ក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូក្រុមហ៊ុនថៃ ដែលផ្តោតសំខាន់ទៅលើការបង្កើតរោងចក្រផលិតទឹកស្អាត និងលក់ដុំបន្តទៅអ្នកចែកចាយផ្ទាល់ទៅដល់ផ្ទះប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ឋ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបញ្ជាក់ថា នៅត្រឹមឆ្នាំ 2025 ពលរដ្ឋរស់នៅតាមទីប្រជុំជនទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់100%។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គោលនយោបាយទឹកស្អាតរបស់រដ្ឋាភិបាល បានឈរលើគោលការណ៍ 4 យ៉ាងគឺ ទឹកមានគុណភាព-សុវត្ថិភាព-និរន្តរភាព-និងតម្លៃសមរម្យ គឺក្នុងគោលដៅលើកកម្ពស់សុខមាលភាព និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំទីតាំងមួយចំនួនសម្រាប់ឲ្យតំណាងក្រុមហ៊ុនថៃពិនិត្យលទ្ធភាពវិនិយោគលើវិស័យនេះដែរ ដែលមានដូចជា៖ នៅខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ជាដើម ប៉ុន្តែទីតាំងដែលមានសក្តានុពលគឺតំបន់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម ដែលអាចយកប្រភពទឹកដ៏ច្រើនបានពីទន្លេ វ៉ៃកូ ខេត្តស្វាយរៀង ។
ចំណែកតំណាងក្រុមហ៊ុនថៃ បានសម្តែងនូវការរីករាយចំពោះអនុសាសន៍ និងការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលជាមូលដ្ឋានក្នុងការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា៕