាក្សាជាចុងក្រោយជាមួយអន្ដរក្រសួង សមាគម សហគមន៍និងសហព័ន្ធម្រេច ដើម្បីឈានទៅបញ្ចប់ និងប្រមូលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធបន្ទាប់មករៀបចំឯកសារដាក់ជូនប្រមុខរាជរដ្ឋាភិបាលនាពេលឆាប់ៗនេះ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានឱ្យដឹងថា ការរៀបចំបង្កើតគោលនយោបាយថ្នាក់ជាតិសម្រាប់ផលិតផលម្រេចនេះគឺបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដោះស្រាយរួមគ្នាលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ននិងពេលអនាគតដើម្បីប្រមូលនូវធាតុចូលក្នុងការផ្ដល់នូវឱកាសប្រមូលធាតុចូល កត្ដាប្រឈមនិងបង្កើនការនាំចេញម្រេចនៅលើទីផ្សារអន្ដរជាតិ ព្រមទាំងលើកកម្ពស់គុណភាពម្រេចកម្ពុជាផងដែរ។
លោកឧកញ៉ាបានស្វាគមន៍ចំពោះការរៀបចំយន្ដការរបស់រាជរដ្ឋាភិបាលក្នុងការដាក់បញ្ចូលម្រេចក្នុងគោលនយោបាយជាតិដែលនឹងជំរុញឱ្យមានការនាំចេញម្រេចជាផ្លូវការដែលសហព័ន្ធម្រេចអាចមានឱកាសពិភាក្សារួមគ្នាលើចំណុចត្រូវដោះស្រាយបន្ទាន់រយៈពេលខ្លី មធ្យមនិងរយៈពេលវែង ដើម្បីធានាបាននូវការដោះស្រាយបញ្ហាប្រឈមឬការនាំចេញម្រេចទៅកាន់ទីផ្សារអន្ដរជាតិឱ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា គោលនយោបាយម្រេចនេះនឹងកំណត់រយៈពេល 5ឆ្នាំចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2023ដើម្បីអនុម័តជាផ្លូវការលើគោលនយោបាយម្រេច មុននឹងយកទៅប្រើប្រាស់ជាផ្លូវការដែលរាជរដ្ឋាភិបាលនឹងចូលរួមជួយជ្រោមជ្រែងលើផលិតផលម្រេចនេះឱ្យមានទីផ្សារត្រឹមត្រូវ និងលើកកម្ពស់តម្លៃឱ្យមានស្ថិរភាព៕