Tottenham Hotspur អាចផ្តួលក្រុម Barcelona នាកីឡដ្ឋាន Nou Camp នៅរាត្រីនេះបាន ដើម្បីឈ្នះកៅអីមួយក្នុងក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ។ នេះបើយោងតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Mauricio Pochettino។
Spurs ត្រូវតែធ្វើឱ្យបានស្មើ ឬដណ្តើមយកលទ្ធផលល្អប្រសើរជាងក្រុម Inter Milan ដែលត្រូវប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម PSV Eindhoven ដើម្បីទៅវគ្គ 16ក្រុមចុងក្រោយ ដែលដំបូងឡើយហាក់ដូចមិនអាចទៅរួចឡើយ ក្រោយពីរកបានត្រឹមតែ 1ពិន្ទុគត់ពីការប្រកួតបើកឆាក 3លើករបស់ពួកគេក្នុងពូល នៅមុនពេលដណ្តើមបានជ័យជម្នះលើទឹកដីខ្លួនឯងជាប់ៗគ្នាលើក្រុម PSV និង Inter។
លោក Ernesto Valverde គ្រូបង្វឹកនៃក្រុមបដិបក្ខរបស់លោក Pochettino បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងត្រូវផ្លាស់ប្តូរកីឡាករជាច្រើននៅក្នុងក្រុម Barca ដែលបានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេចក្នុងនាមជាក្រុមឈរលេខ1ក្នុងពូល ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរបស់ក្រុម Tottenham វិញ មិនចាត់ទុកថា រឿងនោះជាចំណុចមានប្រៀបឡើយ។
លោក Pochettino បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «យើងនឹងត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតក្នុងលក្ខខណ្ឌដ៏ល្អបំផុតដែលយើងអាច។ ខ្ញុំពិតជាមានសុទិដ្ឋិនិយម ខ្ញុំគិតថា យើងអាចមកទីនេះ ក្នុងកម្រិតដ៏ខ្លាំងបំផុតរបស់យើង ហើយយើងត្រូវតែត្រៀមឱ្យបានរួចរាល់ និងគិតអំពីការប្រកួតដែលយើងនឹងលេង មិនមែនលើអ្វីដែល Barca នឹងធ្វើឡើយ។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ក្រុម Barcelona ជាក្រុមដ៏អស្ចារ្យមួយជាមួយនឹងកីឡាករ 24នាក់ ដែលមានគុណភាពដ៏អស្ចារ្យ។ ដើម្បីក្លាយជាក្រុមខ្លាំងបំផុតមួយក្នុងពិភពលោក អ្នកត្រូវការក្រុមមួយដែលអាចបង្ហាញពីគុណភាព ហើយពួកគេមានរាល់ចំណុចខ្លាំងទាំងអស់នោះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 3ទៀបភ្លឺ៕