តើអ្វីៗគ្រប់យ៉ាងរវាងយើងទាំងពីរនាក់ត្រូវបានបញ្ចប់អស់ហើយមែនទេ…? អស់រយៈពេលជាច្រើនឆ្នាំ នឹងការស្រលាញ់មួយយ៉ាងពិតប្រាកដ ដែលយើងបានសាងរួមគ្នា…គ្រប់ពាក្យដែលយើងបានសន្យា…វាលែងមានន័យទៀតហើយមែនទេ…? យើងបែកគ្នាហើយមែនទេ…? ពាក្យប៉ុន្មានឃ្លានេះ គឺជាអារម្មណ៍ដែលបានលាតត្រាដាងតាមរយៈបទចម្រៀងនិពន្ធរបស់លោក ចំរ៉ុង ហ្ស៉ានុ តារាចម្រៀងថ្មីសំឡេងធ្ងន់មិនធម្មតា។
ហាក់បីដូចជាបោះជំហាននៅក្នុងវិថីសិល្បៈមិនទាន់បានវែងឆ្ងាយពិតមែន តែតារាចម្រៀងនៅលើបណ្ដាញសង្គមរូបនេះទទួលបានការគាំទ្រមិនចាញ់តារាឡើងឆាកប៉ុន្មាននោះទេ ពោលគឺ ចេញបទចម្រៀងភ្លាម គេស្គាល់ភ្លែតតែម្ដង។ តារាប្រុសរូបនេះបានព្យាយាមរិះរកអ្វីដែលថ្មីប្លែកសម្រាប់ចាប់យកអារម្មណ៍មហាជនឱ្យកាន់តែស្គាល់រូបលោកខ្លាំងឡើងៗ ទាំងការតុបតែងខ្លួន និងប្ដូរស្តាយល៍ច្រៀងបែបយុវវ័យ ជាពិសេស គឺស្តាយល៍ស្រែកបែបសំឡែងខ្ពស់ ដែលលោកធ្លាប់បានបង្ហាញ។
គួរឱ្យភ្ញាក់ផ្អើលដែលអ្នកគាំទ្រកំពុងបានឃើញក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបនោះ គឺបទចម្រៀង «យើងបែកគ្នាហើយមែនទេ ?» និងបទ «យប់ជ្រៅហើយអូន» ដែលជាស្តាយល៍ច្រៀងដ៏ថ្មីសន្លាងរបស់លោក ចំរ៉ុង ហ្ស៉ានុ ដែលធ្វើឱ្យមហាជនមិននឹកសរសើរពីស្តាយលបញ្ចេញតុងសំឡេងច្រៀងបែបទាក់ចិត្តយុវវ័យ ចំពោះទឹកដមសំឡេង និងបច្ចេកទេសច្រៀងរបស់លោកក្នុងបទចម្រៀងទាំងនេះមូលមិនធម្មតាបាន។
តារាចម្រៀងប្រុសរូបនេះបានប្រាប់សារព័ត៌មានឡារ៉ែនថា ដើម្បីផលិតបានមួយបទៗ លោកបានលះបង់និងតស៊ូទាញចំណូលការបើកហាងតែគុចតូចមួយនៅចោមចៅ ហើយយកថវិកាមកផលិតចម្រៀង original song ដោយខ្លួនឯង តែជាអកុសលនៅមិនទាន់ទទួលបានឱកាសបញ្ចេញទឹកដមសំឡេងតាមរយៈឆាកតន្រ្តីទូរទស្សន៍បន្ថែមទៀត។ លោកមានការសំណូមពរដល់អ្នកដឹកនាំកម្មវិធីផ្ដល់ឱកាសឱ្យលោកបានឡើងបង្ហាញសមត្ថភាព និងដុងស្រឡាញ់សិល្បៈមួយនេះ ដើម្បីបានបំពេញអារម្មណ៍កម្សាន្ដរបស់មហាជនផងដែរ៕