ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឱ្យឃើញពីការប្រឈម និងឱកាសក្នុងការបង្កើនទំនាក់ទំនងតាមផ្លូវអាកាសដែលត្រូវបានគេរំពឹងថានឹងផ្តល់នូវការយល់ដឹង និងបង្ហាញអំពីប្រសិទ្ធភាពខ្លាំងបំផុតនៃការតភ្ជាប់បណ្តាញផ្លូវអាកាសរវាងប្រទេស4 រួមមាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងចិន។
ការសិក្សានេះជាការរៀបចំឡើងក្នុងកម្រិតថ្នាក់តំបន់មេគង្គ-ឡានឆាង ដែលជាកិច្ចសហប្រតិបត្តិការក្នុងវិស័យតភ្ជាប់ផ្លូវអាកាស ដែលកន្លងមកពុំទាន់មានការផ្តល់ព័ត៌មានជាក់លាក់ ស្តីអំពីជើងហោះហើរ ការធ្វើទំនើបកម្មនៃអាកាសយានដ្ឋាន បទពិសោធឧស្សាហកម្មអាកាសចរណ៍នៃប្រទេសនីមួយៗនៅឡើយថា តើមានការរីកចម្រើនដល់កម្រិតណាហើយក្នុងពេលបច្ចុប្បន្ន?។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជាបានថ្លែងថា៖ “គម្រោងនេះនឹងផ្តល់នូវមូលដ្ឋានចំណេះដឹង ដែលត្រូវការដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងចិន វានឹងជួយបង្កើនស្តង់ដារនៃគុណភាពនៅក្នុងឧស្សាហកម្មអាកាសចរណ៍ក៏ដូចជានៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ ដូចជាវិស័យទេសចរណ៍ជាដើមដែរ”។
ឯកឧត្តមបានមានប្រសាសន៍ថា ការសិក្សានេះនឹងជួយឱ្យអ្នកស្ថិតក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍ យល់ដឹងពីផលប៉ះពាល់ដែលការតភ្ជាប់តាមផ្លូវអាកាសដែលល្អប្រសើរនៅក្នុងតំបន់នឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ក៏ដូចជាផ្តល់នូវការយល់ដឹងដ៏សំខាន់ អំពីរបៀបដើម្បីលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍ឱ្យបង្កើតផ្លូវហោះហើរថ្មីដែលតភ្ជាប់ប្រទេសនីមួយ។ ឯកឧត្តមបានបន្ថែមទៀតថា ការសិក្សានេះនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំក្រោយ និងអាចផ្តល់ព័ត៌មានសំខាន់ៗជាច្រើនស្តីពីរបៀបដើម្បីឱ្យក្រុមហ៊ុន និងរដ្ឋាភិបាលបង្កើនការវិនិយោគនៅក្នុងឧស្សាហកម្មអាកាសចរណ៍។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា ការសិក្សានេះនឹងពិនិត្យមើលទៅលើបញ្ហាជាច្រើន ដែលរួមបញ្ចូលទាំងឧបសគ្គចម្បងនៃការតភ្ជាប់ផ្លូវអាកាសនៅក្នុងប្រទេសនីមួយ(កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសចិន)និងសមត្ថភាពបច្ចុប្បន្នរបស់ព្រលានយន្តហោះរបស់ប្រទេសនីមួយៗផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ “យើងចង់ស្វែងយល់ និងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមកថា តើការតភ្ជាប់របស់យើងប្រើអស់លទ្ធភាពហើយឬនៅ? ទី1-ចង់ដឹងថា តើប្រទេសទាំងនោះគាត់មានទស្សនវិស័យ និងយុទ្ធសាស្ត្រក្នុងការតភ្ជាប់យ៉ាងម៉េច? ទី2-តើសមត្ថភាពនៃ Airport Airspace របស់គាត់អាចទទួលយកកំណើននឹងបានឬទេ? ហើយនៅពេលបញ្ចប់ តើប្រទេសទាំង4នឹងប្រើការរកឃើញនេះដើម្បីបង្កើតយុទ្ធសាស្ត្រថា តើប្រទេសរបស់គាត់មានយុទ្ធសាស្ត្រយ៉ាងម៉េច? គាត់ទទួលយកឱកាស និងអ្វីជាបញ្ហាប្រឈម ឬអ្វីជាកាលានុវត្តភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់តាមផ្លូវអាកាសរវាងប្រទេសទាំង4នេះ?”។
ជាមួយគ្នានេះដែរ ឯកឧត្តម ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា ការតភ្ជាប់ផ្លូវអាកាសកាន់តែល្អប្រសើរនឹងជួយបង្កើនចំនួនភ្ញៀវទេសចរដែលនឹងជួយដល់កំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ ការដឹកជញ្ជូន និងបង្កើតការងារ ព្រោះថា ការតភ្ជាប់តាមផ្លូវអាកាសដែលកំពុងដំណើរការនៅក្នុងតំបន់ គឺមិនទាន់គ្រប់គ្រាន់ទេ ដោយលោកបានបន្ថែមថា គម្រោងនេះមានសក្តានុពលក្នុងការកែលម្អស្ថានភាព។
ឯកឧត្តមបញ្ជាក់ថា៖ “ដូច្នេះក៏ត្រូវតែមើលដែរទៅលើបទប្បញ្ញត្តិនៃច្បាប់ថា តើមានបញ្ហាទេ សម្រាប់ការបង្កើនទំនាក់ទំនងនៃការតភ្ជាប់នេះ? បញ្ហាចម្បងសម្រាប់យើង គឺថាការតភ្ជាប់តាមផ្លូវអាកាសជាមួយប្រទេសឡាវ ចិន និងមីយ៉ាន់ម៉ាមានកម្រិតខ្លាំងមួយដែលខ្ញុំជឿជាក់ថា ការសិក្សានេះនឹងជួយធ្វើឱ្យការតភ្ជាប់តាមផ្លូវអាកាសរវាងប្រទេសទាំង4 កាន់តែល្អប្រសើរឡើង”។ ការតភ្ជាប់តាមផ្លូវអាកាសនេះនឹងជួយជំរុញការតភ្ជាប់វិស័យទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបង្កលក្ខណៈងាយស្រួលដល់ការតភ្ជាប់នៃវិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។
ឯកឧត្ដមក៏បានឱ្យដឹងទៀតដែរថា ក្នុងឱកាសនៃការបង្កើនទំនាក់ទំនងតាមផ្លូវអាកាសនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់នូវប្រសិទ្ធភាពខ្ពស់បំផុតក្នុងការតភ្ជាប់បណ្តាញផ្លូវអាកាសរវាងប្រទេសទាំង4 ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិទាំង3 របស់ប្រទេសកម្ពុជារួមមាន ព្រលានយន្តហោះខេ្តព្រះសីហនុ សៀមរាប និងភ្នំពេញក៏កំពុងទទួលបានអ្នកដំណើរដែលគិតជាមធ្យមបានកើនឡើងប្រមាណ21%ក្នុងអំឡុងពេល 9ខែនៃឆ្នាំ2018 បើធៀបនឹងឆ្នាំ2017។
បច្ចុប្បន្ន កម្ពុជាមានជើងហោះហើរត្រង់ចំនួន 28ជើងដែលភ្ជាប់ទីក្រុងភ្នំពេញជាមួយទិសដៅទូទាំងប្រទេសចិន ដោយជើងហោះហើរ 16ក្នុងចំណោមជើងហោះហើរទាំងនេះចាកចេញពីខេត្តសៀមរាប ខណៈដែលជើងហោះហើរផ្សេងទៀតបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕