មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ប្រជាប្រិយភាពរបស់កញ្ញា ឈិន សៀវម៉ី មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់តាមរយៈការងារមួយចំនួនដូចជាថតស្ប៉ត និងសម្ដែងភាពយន្ដជាច្រើន។ ទោះជាយ៉ាងនេះក្ដី តារាសម្ដែងរូបនេះបានបញ្ជាក់ថា ទំរាំដើរមកដល់ចំណុចនេះ ជីវិតរបស់នាងបានជួបនឹងរឿងរ៉ាវជាច្រើន។
ពាក់ព័ន្ធការសម្ដែងកញ្ញា ឈិន សៀវម៉ី ធ្លាប់សម្ដែងជាច្រើនរឿងមកហើយ ប៉ុន្ដែនាងពុំធ្លាប់ទទួលបានតំណែងតួឯកឡើយ ទើបតែថ្មីៗនេះនាងទទួលបានតំណែងតួឯកស្រីជាមួយនាយគ្រឿន។ ទោះជានាងមិនចាប់អារម្មណ៍ចំពោះតំណែងនេះក៏ពិតមែន តែស្ថិតក្នុងឋានៈជាតួឯកស្រីលើកដំបូងក៏បានធ្វើឱ្យនាងរំភើបចិត្ដមិនតិចដែរ។
កញ្ញា ឈិន សៀវម៉ី ប្រាប់ថា ពីដំបូងនាងធ្លាប់គិតថាការចូលប្រឡូកក្នុងសិល្បៈ គឺងាយស្រួល សប្បាយ ប៉ុន្ដែការពិតពុំមែនដូច្នោះទេ គឺត្រូវជួបឧបសគ្គ និងរឿងរ៉ាវជាច្រើនដែលធ្វើឱ្យនាងស្ទើរតែដកខ្លួនចេញពីវិថីនេះម្ដងៗទៅហើយ។ នាងបញ្ជាក់ថា ៖”ពេលខ្ញុំចូលសិល្បៈដំបូង ខ្ញុំគ្មានមធ្យោបាយធ្វើដំណើរ និងត្រូវជិះជាមួយមិត្ដភ័ក្ដិ ពេលទៅដល់កន្លែងថតយឺតយ៉ាវក៏ត្រូវគេស្ដីឱ្យទៀត។ ការសម្ដែងគ្រាដំបូងរបស់ខ្ញុំពុំទាន់មានបទពិសោធពេលថតខុស ក៏ត្រូវអ្នកដឹកនាំរឿងស្តីបន្ទោស មានពេលខ្លះខ្ញុំទប់ទឹកភ្នែកសឹងតែមិនបាន”។
តារាសម្ដែងរូបនេះរៀបរាប់បន្ដថា លុះមកដល់បច្ចុប្បន្ន គ្រាដែលនាងទទួលបានតំណែងតួឯកទើបដឹងថា ការតស៊ូវាពិតជាបានហុចនូវផ្លែផ្កាពិតប្រាកដមែន។
ជាមួយគ្នានេះឈិន សៀវម៉ី បានបង្ហាញពីអារម្មណ៍ពិតរបស់នាងថា៖ «ខ្ញុំពុំមែនជាតារាសម្ដែងមានឈ្មោះបោះសំឡេងណាស់ណានោះទេ ប៉ុន្ដែខ្ញុំចង់ចែករំលែកបទពិសោធនេះដល់អ្នកស្រករក្រោយៗខ្ញុំថា ប្រសិនបើចង់ប្រឡូកចូលសិល្បៈលុះត្រាតែមានចិត្ដអំណត់ និងតាំងចិត្ដតស៊ូ ព្រមទាំងស្រឡាញ់វា ទើបយើងដើរដល់គោលដៅដែលយើងចង់ទៅ»៕