ក្លិប Barcelona បានប្រកាសថា លោក Ernesto Valverde នឹងក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន ក្រោយពីការចាកចេញរបស់លោក Luis Enrique។ លោក Valverde វ័យ៥៣ឆ្នាំ បានលាលែងពីតំណែងរបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Athletic Bilbao កាលពីសប្តាហ៍មុន ក្រោយពីបានដឹកនាំឲ្យ Athletic Bilbao បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ នៅលើតារាងក្របខ័ណ្ឌ La Liga និងឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League។
គ្រូបង្វឹករូបនេះក៏ធ្លាប់បានដឹកនាំក្លិប Villarreal, Valencia និងក្លិប Espanyol ផងដែរក្នុងអាជីពគ្រូបង្វឹករបស់លោក ខណៈដែលលោកបានចំណាយរយៈពេល២ឆ្នាំក្នុងការដឹកនាំក្លិប Olympiakos ក្នុងប្រទេសក្រិក និងលោកក៏ធ្លាប់បានចំណាយពេល២ឆ្នាំផងដែរ ក្នុងនាមជាកីឡាកររបស់ក្លិប Barcelona មួយនេះកាលពីចុងឆ្នាំ១៩៨០ ហើយបច្ចុប្បន្នត្រូវវិលទៅកាន់កីឡដ្ឋាន Camp Nou វិញជាថ្មី ក្រោយពីអវត្តមានអស់រយៈពេល២៧ឆ្នាំក្នុងនាមជាគ្រូបង្វឹកម្តង។
ក្រុម Barcelona បានឈ្នះពាន Copa del Rey ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ៣-១ នៅពេលប្រកួតជាមួយនឹងក្រុម Alaves ក្នុងការប្រកួតលើកចុងក្រោយរបស់លោក Enrique ក្នុងនាមជាគ្រូបង្វឹកកាលពីថ្ងៃសៅរ៍ ដើម្បីធ្វើឲ្យលោកឈ្នះពានរង្វាន់សរុបចំនួន៩ក្នុងរយៈពេល៣ឆ្នាំ។ លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានឲ្យដឹងថា៖ «លោក Valverde មានសមត្ថភាព មានចំណេះដឹង សមត្ថភាពកាត់សេចក្តី និងបទពិសោធ។ លោកជាមនុស្សមានការតាំងចិត្តខ្ពស់ ហើយលោកគឺជាអ្នកដែលចូលចិត្តបច្ចេកវិទ្យាក្នុងការហ្វឹកហាត់ និងគ្រប់គ្រងការប្រកួតផ្សេងៗ»៕
ប្រភពពី៖ The Guardian