ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ2020 នឹងចាប់ផ្តើមនៅចន្លោះម៉ោង5:30 និងម៉ោង 6ព្រឹក នេះបើយោងតាមការប្រកាសរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះកាលពីថ្ងៃពុធ ក្រោយពីក្រុមមន្ត្រីជំនាញបានលើកឡើងពីកង្វល់ផ្សេងៗ ជុំវិញសុខភាពរបស់អ្នកចូលរួមប្រកួត និងអ្នកគាំទ្រ អំឡុងពេលការឡើងកម្តៅដ៏ក្តៅក្នុងទីក្រុងនេះ។
គណៈកម្មាធិការសុខភិបាលដែលជាមន្ត្រីជំនាញ បានស្នើឱ្យចាប់ផ្តើមការប្រកួត «នៅចន្លោះម៉ោង5:30ព្រឹក និងម៉ោង6ព្រឹក»។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់អូឡាំពិកលោក John Coates ក្រោយពីមានកិច្ចប្រជុំជាបន្តបន្ទាប់ ក្នុងរដ្ឋធានីរបស់ជប៉ុន។
គណៈកម្មការរៀបចំការប្រកួត បានផ្លាស់ប្តូរម៉ោងប្រកួតរត់ម៉ារ៉ាតុង ទៅកាន់ម៉ោង 7ព្រឹករួចជាស្រេច ខណៈដែលក្រុមការងារសុខាភិបាល បានព្រមានថា វិញ្ញាសានេះ អាចនឹងនាំឱ្យមានការស្លាប់មនុស្ស ដោយសារតែធាតុអាកាសក្ដៅខ្លាំងពេក។
គណៈកម្មការរៀបចំកីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ2020 នៅតែត្រូវយល់ព្រមជាមួយនឹងសមាគមអន្តរជាតិនៃសហព័ន្ធកីឡាអត្តពលកម្មជាមុនសិន មុនពេលដោះស្រាយក្នុងពេលជាក់ស្តែង។ នេះបើយោងទៅតាមលោក Coates ដែលជាប្រធានក្រុមប្រឹក្សាសម្របសម្រួលរបស់អូឡាំពិក។
ការប្រកួតកីឡា Rugby Seven ក៏នឹងចាប់ផ្តើមក្នុងរយៈពេល 90នាទី មុនផែនការផងដែរ ហើយការប្រណាំងកង់ឡើងភ្នំ នឹងចាប់ផ្តើមក្នុងរយៈពេល 1ម៉ោងមុន ដើម្បីចៀសវាងពីកម្តៅដ៏ក្តៅពីព្រះអាទិត្យ។ ការប្រកួតដើរចម្ងាយ 50គីឡូម៉ែត្រ ក៏នឹងដាក់ឱ្យដំណើរការផងដែរ។
ទីក្រុងរបស់ជប៉ុន បានឡើងកម្តៅយ៉ាងខ្លាំងជាបន្តបន្ទាប់នៅរដូវក្តៅនេះ ខណៈដែលជប៉ុន ក៏បានរងបញ្ហាដោយសារតែខ្យល់ព្យុះជាបន្តបន្ទាប់ ដែលបានបណ្តាលឱ្យមានការស្លាប់មនុស្ស ការខូចខាតទ្រព្យសម្បត្តិ និងការពន្យារពេលផងដែរ៕
ប្រភពពី៖ Channel News Asia