លោក នូ សុផេន ដែលត្រូវគេស្គាល់ថាជាអ្នកផលិតកម្មវប្បធម៌ប្រចាំនៅទូរទស្សន៍អប្សរា លោកបានបង្ហោះអោយដឹងពីមោទនភាពរបស់ខ្មែរគួរឱ្យសរសើរនៅលើទឹកដីប្រទេសជប៉ុន ជុំវិញការបង្អួតវប្បធម៌របស់ខ្មែរនៅក្នុងប្រទេសដីកោះដ៍ល្បីមួយនោះ។ នេះជាការបង្ហាញខ្លួនរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ Cambodian Week ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន ក្នុងនាមដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ។
តាមរយៈហ្វេសប៊ុករបស់លោក នូ សុផេន បានបញ្ជាក់ដូច្នោះថា «ពិតជាមានមោទនភាពបំផុត នៅពេលដែលទង់ជាតិ ភ្លេងជាតិ និងប្រាង្គប្រាសាទអង្គរ រួមទាំង សិល្បៈ វប្បធម៌ ប្រពៃណី ត្រូវបានដាក់តាំងបង្ហាញ និងសម្តែងជូនមហាជនជាច្រើនពាន់នាក់ទស្សនានៅចំកណ្តាលកំពូលភ្នំដែលមានអាគាដ៏ស្គឹមស្គៃនៃសាកលវិទ្យាល័យអាស៉ីប៉ាស៉ីហ្វិក APU មាននិស្សិតមកពីជាងមួយរយប្រទេសចូលរួម និងយុវសិល្បករចម្រុះជាតិសាសន៍ សម្តែងទម្រង់សិល្បៈខ្មែរ រួមជាមួយសម្លេងទៈដៃកងរំពងជាការគាំទ្រ រំភើបស្ទើរស្រក់ទឹកភ្នែក ពិតជាគួអោយកោតសរសើរប្អូនៗនិស្សិតខ្មែរដែលរៀននៅទីនេះ ដែលមានគ្នាចំនួន8នាក់បានសាមគ្គីព្យាយាមពុះពាគ្រប់ឧបស័គ្គដើម្បីរួមសហការរៀបចំព្រឹត្តិការដ៏អស្ចារ្យមួយនេះ»។
លោកបន្ដថាសប្បាយចិត្តណាស់ ដែលសំលៀកបំពាក់បុរាណខ្មែរ របាំខ្មែរ និងអត្តសញ្ញាណខ្មែរត្រូវបានបង្អួតខ្លួនយ៉ាងសង្ហានៅលើទឹកដីជប៉ុន ខណៈដែលព្រឹត្តិការណ៍នេះ លោកថាដ្បិតថាបាននឿយហត់ក្នុងការសម្រិតសម្រាំងសំលៀកបំពាក់ជួយដល់និស្សិតដែលត្រូវបានអញ្ជើញទៅ ដើម្បីឱ្យបង្ហាញទម្រង់សិល្បៈរបស់ខ្មែរដោយសុខចិត្តលះបង់ការងារក្នុងស្រុក ប៉ុន្តែលោកលោកថាពេញចិត្ត ជាពិសេសក្នុងពេលនិស្សិតតំណាងកម្ពុជាទាំងនោះ សុទ្ធតែមានឆន្ទៈសម្ដែងរបាំ ច្រៀង និងសម្ដែងឈុតបុរាណ ដោយការតាំងចិត្តខ្ពស់៕