Skip to content

ខ្លាធំពីរនៅហង្សមាសចាប់ដៃគ្នាបើកជំនួញខ្ទង់លានដុល្លារ

ពិតជាធ្វើឱ្យមហាជនមានភាពភ្ញាក់ផ្អើលខ្លាំង ខណៈដែលខ្លាធំពីរនៅកំពូលភ្នំហង្សមាស ចំណាយទុនខ្ទង់លានដុល្លារបើកជំនួញរួមគ្នាដោយភាពជឿជាក់។

បើតាមការបង្ហោះរបស់ទំព័រផេចផ្លូវការបុរីឡេងណាវ៉ាត់ត្រា បានឱ្យដឹងថា លោកព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត ក្រោយពីទទួលបានជោគជ័យក្នុងគម្រោងដីធ្លីពុះលក់រៀងខ្លួន អ្នកទាំងពីរបានសម្រេចចិត្តបោះទុនរួមគ្នាតែមួយជាមួយក្រុមហ៊ុនឡេងណាវ៉ាត់ត្រាតែម្ដង ដោយគម្រោងថ្មីនេះ គឺធំជាងគម្រោងមុនៗទ្វេរដង ហើយសម្រាប់ដើមទុនក៏មិនតិចជាង20លានដុល្លារ។ កំពូលតារាចម្រៀងទាំងពីរដួងនេះ មិនត្រឹមតែបើកគម្រោងថ្មីពុះលក់ដីឡូតិ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាយទុនសង់វីឡាដាក់លក់ ដែលនេះគឺជាគម្រោងមហាសេដ្ឋី និងមិនធ្លាប់មានសម្រាប់តារាចម្រៀងនៅក្នុងពិភពសិល្បៈ។

លោក ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា លោក ព្រាប សុវត្ថិ និង លោកខេមរៈ សិរីមន្ត ពិតជាចំណាយទុនបើកគម្រោងរកស៊ីចូលគ្នាពិតមែន ដោយគម្រោងថ្មីនេះ គឺមិនមានរវាងលោក និង លោកព្រាប សុវត្ថិ ឬរវាងលោក និងលោក ខេមរៈ សិរីមន្ត ដាច់គ្នាដូចមុននោះទេ ប៉ុន្តែគឺជាគម្រោងបោះទុនរួមគ្នាទាំំង៣បញ្ចូលគ្នាតែម្ដង ដើម្បីឱ្យបានដើមទុនច្រើន ហើយឈានទៅសង់វីឡាដាក់លក់នោះផង។ លោកប្រកាសថា គម្រោងលោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត រួមគ្នានោះ ស្ថិតនៅម្ដុំព្រៃទទឹងលើផ្លូវជាតិលេខ3ក្បែរៗគម្រោងចាស់ ប៉ុន្តែជាគម្រោងសង់វីឡា និងពុះឡូតិ៍រួមគ្នា ដោយគ្រាន់តែដើមទុនគឺយ៉ាងហោចក៏20លានដុល្លារ ដោយមិនទាន់បញ្ចូលការចំណាយលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងចំណាយបន្ទាប់បន្សំដែលមើលមិនឃើញនោះផង។ អ្វីដែលសំខាន់គឺគម្រោងធំនេះ មានដីរហូតដល់ជាង50ហិកតា ហើយប្រើទុនខ្ពស់ ដែលលោកបានហៅការចូលហ៊ុនរបស់លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ជាមួយនឹងលោករួមគ្នាជាបីហ៊ុននាពេលនេះថា ជាការជួយដំណើរការបើកជំនួញដីធ្លីរបស់លោកដើរលឿន។

គួរជម្រាបបន្ថែមថា នៅមិនទាន់ដឹងច្បាស់រវាងខ្លាធំទាំងពីរនេះ បោះទុនក្នុងម្នាក់ប៉ុន្មានលានដុល្លារនោះទេ ប៉ុន្តែអ្វីដែលលោកឡេង ណាវ៉ាត់ត្រា បានទម្លាយ គឺបញ្ជាក់យ៉ាងច្បាស់ថា កំពូលតារាចម្រៀងទាំងពីរមិនបានកាច់កុងគ្នាដូចអ្វីដែលមានការយល់ច្រលំនោះទេ។ ផ្ទុយទៅវិញ បើទោះជាមើលមួយភ្លែតគឺអ្នកទាំងពីរប្រកួតប្រជែងគ្នាដណ្ដើមប្រជាប្រិយភាព និងទីផ្សារសិល្បៈ តែសម្រាប់ទំនាក់ទំនងខាងក្រៅសិល្បៈ គឺអ្នកទាំងពីរជាដៃគូជំនួញយល់ចិត្តគ្នា ទើបឈានដល់ការបោះទុនម្នាក់ៗមិនតិចជាងលានដុល្លារ ជាមួយនឹងលោក ឡេង ណាវ៉ាត់ត្រា បើកគម្រោងពុះឡូតិ៍រួមគ្នា និងមានសង់វីឡាលក់ផង ដែលនេះគឺជាជំនួញមិនធម្មតា៕

Leave a Reply

Your email address will not be published. Required fields are marked *