នៅកៀកបំណាច់ខែធ្នូខាងមុខនេះ បណ្ឌិតព្យាណូល្បីល្បាញប្រចាំកម្ពុជា លោក សូ ស្រណោះ នឹងបញ្ជូនកូនសិស្សរបស់ខ្លួនប្រមាណជាង30នាក់ឱ្យចេញទៅប្រកួតតន្ត្រីជាអន្តរជាតិនៅក្នុងប្រទេសវៀតណាមជាថ្មីទៀតហើយ ដែលព្រឹត្តិការណ៍នេះកម្ពុជាធ្លាប់បានបញ្ជូនសិស្សទៅប្រកួត2ដងរួចមកហើយ ដោយគ្រាន់តែការត្រៀមចេញលើកនេះ គឺនឹងមានការរៀបចំបែបផែនច្បាស់លាស់ជាងមុន។ ក្នុងនោះលោកថែមទាំងរំពឹងថា កូនសិស្សដែលនឹងចេញទៅ នឹងជួយឱ្យកម្ពុជាដណ្ដើមបានពានមាស និងជើងឯកប្រចាំកម្ពុជាក្នុងតួលេខខ្ពស់នោះផង។
លោក សូ ស្រណោះ ដោយសារតែកម្ពុជាទទួលបានសិទ្ធិចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតតន្រ្តីអាស៊ានបូកកូរ៉េ នៅថ្ងៃទី19 និង20 ខែធ្នូ នោះ ទើបលោកចំណាយពេលបង្វឹកសិស្សយ៉ាងយកចិត្តទុកដល់សិស្សៗចំនួន38នាក់ លើវិញ្ញាសារចំនួន4 ដែលមានឈ្មោះត្រូវចេញប្រកួត ដោយវិញ្ញាសារ2គឺតន្ត្រី និងព្យាណូ លោកហាក់ជឿជាក់យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់កូនសិស្ស ថានឹងអាចដណ្ដើមបានពានជើងឯកក្រោយបញ្ចប់ការប្រកួត។ លោកថា ការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហូជីមីង ដោយក្រុមកម្ពុជាត្រូវចេញដំណើរទៅនៅថ្ងៃទី18 និងត្រលប់មកវិញនៅថ្ងៃទី21 ខែធ្នូ ដែលតម្រូវឱ្យលោក និងគ្រូបង្វឹកផ្សេងទៀតត្រូវតែបង្វឹកបង្កើនសមត្ថភាពរបស់សិស្សឱ្យបានរឹងមាំជាងមុនចាប់ពីថ្ងៃទី2 ខែធ្នូ តទៅ មុនចេញទៅប្រកួតនៅវៀតណាម។
លោកថា កូនសិស្សរបស់សាលាស្រណោះតន្ត្រី មិនមែនចេញទៅប្រកួតនៅក្រៅប្រទេសនៅក្នុងស្ថានភាពមិនច្បាស់លាស់ដូចមុនទៀតទេ គឺទៅក្នុងភាពម៉ត់ចត់ និងច្បាស់លាស់ ទើបលោករំពឹងជាងមុនថាវត្តមានរបស់តំណាងកម្ពុជាលើកនេះ គឺនឹងបានលទ្ធផលល្អជាងមុនដាច់ឆ្ងាយលើសមុន បើទោះជាកាលទៅប្រលងនៅក្នុងប្រទេសសិង្ហបុរីកាលមុន ក្រុមរបស់លោកទទួលបានពានមាសច្រើន។ ក្នុងនោះលោកក៏ត្រូវបានគេផ្ដល់សិទ្ធិឱ្យធ្វើជាគណកម្មការដាក់ពិន្ទុផងដែរ ដោយគ្រាន់តែមិនអនុញ្ញាតិឱ្យដាក់ពិន្ទុឱ្យបេក្ខភាពកម្ពុជា។
លោក សូ ស្រណោះ បញ្ជាក់ថា សម្រាបប់ការចេញទៅប្រលងរបស់កូនសិស្សលោកលើកនេះ ក៏មិនខុសមុនដែរគឺនឹងមានការបង្ហាញអត្តសញ្ញាខ្មែរដោយការច្រៀងបទចម្រៀងជាតិរួមគ្នា និងតម្រូវឱ្យសិស្សរបស់លោកស្លៀកឈុតហូលផាមួង និងក្រម៉ាខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ លើឆាកអន្តរជាតិ៕