“ផ្លែស្រកានាគ” គឺជាផ្លែឈើម្យ៉ាងដែលបាននាំចូលមកពីប្រទេសក្រៅ នោះគឺប្រទេសចិន ដែលសព្វថ្ងៃមានដាំនៅក្នុងប្រទេសកម្ពុជាគ្រប់ទីកន្លែងតែម្តង។ វាមានឱជារសឆ្ងាញ់ពិសា និងមានគុណប្រយោជន៍ជាច្រើនទាំងសុខភាពរាងកាយ និងសម្រស់។ មិនត្រឹមតែមានលក្ខណៈរូបខុសប្លែកពីផ្លែឈើធម្មតានោះទេ តែវាមានគុណប្រយោន៍ច្រើនចំពោះសុខភាព ជាពិសេសអ្នកដែលមានបញ្ហាស្បែក។ ផ្លែឈើមួយប្រភេទនេះ បានជួយថែរក្សាស្បែក មិនថាស្បែកខូចដោយកម្ដៅថ្ងៃ ឬជួយព្យាបាលស្បែកធ្វើឱ្យកោសិការស់ឡើងវិញនោះទេ។ ទស្សនាវដ្តី ឡារ៉ែន នឹងជម្រាបជូនពីគុណប្រយោជន៍របស់ផ្លែស្រកានាគចំពោះស្បែកជូនប្រិយមិត្តអ្នកអានបានជ្រាបដូចតទៅ៖
1. ធ្វើឱ្យសុខភាពស្បែកល្អប្រសើរឡើង
ការទទួលទានផ្លែស្រកានាគក្រោយពេលទទួលទានអាហារ វាជារឿងល្អសម្រាប់សុខភាពស្បែក។ សូមណែនាំឱ្យក្រឡុកជាទឹកផ្លែឈើ នោះវាកាន់តែមានរសជាតិឆ្ងាញ់ខុសប្លែកពីធម្មតា។ អាចទទួលទាននៅពេលព្រឹកក៏បានដើម្បីឱ្យមានប្រតិបត្តិការបណ្ដេញជាតិពុលពីក្នុងរាងកាយ និងស្បែកបានយ៉ាងល្អប្រសើរ។ផ្លែឈើមួយនេះ ក៏ជាផ្នែកមួយជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីខ្ពស់បំផុត និងជួយបណ្ដេញរ៉ាឌីកាល់សេរីបានយ៉ាងលឿនទៀតផង។ ក្រៅពីនោះ វាមានផ្ទុកនៅវីតាមីន C ដែលជួយប្រឆាំងជាមួយការឡើងអាចម៍រុយ ឬស្នាមខ្មៅនៅលើស្បែកខ្លួនរបស់អ្នកបានទៀតផង។
2. ផ្ដល់សំណើមដល់ស្បែក បំបាត់សភាពស្បែកស្ងួត
គុណប្រយោជន៍របស់ផ្លែស្រកានាគមួយទៀតគឺ បំបាត់សភាពស្បែកស្ងួត និងផ្ដល់សំណើមឱ្យស្បែកពេល24ម៉ោង ព្រោះថា ផ្លែឈើមួយប្រភេទនេះ មានបរិមាណទឹកច្រើនរហូតដល់ទៅ90% ទើបវាបានជួយផ្ដល់ជាតិទឹកដល់រាងកាយ និងស្បែកបានយ៉ាងច្រើនបំផុត។ ដូច្នេះអ្នកគួរតែពិសាទឹកផ្លែស្រកានាគក្រឡុកមួយកែវជារៀងរាល់ព្រឹក ដើម្បីការពារកុំឱ្យស្បែកស្ងួត។
3. ការពារមិនឱ្យស្បែកជ្រីវជ្រួយ និងឡើងអាចម៍រុយ
ដូចបានជម្រាបជូនខាងលើមកថា ផ្លែស្រកានាគសម្បូរទៅដោយវីតាមីន c ច្រើនក្នុងសាច់របស់វា។ វាមានគុណប្រយោជន៍ជួយការពារស្បែកមិនឱ្យជ្រីវជ្រួញ មិនឱ្យស្បែកឡើងអាចម៍រុយ មិនឱ្យឡើងមុនមុខ និងខ្នងជាដើម។ គេអាចយកផ្លែស្រកានាគ ធ្វើម៉ាសសម្រាប់បិទមុខ និងខាត់ស្បែកក៏បានដែរ។ មិនតែប៉ុណ្ណោះ ស្នាមក្រហម ជាំ ឬខ្លោចដោយសារតែកម្តៅថ្ងៃពិតជាអាចបានធូរស្រាល ដោយសារតែផ្លែស្រកានាគក៏មានផ្ទុកនូវវីតាមីន E និងសារធាតុសំខាន់ៗដទៃជាច្រើនទៀត។ ជាពិសេស គឺអាចការពារស្បែកពីកម្តៅថ្ងៃ UVនិងការប៉ះពាល់ដល់ស្បែកផ្សេងៗផងដែរ។
4. ថែរក្សាស្បែកឱ្យក្មេងជាងវ័យ
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មមិនត្រឹមតែជំនួយដល់ស្បែក និងជួយឱ្យលំហូរឈាមដើរស្រួលហើយ វាថែមទាំងជួយប្រឆាំង និងការពារភាពចាស់ជ្រីវជ្រួញផងដែរ។ ជាពិសេសធ្វើឱ្យស្បែកមុខតឹងណែន ក្មេងខ្ចីជាងវ័យ ព្រមទាំងបង្ការស្បែកយារធ្លាក់ជាដើម។
5. ការធ្វើម៉ាសផ្លែស្រកានាគម៉ាស្សាមុខ
*ជាដំបូងអ្នកត្រូវបកសម្បកផ្លែស្រកានាគចេញ ហើយយកសាច់ផ្លែស្រកានាគក្នុងបរិមាណសមល្មមកិន ឬក្រឡុកឱ្យម៉ដ្ឋស្មើសាច់ល្អ។
**បន្ទាប់មកយកដុំសំឡីមកជ្រលក់ល្បាយផ្លែស្រកានាគនេះជូតលាបលើផ្ទៃមុខ និងបរិវេណស្បែក-ក ទុកចោលរយៈពេល20នាទី។
***ជាចុងក្រោយអ្នកត្រូវលុបលាងមុខនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
អ្នកអាចអនុវត្តវិធីមួយនេះឱ្យបាន2ទៅ3ដង ក្នុងមួយសប្តាហ៍ ដើម្បីទទួលបាននូវលទ្ធផលល្អចំពោះស្បែករបស់អ្នក៕