កម្ពុជាកំពុងសិ្ថតក្នុងចរន្តដ៏សំខាន់មួយរបស់ពិភពលោក គឺបដិវត្តន៍ឧស្សាហកម្មដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើការធ្វើការងារ ការធ្វើអាជីវកម្ម ដំណើរការឧស្សាហកម្ម និងពាណិជ្ជកម្មជាដើម។ នៅក្នុងដំណាក់កាលនេះ វាទាមទារឱ្យមានការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលជាឧបសគ្គរាំងស្ទះដល់ដំណើរនៃការអភិវឌ្ឍ និងការប្រកួតប្រជែងនៅក្នុងតំបន់។ នៅថ្ងៃនេះអ្នកយកព័ត៌មាននៃកាសែត ឡារ៉ែនពាណិជ្ជ បានធ្វើបទសម្ភាសជាមួយលោកសាស្ត្រាចារ្យ ជី គឹមអ៊ីព្រឹទ្ធបុរសនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយ អំពីកត្តាប្រឈម និងដំណោះស្រាយសំខាន់ៗលើវិស័យធនធានមនុស្សក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0។
1. បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងស្ថិតក្នុងចរន្តមួយដែលនឹងឈានទៅរកបដិវត្តន៍ឧស្សាហកម្ម 4.0 តើប៉ុន្មានឆ្នាំទៀតយើងនឹងចូលទៅក្នុងបដិវត្តន៍ឧស្សាហកម្មនេះពេញលេញ?
បើយើងនិយាយពីឧស្សាហកម្ម 4.0 ពិភពលោកគេចាប់ផ្តើមនៅដើមសតវត្សរ៍ទី21នេះហើយ ដែលក្នុងនោះប្រទេសនីមួយៗត្រូវការធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ជាចាំបាច់ ដើម្បីធ្វើឱ្យការងារគ្រប់
យ៉ាងត្រូវតែមានភាពឆ្លាតវៃដូចជា ផលិតផលឆ្លាតវៃ (smart product) រោងចក្រឆ្លាតវៃ (smart factory) សហគ្រិនឆ្លាតវៃ (smart entrepreneur) ផ្ទះឆ្លាតវៃ (smart home) សាលាឆ្លាតវៃ(smart school) និងរដ្ឋឆ្លាតវៃ(smart nation)ជាដើម។
សម្រាប់កម្ពុជាវិញ យើងក៏កំពុងយកចិត្តទុកដាក់ក្នុងការជំរុញខ្លួនឯងឱ្យចូលទៅក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 នេះដែរ។ ជាក់ស្តែងក្រសួងអប់រំ យុវជន និងកីឡាបានបង្កើតកម្មវិធីសិក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីជំរុញយុវជនកម្ពុជាឱ្យមានចំណេះដឹងកាន់តែទូលំទូលាយសម្រាប់ទទួលបានអនាគតធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ វិស្វកម្ម និងវិស័យនានាផ្សេងទៀតសម្រាប់គ្រប់គ្រងឧបករណ៍ឆ្លាតវៃដែលនឹងត្រូវប្រើប្រាស់នាពេលអនាគត។ ចំពោះពេលវេលាវិញ ប្រទេសយើងប្រហែលជាត្រូវការរយៈពេល 10ឆ្នាំទៀត ដើម្បីជំរុញឱ្យមានធនធានគ្រប់គ្រាន់សម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី4 នេះ ព្រោះការធ្វើបដិវត្តន៍ឧស្សាហកម្មលើពិភពលោក គឺប្រើរយៈពេល 100ឆ្នាំ ដូច្នេះក្នុងកាលៈទេសៈដែលយើងទើបតែចាប់ផ្តើមសតវត្សរ៍ទី21នេះ យើងអាចនៅសល់ពេលវេលាយូរគួរសមដែរដើម្បីអនុវត្តវា។
2. តើនៅពេលដែលយើងចូលដល់ឧស្សាហកម្ម 4.0នេះ និងតើបច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងប៉ុនណាសម្រាប់កម្ពុជា?
បច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បដិវត្តន៍ឧស្សាហកម្មថ្មីនេះ ព្រោះឧបករណ៍ទំនើប និងឆ្លាតវៃជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើន។ ជាក់ស្តែងបើយើងចង់សង់ផ្ទះមួយ40ជាន់ បើយើងមិនយកកម្មវិធីវិស្វកម្មថ្មីមកធ្វើទេយើងនឹងដើរមិនទាន់ប្រទេសជិតខាងឡើយ ចំណែក វិស័យផ្សេងៗក៏ដូចគ្នា ចាំបាច់ណាស់ត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះស្ទើរគ្រប់វិស័យរួមទាំងវិស័យព័ត៌មាន សំណង់ធារាសាស្ត្រ និងការគ្រប់គ្រងគ្រោះរញ្ជួយដីជាដើម ចាំបាច់ត្រូវតែផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យវាកាន់តែប្រសើរឡើង។មានប្រទេសខ្លះគេប្រើប្រាស់បច្ចេកវិទ្យាដើម្បីវាស់ស្ទង់ និងបញ្ជូនព័ត៌មានពីគ្រោះមហន្តរាយឱ្យប្រជាជនគេបានដឹងថែមទៀតផង។ នៅពេលមានបញ្ហាកើតឡើង អ្នកជំនាញមិនត្រឹមតែអាចផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ទេ តែគេអាចប្រើប្រាស់កម្មវិធី (mobile apps) ឬបណ្តាញសង្គមដើម្បីផ្តល់ព័ត៌មានដល់ប្រជាជនគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទបានយ៉ាងងាយ។
ងាកមកវិស័យសេដ្ឋកិច្ចវិញ បច្ចេកវិទ្យាជាចំណុចមិនអាចខ្វះបានសម្រាប់បដិវត្តន៍ឧស្សាហកម្ម 4.0 នេះ ព្រោះបច្ចុប្បន្ននេះបច្ចេកវិទ្យាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើទីផ្សារ ការចែកចាយផលិតផល និងការគ្រប់គ្រងចង្វាក់ផលិតកម្មបានយ៉ាងមានប្រសិទ្ធភាព និងងាយស្រួលបំផុត។ ក្រុមហ៊ុន ឬសហគ្រាសណាមិនប្រើប្រាស់បច្ចេកវិទ្យា គាត់នឹងត្រូវចំណាយច្រើនទាំងថវិកា និងពេលវេលា ដែលធ្វើឱ្យគាត់ពិបាកប្រកួតប្រជែងក្នុងទីផ្សារ។
3. បើមើលតាមស្ថានភាពបច្ចុប្បន្ន តើកម្ពុជាត្រូវការអ្វីខ្លះបន្ថែមទៀតដើម្បីចូលទៅកាន់បដិវត្តន៍ឧស្សាហកម្ម?
ដូចបានបញ្ជាក់ខាងលើរួចហើយថា កម្ពុជាត្រូវការជាចាំបាច់នូវធនធានមនុស្សដែលអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការងារជាមួយបច្ចេកវិទ្យាថ្មី និងមានភាពច្នៃប្រឌិតខ្ពស់ដែលអាចធ្វើការងារខុសប្លែកពីការងារដែលម៉ាស៊ីនអាចធ្វើបាន។ ជំនាញដែលគេត្រូវការសម្រាប់បដិវត្តន៍ឧស្សាហកម្មថ្មីនេះគឺជំនាញដោះស្រាយបញ្ហា ជំនាញក្នុងការគិតឱ្យបានស៊ីជម្រៅ ជំនាញច្នៃប្រឌិត ជំនាញគ្រប់គ្រង និងសម្រប-សម្រួលជាមួយមនុស្ស ជំនាញសម្រាប់ទំនាក់ទំនង ជំ-នាញក្នុងការចរចា ជំនាញក្នុងការសម្របសម្រួលសេវាកម្ម និងជំនាញក្នុងការគ្រប់គ្រងបច្ចេកវិទ្យាជាដើម។
ដើម្បីដើរឱ្យដល់គោលដៅសំខាន់ៗទាំងអស់នោះ ស្ថាប័នអប់រំទាំងរដ្ឋ និងឯកជនចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរប្រព័ន្ធអប់រំឱ្យស្របនឹងប្រព័ន្ធអប់រំ 4.0។ ការងារនេះទាមទារឱ្យមានការខិតខំបង្កើតកម្មវិធីសិក្សាថ្មី ដោយផ្លាស់ប្តូរកម្មវិធីសិក្សាដែលហួសកាលបរិច្ឆេទ ប្រើប្រាស់លែងកើត ឱ្យក្លាយជាការបណ្តុះបណ្តាលបែបទំនើបដោយរាប់បញ្ចូលទាំងបច្ចេកវិទ្យា និងជំនាញសម្រាប់សតវត្សរ៍ទី21 សម្រាប់ឱ្យនិស្សិតទាំងអស់បានសិក្សាដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនានានៅកម្ពុជា ព្រោះថា បន្តិចទៀតនេះរោងចក្រ ក៏ជារោងចក្រឆ្លាតវៃដែរ ការងារមួយចំនួននឹងត្រូវជំនួសដោយម៉ាស៊ីន ហេតុនេះទាល់តែប្រជាជនយើងចេះគ្រប់គ្រងម៉ាស៊ីនទាំងអស់នោះ ទើបអាចចាប់យកឱកាសការងារបាន។ ក្រៅពីនេះវិស័យជាច្រើនផ្សេងទៀតក៏មានការផ្លាស់ប្តូរផងដែរ ចាំបាច់ទាមទារឱ្យមានធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបជាមួយទីផ្សារអនាគត មិនមែនសិក្សាកម្មវិធីចាស់ៗនោះទេ។
4. តើលោកសាស្ត្រាចារ្យអាចបកស្រាយលម្អិតបានទេអំពីប្រព័ន្ធអប់រំ 4.0 ថា តើមានចំណុចពិសេសអ្វីខ្លះ?
ប្រព័ន្ធអប់រំ 4.0 ជាប្រព័ន្ធអប់រំដែលមានកម្មវិធីសិក្សាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់បដិវត្តន៍ឧស្សាហកម្ម 4.0 ហើយវាទាមទារឱ្យមានការបញ្ចូលភាព-ជាក់ស្តែងច្រើនជាងមុន។ ក្រៅពីផ្លាស់ប្តូរកម្មវិធីសិក្សាថ្មី គ្រឹះស្ថានឧត្តមសិក្សាចាំបាច់ត្រូវមានមន្ទីរពិសោធន៍ (lab) ដើម្បីពិសោធប្រសិនបើមុខវិជ្ជាទាំងអស់នោះតម្រូវ ដូចជាមុខវិជ្ជាវិទ្យាសាស្ត្រជាដើម។ ក្រៅពីនេះចាំបាច់ត្រូវមានការអនុវត្តផ្ទាល់ឱ្យបានច្រើនតាមរយៈការចុះទៅកាន់សហគ្រាស ឬខ្សែចង្វាក់ផលិតកម្មផ្ទាល់ ដើម្បីតាមដានឱ្យដឹងពីការអនុរត្តជាក់ស្តែងរបស់ក្រុមហ៊ុននានាដែលកំពុងដំណើរការ នៅឆមាសទី2 ឆ្នាំទី2។ បន្ថែមពីលើនេះ សម្រាប់កម្មវិធីគ្រប់គ្រងបណ្ណាល័យត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឧបករណ៍ទំនើបដើម្បីកាន់តែមានភាពងាយស្រួលក្នុងការស្រាវជ្រាវ ព្រោះមេរៀនអាចនឹងកាន់តែមានលក្ខណៈទូលំទូលាយជាងមុន។ ចំពោះនិស្សិតដែលសិក្សាលើផ្នែកដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាខ្លាំង ត្រូវតែធ្វើកម្មវិធី (application) តែម្តងនៅឆ្នាំទី4 ហើយគាត់ក៏ចាំបាច់ត្រូវចុះទៅសហគមន៍ ឧស្សាហកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យាជាក់ស្តែង ដើម្បីព្យាយាមស្វែងយល់ពីបញ្ហាដើម្បីយកបច្ចេកវិទ្យារបស់គាត់ទៅធ្វើការងារ ឬដោះស្រាយបញ្ហាទាំងអស់នោះ។ ប្រព័ន្ធអប់រំ 4.0ក៏ត្រូវតែបញ្ចូលជំនាញទន់ (soft skills) ដើម្បីឱ្យពួកគាត់ចេះទាំងជំនាញវិជ្ជាជីវៈ និងជំនាញទំនាក់ទំនង ជំនាញក្នុងការធ្វើការងារជាក្រុម មានសិល្បៈក្នុងការរស់នៅប្រកបដោយសក្តានុពល ចេះរស់នៅក្នុងសង្គម និងអនុវត្តការ-ងារបានល្អទាំងជាមួយថ្នាក់លើ និងថ្នាក់ក្រោម។ ស្របពេលជាមួយគ្នានោះដែរ និស្សិតត្រូវតែធ្វើការងារជាក្រុមឱ្យបានច្រើន ដើម្បីអនុវត្តជំនាញទាំងអស់នោះឱ្យបានល្អលើការគ្រប់គ្រងការងារជាក់ស្តែងជាមួយមនុស្ស។
5. បើក្រឡេកមកមើលកម្ពុជា តើយើងមានកត្តាប្រឈមអ្វីខ្លះក្នុងការដើរចូលបដិវត្តន៍ឧស្សាហកម្ម 4.0 នេះ?
នៅស្រុកយើង បញ្ហាប្រឈមខ្លាំង គឺធនធានមនុស្សនៅមានកម្រិត។ តាមដែលខ្ញុំបានជួបប្រទះនិស្សិតផ្នែកបច្ចេកវិទ្យាព័ត៌មានខ្លះមិនច្បាស់ទាំងការចែកលេខផង ហើយពេលដាក់លំហាត់គណិតវិទ្យាម្តងៗ គាត់លំបាកខ្លាំងក្នុងការដោះស្រាយ ស្របពេលដែលបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ត្រូវការជាចាំបាច់នូវចំណេះដឹងផ្នែកគណិតវិទ្យា។ ចំពោះនិស្សិតផ្នែកសំណង់ក៏ដូចគ្នាដែរ ប្រសិនបើគាត់មិនច្បាស់ផ្នែកគណិតវិទ្យា គាត់អាចនឹងប្រឈមជាមួយបញ្ហាខ្លាំង។បញ្ហានេះកើតឡើងដោយសារតែការបណ្តុះបណ្តាលផ្នែកគណិតវិទ្យានៅមានកម្រិតហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា កំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការបណ្តុះបណ្តាលជំនាញ STEM ឱ្យបានច្រើននៅថ្នាក់បឋម និងមធ្យមសិក្សា ដើម្បីឱ្យមានគ្រឹះរឹងមាំសម្រាប់ចូលទៅថ្នាក់ឧត្តមសិក្សា។
បញ្ហាប្រឈមរបស់យើងបច្ចុប្បន្ននេះ គឺមូលដ្ឋានគ្រឹះរបស់សិស្សដែលចូលមកគ្រឹះស្ថានឧត្តមសិក្សានៅមានកម្រិត ដែលធ្វើឱ្យថ្នាក់ឧត្តមសិក្សាមានការលំបាកបណ្តុះបណ្តាល។ ប្រសិនបើសិស្សចូលមកឧត្តមសិក្សាខ្សោយ មានការលំបាកណាស់ក្នុងការធ្វើឱ្យគាត់ចេញទៅវិញ ហេតុនេះយើងនៅត្រូវការខិតខំប្រឹងប្រែងបន្តទៀត។
ចំពោះលំហូរការងារវិញក៏អាចជាបញ្ហាប្រឈមដែរ ព្រោះប្រសិនបើនិស្សិតយើងនៅមានកម្រិតទាបជាងនិស្សិតមកពីបណ្ដាប្រទេសនានាក្នុងតំបន់យើងនឹងលំបាកប្រកួតប្រជែងក្នុងទីផ្សារ ទាំងការងារ និងអាជីវកម្ម។ ជាឧទាហរណ៍ នៅពេលដែលគេប្រកាសដេញថ្លៃគម្រោងវិស្វកម្ម ប្រសិនបើនិស្សិតយើងចេញទៅមិនមានភាពច្នៃប្រឌិតខ្លាំង គេអាចពិចារណាយកធនធានមនុស្សពីប្រទេសដទៃបាន ព្រោះបច្ចុប្បន្ននេះអាស៊ានចាប់ផ្តើមបើកចំហលំហូរការងារក្នុងតំបន់។ ទោះជាយ៉ាងនេះក្តី យើងមើលឃើញថានិស្សិតស្រុកយើងខ្លះក៏អាចមានសមត្ថភាពធ្វើការងារនៅក្នុងប្រទេសគេបានដែរ ដូចជានិស្សិតបៀលប្រាយម្នាក់ ក៏បានធ្វើការងារជាអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាធំម្នាក់នៅប្រទេសថៃដែរ ហើយរួមទាំងនិស្សិតខ្លាំងៗមួយចំនួនទៀត គ្រាន់តែចំនួននោះមិនទាន់មានច្រើននៅឡើយ។
ចំណែកការទាក់ទាញការវិនិយោគ ក៏អាចមានបញ្ហាដែរ ប្រសិនបើធនធានមនុស្សនៅមានកម្រិត។ ឧទាហរណ៍ប្រសិនបើក្រុមហ៊ុន Microsoft ចង់បង្កើតរោងចក្រផលិតឈីប (CHIP) នៅស្រុកយើងគេត្រូវចំណាយពេលវេលា និងធនធានជាច្រើនដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកគ្រឿងផ្គុំ(hardware) និងកម្មវិធី (software) ស្របពេលដែលការអប់រំនៅកម្ពុជាផ្តោតខ្លាំងតែលើកម្មវិធី (software)ដែលធ្វើឱ្យក្រុមហ៊ុនធំៗអាចងាកទៅដាក់នៅប្រទេសជិតខាងណាដែលមាននិស្សិតខ្លាំងទាំងផ្នែកគ្រឿងផ្គុំ និងកម្មវិធីតែម្តង។
6. បច្ចុប្បន្ននេះ តើធនធានមនុស្សរបស់យើងស្ថិតនៅក្នុងកម្រិតណាដែរ ប្រសិនបើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់?
បើធៀបជាមួយប្រទេសជិតខាង យើងឃើញថាយើងនៅមានកម្រិតទាបជាងថៃ និងវៀតណាម តែបើឡាវ និងមីយ៉ាន់ម៉ា យើងអាចឈ្នះគេបាន។ នៅមានកម្រិតកន្លែងនេះ មិនមែនរើសយកទៅធ្វើការមិនបានទេយើងក៏មានអ្នកចេះច្រើនគួរសមដែរ ព្រោះកន្លងមកក៏មាននិស្សិតខ្មែរយើងជាអ្នកធ្វើការងារផ្នែកគ្រប់គ្រងបច្ចេកវិទ្យានៅឌូបៃ និងបណ្តាប្រទេសមួយចំនួនទៀតដែរ តែខ្ញុំចង់ប្រៀបធៀបត្រង់ថា ក្នុងចំណោម 1,000នាក់យើងអាចមានអ្នកខ្លាំង 20នាក់ តែគេវិញអាចមានច្រើនជាងនេះតិចតួច។
ដើម្បីដោះស្រាយបញ្ហានេះយើងត្រូវតែពង្រឹងសមត្ថភាពនិស្សិតឱ្យបានខ្លាំង ដោយមានការចូល-រួមពីសំណាក់រដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងនិស្សិតខ្លួនឯងផ្ទាល់ផងដែរ។
សម្រាប់រដ្ឋាភិបាល គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការបណ្តុះបណ្តាល និងការរៀនសូត្រនៅកម្រិតមហាវិទ្យាល័យ ដើម្បីឱ្យយុវជនយល់ច្បាស់ថា នៅសាកលវិទ្យាល័យគេសិក្សាពីអ្វីខ្លះ? ហើយជំរុញឱ្យសិស្សរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យបានត្រឹមត្រូវ។ ចំណុចសំខាន់មួយផ្សេងទៀតគឺបណ្តុះបណ្តាលមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ ដើម្បីឱ្យគាត់មានភាពងាយស្រួលក្នុងការអភិវឌ្ឍខ្លួនក្រោយទទួលបានការបណ្តុះបណ្តាលបន្ថែមនៅកម្រិតឧត្តមសិក្សា។
ចំពោះនិស្សិតខ្លួនឯងវិញ ចាំបាច់ត្រូវមានគោលដៅឱ្យបានច្បាស់លាស់ ហើយខិតខំប្រឹងប្រែងឱ្យដូចនិស្សិតនៅបណ្តាប្រទេសនានាក្នុងតំបន់ដែរ។ និស្សិតយើងខ្លះនៅមានការធ្វេសប្រហែសច្រើនក្នុងការសិក្សាស្រាវជ្រាវ ហើយមាននិស្សិតខ្លះថែមទាំងសិក្សាច្រើនសាលាដែលធ្វើឱ្យគាត់អស់ថាមពលក្នុងការសម្រួចមុខវិជ្ជាណាមួយឱ្យខ្លាំងថែមទៀតផង។
7. តើសាកលវិទ្យាល័យបៀលប្រាយ បានត្រៀមអ្វីខ្លះ ដើម្បីចូលរួមដោះស្រាយបញ្ហាធនធានមនុស្សនេះ?
សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំយ៉ាងយកចិត្តទុកដាក់ក្នុងការកែប្រែប្រព័ន្ធអប់រំឱ្យក្លាយជាវិស័យអប់រំ 4.0។ យើងបានចាប់ផ្តើមធ្វើការកែប្រែកម្មវិធីមួយចំនួនដែលហួសសម័យកាលសម្រាប់ការប្រើប្រាស់ជាក់ស្តែងមកជាកម្មវិធីដែលឆ្លើយតបជាមួយនឹងតម្រូវការនាពេលបច្ចុប្បន្ន។ យើងក៏បានជ្រើសរើសគ្រូប្រកបដោយគុណភាព និងបទពិសោធខ្ពស់ដើម្បីបណ្តុះបណ្តាលដល់និស្សិត ស្របពេលដែលសាស្ត្រាចារ្យក៏ទទួលបានការបណ្តុះបណ្តាលបន្ថែមផងដែរពីកម្មវិធីថ្មី។
លើសពីនេះទៅទៀត សាកលវិទ្យាល័យបៀលប្រាយ បានសហការល្អជាមួយគ្រឹះស្ថានឧត្តមសិក្សាដើម្បីបង្កើតកម្មវិធីសិក្សាថ្មីដោយមានការត្រួតពិនិត្យ និងទទួលស្គាល់ពីគ្រឹះស្ថានឧត្តមសិក្សា សម្រាប់បន្តធ្វើសិក្ខាសាលាផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សាស្ត្រាចារ្យរបស់យើង។ បន្ថែមពីលើនេះ យើងក៏បានរៀបចំឱ្យមានជាមន្ទីរពិសោធន៍ (lab) សម្រាប់និស្សិតវិស្វករសំណង់ អគ្គិសនី និងបានបញ្ចូនទៅរោងចក្រសហគ្រាស ក្រុមហ៊ុន និងកន្លែងអនុវត្តផ្ទាល់នានាផងដែរ ដើម្បីជួយពួកគាត់ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចាប់យកឱកាសការងារ។
8. តើលោកសាស្ត្រាចារ្យមានអនុសាសន៍យ៉ាងណាសម្រាប់សាធារណជន និងនិស្សិតនៅកម្ពុជា?
សម្រាប់និស្សិតទូទៅ ចំពោះមតិខ្ញុំផ្ទាល់ មិនថាពួកគាត់កំពុងសិក្សាក្នុងគ្រឹះស្ថានសិក្សារបស់រដ្ឋឬឯកជននោះទេ គាត់ចាំបាច់ត្រូវមានជំនាញទន់(soft skills) ដើម្បីសម្របខ្លួនឱ្យបានល្អក្នុងកន្លែងធ្វើការងារអាជីវកម្ម និងសង្គមជាក់ស្តែង។ សីលធម៌ និងភាពស្មោះត្រង់ជារឿងសំខាន់ ដែលអាចបូកផ្សំជាមួយភាពប៉ិនប្រសប់ក្នុងការប្រាស្រ័យទាក់ទង ធ្វើឱ្យគាត់ក្លាយជាធនធានកាន់តែមានប្រយោជន៍ និងជាតម្រូវការខ្លាំងរបស់ស្ថាប័ននានានៅកម្ពុជា។
បើមិនមានជំនាញទន់ទេ គាត់អាចនឹងលំបាកទទួលបានជោគជ័យ ព្រោះជំនាញនេះអាចធ្វើឱ្យគាត់គ្រប់គ្រងការងារ និងគ្រប់គ្រងខ្លួនឯង រួមទាំងអភិវឌ្ឍជំនាញបានកាន់តែប្រសើរឡើង៕